ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​វៀតណាម​អាច​ងើប​ឡើង​មួយកម្រិត នៅ​ពេល​ចំនួន​អ្នក​ឆ្លង​ជំងឺ Covid-19 នៅ​ទាប​នៅ​ឡើយ


អ្នកជំនាញ​វេជ្ជសាស្រ្ត​ស្លៀកពាក់​សម្លៀក​បំពាក់​ការពារ​ នៅ​មជ្ឈមណ្ឌល​ធ្វើតេស្ត​រកមេរោគ​ជំងឺ COVID-19​ ក្នុងរដ្ឋធានី​ហាណូយ​ (រូបថតថ្ងៃ​ទី៣១ ខែមីនា​ ឆ្នាំ២០២០​)។ REUTERS/Kham
អ្នកជំនាញ​វេជ្ជសាស្រ្ត​ស្លៀកពាក់​សម្លៀក​បំពាក់​ការពារ​ នៅ​មជ្ឈមណ្ឌល​ធ្វើតេស្ត​រកមេរោគ​ជំងឺ COVID-19​ ក្នុងរដ្ឋធានី​ហាណូយ​ (រូបថតថ្ងៃ​ទី៣១ ខែមីនា​ ឆ្នាំ២០២០​)។ REUTERS/Kham

អាជ្ញាធរ​វៀតណាម​កំពុង​ត្រៀម​គម្រោង​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​មួយ​ចំនួន ខណៈ​ពេល​ដែល​ចំនួន​អ្នក​ឆ្លងជំងឺ Covid-19 នៅ​ទាប​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​នេះ។ បើ​ទោះបីជា​វៀតណាម​មាន​ព្រំប្រទល់ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ខ្លាំង​ជាមួយ​ប្រទេស​ចិន​ក៏​ដោយ គេ​ឃើញ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ Covid-19 នេះ​នៅ​ទូទាំង​ប្រទេស​វៀតណាម​មាន​ត្រឹមតែ ២៤១នាក់​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ៥ ខែ​មេសា។

ទោះបីជា​វៀតណាម​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​តាម​ច្រក​ព្រំដែន​ក៏​ដោយ ក៏​រដ្ឋាភិបាល​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​គម្រោង​លើកទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​នានា រួម​ទាំង​រោងចក្រ​ផលិតកម្ម​នាំ​ចេញ​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។ សេដ្ឋកិច្ច​វៀតណាម​រីក​ចម្រើន​ប្រហែល ៦ភាគរយ​ក្នុង​មួយ​ឆ្នាំ​តាំង​ពី​ឆ្នាំ២០១២​ មក។

លោក Mike Lynch នាយក​គ្រប់គ្រង​ក្រុមហ៊ុន SII Institutional Brokerageនៅ​ក្នុង​ទីក្រុង​ហូជីមិញ បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វត្ថុធាតុ​ដើម​បាន​ចាប់ផ្ដើម​នាំ​ចូល​មក​បណ្ដើរៗ​ហើយ ហើយ (រោងចក្រ) ងើប​ឡើង​វិញ​សន្សឹមៗ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​វៀតណាម​ព្រួយ​បារម្ភ​ខ្លាំង​នោះ​គឺ​វិស័យ​ទេសចរណ៍ និង​ការ​ហូរ​ចូល​មក​នូវ​ជន​បរទេស ដូច្នេះ​ហើយ​បាន​ជា​វៀតណាម​រឹត​បន្តឹង​យ៉ាងខ្លាំង​អំពី​ចំណុច​នេះ»។

ដូច​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដទៃ​ទៀត​ដែរ វៀតណាម​បាន​បន្ថយ​អត្រា​ពន្ធ ពន្យារ​ពេល​បង់​ពន្ធ និង​អនុគ្រោះ​ឱ្យ​ពន្យារ​ការ​បង់ពន្ធ​ដី​ធ្លី​ដល់​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​រាត​ត្បាត​ជំងឺ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា​ឈ្មោះ Dezan Shira & Associates នៅ​ក្នុង​ការ​ជូន​ដំណឹង​តាម​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​ទី១៧ ខែមីនា។

ធនាគារ​កណ្តាល​វៀតណាម​បាន​កាត់​អត្រា​គោល​នៃ​ការ​ផ្ដល់​កម្ចី​ជា​ថ្មី​របស់​ខ្លួន ១ភាគរយ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​ដើរ​ឡើងវិញ។

លោក Song Seng Wun សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ធនាគារ​ឯកជន CIMB ក្នុង​ប្រទេស​សិង្ហបុរី បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​អ្វី​ដែល​វៀតណាម​អាច​ធ្វើ​បាន​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​រាត​ត្បាត​នៃ​ជំងឺ​នេះ តាម​រយៈ​ការ​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន។ វា​ជា​ការ​កាត់​បន្ថយ​ដំណើរ​រាំង​ស្ទះ និង​ជួយ​រក្សា​ចំនួន​ការងារ​ធ្វើ»។

ការ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ COVID-19

អាជ្ញាធរ​វៀតណាម ​មាន​ចំណាត់​ការ​ឆ្លើយតប​ទៅ​នឹង​មេរោគ​នេះ​តាំង​ពី​ដំបូង​ភ្លាមៗ​ដោយ​បាន​ហាម​ប្រាម​ការ​ធ្វើដំណើរ​ចូល​ពី​ប្រទេស​ចិន។ អ្នក​ធ្វើ​ដំណើរ​មក​ដល់​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ជា​ទូទៅ​ធ្វើ​តាម​បទ​បញ្ជា​នេះ បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ការ​ជេរ​ប្រមាថ​ក្នុង​បណ្តាញ សង្គម​តាម​អ៊ីនធឺណិត។ នេះ​បើ​យោង​តាម​អ្នក​និពន្ធ ២រូប​នៃ​សាកល​វិទ្យាល័យ University of Economics School of Government ក្នុង​ទីក្រុង​ហូជីមិញ ដែល​បាន​សរសេរ​អត្ថបទ​បង្ហោះ​លើ​វិបសាយ The Diplomat កាល​ពី​ថ្ងៃ​ទី១៧ ខែ​មីនា​កន្លង​ទៅ​នេះ ។

អ្នក​និពន្ធ​ទាំង​ពីរ​ខាង​លើ​បាន​និយាយ​ថា វៀតណាម​បាន​បង្ហាញ​តួលេខ​នៃ​ករណី​ឆ្លង​ជំងឺ​នេះ​ជា​សាធារណៈ​ និង​មិន​បាន​ហាម​ឃាត់​ការ​ពិភាក្សា​ជា​សាធារណៈអំពី​រឿង​នេះ​ទេ ដែល​ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ជៀសវាង​ការ​ជាន់​ដាន​នៃ​ចំណាត់​ការ​របស់​ចិន​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​នេះ។

វៀតណាម​បាន​លុបចោល​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល ៣០ថ្ងៃ​ដល់​ស្ទើរតែ​គ្រប់​ជន​បរទេស​ទាំងអស់​ គិត​ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​មីនា​មក។

ការ​បិទ​ការ​ផ្តល់​ទិដ្ឋាការ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេវា​សណ្ឋាគារ ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន​នៅ​វៀតណាម។ ចំនួន​អ្នក​ទេសចរ​ចូល​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ឡើង​ពី ៥លាន​នាក់ ទៅ ១៥លាន​នាក់ រវាង​ឆ្នាំ២០១០ និង ឆ្នាំ២០១៨ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង។

ពេលនេះ ប្រជាជន​វៀត​ណាម​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​ពេល​ខ្លះ ធ្វើការងារ​ពី​ផ្ទះ​ជាជាង​ចេញ​ទៅ​ធ្វើការ​នៅ​ការិយាល័យ។

នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​វៀតណាម​ប្រកាស​អំពី​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ នៅ​ពេល​នោះ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទំនងជា​ងើប​ឡើង​វិញ ទោះបីជា​គ្មាន​វត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Adam McCarty សេដ្ឋវិទូ​ចម្បង​នៃ​ក្រុមហ៊ុន Mekong Economics ក្នុង​រដ្ឋធានី​ហាណូយ។

លោក McCarty បាន​បន្ថែម​ថា៖ «នៅ​ពេល​ដែល​ស្ថានការណ៍​នេះ​ចូល​មក​ដល់ រដ្ឋាភិបាល​វៀតណាម​នឹង​និយាយ​ថា ភោជនីយ​ដ្ឋាន​អាច​បើក​ដំណើរ​ការ​បាន ហើយ​ប្រជាជន​អាច​ចេញ​ទៅ​ក្រៅ​បាន»។

រោងចក្រ​ដំណើរការ​ធម្មតា​ សម្រាប់​ពេល​បច្ចុប្បន្ន

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​វៀតណាម​មាន​ដំណើរការ​ធម្មតា។

រោងចក្រ​នៅតែ​ដំណើរការ​ធម្មតា​ពឹងផ្អែក​លើកម្លាំង​ការងារ​ក្នុង​ស្រុក ហើយ​ការ​នាំ​ចេញ​បាន​កើន​ឡើង ដោយ​ចាប់​ពី​ថ្ងៃ​ទី១ ខែមករា​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​មីនា បាន​កើន​ចំនួន ៦,៨ភាគរយ​ ធៀប​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ២០១៩។

សេដ្ឋកិច្ច​វៀតណាម​ប្រហែល ៥៥ភាគរយ ដែល​ច្រើន​ជាង​ភាគរយ​ជា​មធ្យម​របស់​ពិភពលោក ពឹងផ្អែក​លើ​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ចាប់​តាំង​ពី​ឆ្នាំ១៩៨៦ រហូត​ដល់​ឆ្នាំ២០១៨៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​


XS
SM
MD
LG