ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ត្រូវ​លើក​កម្ពស់​ភាព​ធន់​នឹង​ទឹក​ជំនន់​បន្ទាប់ពី​តំបន់​មាត់​សមុទ្រ​នៅ​ភាគ​កណ្ដាល​រង​ជំនន់​ធ្ងន់ធ្ងរ


បុរស​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​ផ្លូវ​លិច​ទឹក​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣។
បុរស​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​ផ្លូវ​លិច​ទឹក​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣។

រដូវ​វស្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​លើ​តំបន់​វាល​ទំនាប​ស្ថិត​នៅ​ផ្នែក​កណ្ដាល​នៃ​ប្រទេស ដោយ​បណ្ដាល​ឱ្យ​មាន​ជំនន់​គំហុក ជំនន់​បាក់​ដី ការ​លិចលង់​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង និង​ការ​បំផ្លិចបំផ្លាញ​ផល​ដំណាំ​ជា​ច្រើន។

អ្នក​ជំនាញ​នានា​និយាយ​ថា ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​រដូវ​មូសុង​បាន​ក្លាយទៅជា​រឿង​ធម្មតា​បែប​ថ្មី ខណៈ​ដែល​នគរូបនីយកម្ម​ដ៏​ឆាប់​រហ័ស ទំនប់​វារី​អគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ និង​ប្រព័ន្ធ​លូ​មិន​ល្អ បាន​ធ្វើ​ឱ្យ​ភាព​ងាយ​រងគ្រោះ​របស់​ប្រទេស​វៀតណាម​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត។

តំបន់​នានា​ចាប់​ពី​ភាគ​ខាង​ជើង​រហូត​ដល់​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​បាន​ប្រឈម​នឹង​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​ពេញ​មួយ​ខែ​តុលា ប៉ុន្តែ​តំបន់​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​បំផុត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង Da Nang ដែល​ស្ថិត​នៅ​ជាប់​សមុទ្រ​នៅ​ភាគ​កណ្ដាល​ប្រទេស និង​ខេត្ត Quang Nam និង​ខេត្ត Thua Thien-Hue ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។ កាលពី​ពាក់​កណ្ដាល​ខែ​តុលា អាជ្ញាធរ​វៀតណាម​បាន​កំណត់​ថា​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​ទាំង ៣ នេះ។

មនុស្ស​ជិត ៥.០០០ នាក់ ត្រូវ​បាន​ជម្លៀស​ពី​ទីក្រុង Da Nang ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ៣ របស់​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​តុលា។ នៅ​ថ្ងៃ​នោះ កម្រិត​ទឹក​ជំនន់​បាន​ឡើង​ដល់​កម្ពស់​មួយ​ម៉ែត្រ​កន្លះ​នៅ​តាម​តំបន់​ខ្លះ​នៃ​ទីក្រុង​នេះ។

មន្ត្រី​អប់រំ​នៃ​ទីក្រុង Da Nang បាន​សម្រេច​បិទ​សាលារៀន​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​ដោយសារ​ការ​គំរាមកំហែង​ពី​ទឹក​ជំនន់ ដោយ​តម្រូវ​ឱ្យ​សិស្ស ២៧៦.០០០ នាក់​សម្រាក​នៅ​ផ្ទះ។

ធាតុអាកាស​មាន​ព្យុះ​ភ្លៀង​ក៏​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ផងដែរ។ មនុស្ស ៩ នាក់​បាន​ស្លាប់​ក្នុង​ពេល​មាន​ទឹក​ជំនន់​និង​ការ​បាក់​ដី​កាលពី​ខែ​កញ្ញា។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ជាតិ​អចិន្ត្រៃយ៍​សម្រាប់​ការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ (National Steering Center for Natural Disaster Prevention) របស់​ប្រទេស​វៀតណាម។

កាលពី​ខែ​តុលា មនុស្ស​ម្នាក់​អាយុ ៦១ ឆ្នាំ និង​កុមារ​អាយុ ១៣ ឆ្នាំ​ម្នាក់​ទៀត​នៅ​តំបន់​មាត់​សមុទ្រ​ដែល​រង​ការ​ប៉ះពាល់​ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ស្លាប់​បន្ទាប់​ពី​បាន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។ ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ ៤ នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​ត្រូវ​បាន​កួច​ចូល​ទៅ​ក្នុង​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង Dalat ស្ថិត​នៅ​តំបន់​ខ្ពស់រាប​ភាគ​កណ្ដាល។

បើទោះបី​ជា​មាន​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​ភាព​ធន់​នឹង​ទឹក​ជំនន់​ក៏ដោយ ក៏​កម្មវិធី​ផ្សេងៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ដោះស្រាយ​ទំហំ​នៃ​គ្រោះ​មហន្តរាយ​នេះ​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ២៧ ខែ​តុលា​របស់​លោក Nguyen Hong Quan ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាកល​វិទ្យាល័យ​ជាតិ​វៀតណាម (Vietnam National University) និង​ជា​ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចក្រា (Institute for Circular Economy Development) នៅ​ទីក្រុង​ហូជីមិញ។

លោក​លើកឡើង​ដូច្នេះ​ថា៖ «យុទ្ធសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​គ្រោះ​ទឹក​ជំនន់​បាន​ទេ។ យើង​ត្រូវការ​អ្វីៗ​លើស​ពី​នេះ​ជា​ច្រើន​ទៀត។ វា​ជា​រឿង​ស្មុគស្មាញ​ខ្លាំង​ណាស់ មិន​មែន​ជា​កិច្ចការ​ដែល​ងាយស្រួល​នោះ​ទេ»។

ទំនប់​វារី​អគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ

វៀតណាម​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ប្រទេស​នេះ​មាន​ឆ្នេរ​សមុទ្រ​ប្រវែង ៣.២០០ គីឡូម៉ែត្រ ហើយ​ពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ចំណោម​ប្រជាជន​សរុប ១០០ លាន​នាក់ រស់នៅ​តាម​ទីក្រុង​នានា​ដែល​មាន​សណ្ឋាន​ដី​ជា​វាល​ទំនាប​និង​នៅ​តាម​តំបន់​ដី​សណ្ដ​ទន្លេ។

លោក Vo Quang Tuong ដែល​ជា​គ្រូ​ឯកទេស​ផ្នែក​វារីសាស្ត្រ​នៅ​សាកលវិទ្យាល័យ Ho Chi Minh City Open University បាន​បញ្ជាក់​ប្រាប់ VOA តាម​អ៊ីម៉ែល​ថា៖ «ប្រទេស​វៀតណាម​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ដូចជា​នីវូ​ទឹក​សមុទ្រ​កើនឡើង ការ​ធ្លាក់​ភ្លៀង​ខ្លាំងក្លា និង​នីវូ​ទឹក​សមុទ្រ​កើនឡើង​ខុស​ធម្មតា​ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​ជាដើម»។

កិច្ច​ប្រឹងប្រែង​នានា​របស់​ទីក្រុង Da Nang បាន​បង្ហាញ​អំពី​ការ​តស៊ូ​ពុះពារ​របស់​វៀតណាម​ក្នុង​ការ​បង្កើន​ភាព​ធន់​របស់​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​ការ​ប្រែប្រួល​អាកាសធាតុ ស្រប​ពេល​ដែល​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​កើន​ឡើង។

លោក Brian Eyler ដែល​ជា​ប្រធាន​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក និង​ជា​សហ​ប្រធាន​កម្មវិធី​ឃ្លាំមើល​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ (Mekong Dam Monitor) នៃ​មជ្ឈមណ្ឌល​នេះ បាន​និយាយ​ថា៖ «ទីក្រុង Da Nang នៅ​វៀតណាម​ប្រហែល​ជា​ទីក្រុង​ដែល​មាន​ការ​ចាត់ចែង​បាន​ល្អ​បំផុត​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ទឹក។ ប៉ុន្តែ ទីក្រុង​នេះ​នៅតែ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ដដែល»។

លោក​បាន​បន្ថែម​ថា៖ «ទឹក​ជំនន់​នៅ​ទីនោះ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ដែល​នឹក​ស្មាន​មិន​ដល់»។

ទោះបីជា​ធាតុអាកាស​អាក្រក់​ខ្លាំង​ជ្រុល​គឺ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​កើន​ឡើង​នៅ​តាម​តំបន់​មាត់​សមុទ្រ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ក៏ដោយ ក៏​ទំនប់​វារីអគ្គិសនី​ជា​ច្រើន​ដែល​បាន​សាងសង់​ឡើង​នៅ​ទូទាំង​តំបន់​ជួរ​ភ្នំ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​នៃ​ប្រទេស​នេះ​គឺ​ជា​កត្តា​រួម​ចំណែក​មួយ​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Eyler។

នៅ​ពេល​ខ្យល់​ព្យុះ​ធំៗ​បក់បោក​ចំ​តំបន់​នេះ អាង​ស្តុក​ទឹក​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​អាច​មាន​ទឹក​ពេញ​ប្រៀប​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់។ ដូច្នេះ អាទិភាព​កំពូល​របស់​ប្រតិបត្តិករ​ទំនប់​វារី​អគ្គិសនី​គឺ​ការ​ការពារ​ទំនប់​ទាំង​នេះ​តាម​រយៈ​ការ​បើក​ទ្វារ​បង្ហូរ​ទឹក​ចេញ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​សម្រាប់​ទីក្រុង Da Nang នៅ​ខ្សែ​ទឹក​ខាង​ក្រោម​និង​តំបន់​ជុំវិញ​នោះ។

លោក Eyler និយាយ​ថា៖ «តំបន់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ប្រហែល​ជា​ជន់​លិច​រួច​ទៅ​ហើយ ឬ​អាច​នឹង​ជន់​លិច​នា​ពេល​ឆាប់ៗ​នេះ ហើយ​ការ​បង្ហូរ​ទឹក​ចេញ​ភ្លាមៗ [ពី​អាង​ស្តុក​ទឹក] អាច​ធ្វើ​ស្ថានការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត»។

លោក Eyler បាន​បញ្ជាក់​ថា ទំនប់​វារី​អគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ​ក្នុង​ប្រទេស​ចិន​និង​ឡាវ​ក៏​រួម​ចំណែក​ធ្វើ​ឱ្យ​ស្ថានភាព​ទឹក​ជំនន់​កាន់តែ​អាក្រក់​ឡើង​និង​បណ្ដាល​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​តំបន់​ដី​សណ្ដ​ទន្លេ​ក្រហម​នៅ​ភាគ​ខាង​ជើង​និង​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​ផង​ដែរ។ លោក Eyler ថា​ទំនប់​វារីអគ្គិសនី​ទាំង​នោះ «បណ្ដាល​ឱ្យ​មាន​បញ្ហា​គ្រប់​បែប​យ៉ាង»។

ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង

ទោះបីជា​តំបន់​មាត់​សមុទ្រ​នៅ​ផ្នែក​កណ្ដាល​នៃ​ប្រទេស​វៀតណាម​តែងតែង​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ដោយសារ​ខ្យល់​ព្យុះ​ក៏ដោយ គេ​ឃើញ​ថា​ទឹក​ជំនន់​គឺ​តែងតែ​កើតឡើង​នៅ​ក្នុង​ទីក្រុង​នានា​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។

លោក Tuong ដែល​រស់នៅ​ទីក្រុង​ហូជីមិញ បាន​ថ្លែង​ថា៖ «នគរូបនីយកម្ម​ដ៏​លឿន​នៅ​វៀតណាម​ បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ទីក្រុង​នានា​ដោយ​មិន​បាន​ពិចារណា​ឱ្យ​បាន​ដិតដល់​អំពី​ហានិភ័យ​គ្រោះ​ទឹក​ជំនន់ ដែល​ករណី​នេះ​បណ្ដាល​ឱ្យ​មាន​ទី​ប្រជុំ​ជន​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់»។

ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​កាល​ពី​ថ្ងៃ​ទី ២៨ និង​ទី ២៩ ខែ​កញ្ញា បាន​បណ្ដាល​ឱ្យ​មាន​ការ​បង្អាក់​ធ្ងន់ធ្ងរ​ដល់​ចរាចរណ៍​នៅ​ទូទាំង​ទីក្រុង និង​បាន​ធ្វើ​ឱ្យ​ផ្លូវ​និង​ច្រក​ទាំង​អស់​នៅ​ក្នុង​សង្កាត់ Hoang Mai ដែល​ជា​តំបន់​ទាប​រង​ការ​ជន់​លិច។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម។

ទិដ្ឋភាព​បែបនេះ​ក៏​បាន​កើត​ឡើង​នៅ​ទីក្រុង​ហូជីមិញ​ផងដែរ ដែល​នៅ​ទីនោះ​គម្រោង​ទប់ស្កាត់​គ្រោះ​ទឹក​ជំនន់​ជា​ច្រើន​មាន​ដំណើរការ​យឺត​ជាង​ផែនការ។

គម្រោង​មួយ​ដែល​មាន​ទឹកប្រាក់ ៤២៦ លាន​ដុល្លារ​ដើម្ប​គ្រប់គ្រង​ទឹក​ជំនន់​តាមរយៈ​ការ​សាងសង់​សន្ទះ​ទ្វារ​ទឹក​និង​ទំនប់​ទប់​ទឹក​មាន​ដំណើរការ​យឺតយ៉ាវ​រាប់​ឆ្នាំ​ផុត​កាល​បរិច្ឆេទ​ដែល​រំពឹងទុក​សម្រាប់​ការ​បញ្ចប់​ការ​សាងសង់​នេះ។ គម្រោង​នេះ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៣ ឆ្នាំ។ ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង ដំណើរការ​សាងសង់​គម្រោង​នេះ​បាន​បន្ត​ក្នុង «ល្បឿន​មួយ​យឺត​ដូច​ខ្យង»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន VnExpress។

អ្នក​ជំនាញ​នានា​បាន​ចង្អុល​បង្ហាញ​ថា ការ​គ្រង់គ្រង​កាក​សំណល់ ការ​ស្រុត​ដី និង​ការ​រីក​ដុះដាល​សំណង់​នៅ​ក្នុង​ទីក្រុង​គឺជា​ឧបសគ្គ​បន្ថែម។

លោក Miquel Angel នៃ​ក្រុមប្រឹក្សា​ផ្ដល់​យោបល់​ផ្នែក​ទេសចរណ៍​នៅ​ប្រទេស​វៀតណាម បាន​ប្រាប់ VOA ថា ប្រព័ន្ធ​លូ​ដែល​ស្ទះ «គឺជា​បញ្ហា​ធំ​ជាង​គេ​បំផុត​មួយ​នៅ​វៀតណាម»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រព័ន្ធ​ប្រមូល​សំរាម​នៅតែ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​វិនិយោគ​លើ​កិច្ចការ​នេះ​ទេ។ សំរាម​នៅតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រហោង​លូ បង្ក​ឱ្យ​ស្ទះ​លូ​ទាំង​អស់​ដែល​បង្ហូរ​ទឹក​ទៅ​កាន់​ប្រព័ន្ធ​មេ»។

លោក Quan នៃ​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចក្រា បាន​រៀបរាប់​ថា ការ​បូម​ទឹក​ពី​ក្នុង​ដី​និង​សំណង់​នៅ​តាម​មាត់​ទន្លេ​គឺ​ជា​កត្តា​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​នៅ​តាម​មាត់​ទន្លេ។ លោក​បាន​បន្ត​ថា កង្វះ​លំហ​បៃតង​បណ្ដាល​ឱ្យ​មាន​ផ្ទៃ​ដី​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​ស្រូប​ទឹក​ភ្លៀង​បាន។

លោក Quan ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​ឃើញ​សំណង់​នានា​សុទ្ធតែ​ធ្វើពី​បេតុង។ បញ្ហា​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ទឹក​កាន់តែ​ច្រើន​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ផងដែរ»។

លោក​បាន​បន្ថែម​ថា៖ «ដោយសារ​តែ​សមត្ថភាព​នៃ​ប្រព័ន្ធ​លូ​មាន​កម្រិត រួម​ផ្សំ​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំងក្លា និង​កង្វះ​កន្លែង​សម្រាប់​ទឹក​ជ្រាប​ចូល... ប្រព័ន្ធ​លូ​នេះ​មិន​អាច​ទប់ទល់​ជាមួយ​នឹង​បញ្ហា​ទឹក​ជំនន់​បាន​ទេ»៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG