ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ដាក់​ពន្ធនាគារ​ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​បាន​រត់ពន្ធ​មនុស្ស​ក្នុង​អំឡុងពេល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ ទាហាន​ម្នាក់​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ​អ្នក​ដំណើរ​ម្នាក់​នៅ​កន្លែង​ច្រក​ចូល​តំបន់​រាំង​ខ្ទប់​​បង្ការ​ជំងឺ​កូវីដ១៩​ នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ​២០២១។
រូប​ឯកសារ៖ ទាហាន​ម្នាក់​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ​អ្នក​ដំណើរ​ម្នាក់​នៅ​កន្លែង​ច្រក​ចូល​តំបន់​រាំង​ខ្ទប់​​បង្ការ​ជំងឺ​កូវីដ១៩​ នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ​២០២១។

វៀតណាម​បាន​ដាក់​ពន្ធនាគារបុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង៤នាក់​ ដែល​បាន​រត់​ពន្ធមនុស្សចូល​ក្នុង​ប្រទេស​វៀតណាម​ក្នុង​អំឡុង​ពេលនៃ​ការ​ឆ្លងរាតត្បាត​ជំងឺកូវីដ១៩។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រុម​ប៉ូលិស​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ហើយ​ដែល​ត្រូវ​បានស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

បុរស​ជន​ជាតិ​កូរ៉េខាង​ត្បូង​ឈ្មោះ Lee Kwan Yuong អាយុ​៥៥​ឆ្នាំ​ និងឈ្មោះ Seo Yuong Jin អាយុ៥០​ឆ្នាំ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក១០ឆ្នាំ​ពីបទ​រៀបចំ​ការចូល​ប្រទេស​វៀតណាមដោយ​ខុស​ច្បាប់។ នេះ​បើ​យោង​ទៅ​លើគេហទំព័ររបស់​ប៉ូលិស​វៀតណាម​នៅក្នុង​ទីក្រុង Danang នៅ​ភាគកណ្តាល​វៀតណាម។

ចំណែក​បុរស​ជន​ជាតិ​កូរ៉េខាងត្បូង​ពីរ​រូប​ផ្សេង​ទៀត​ដែល​មា្នក់​មាន​ឈ្មោះ Song Hong Sup ត្រូវ​បានតុលាការក្រុង Danang កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៩ឆ្នាំ ​ហើយ​ម្នាក់​ទៀតឈ្មោះ Kim Chang Gi ត្រូវ​បានកាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន៤ឆ្នាំ​កន្លះ។

វៀតណាម​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ភាគច្រើន​ពី​ពិភពលោក​ក្នុង​ដើមឆ្នាំ២០២០ ​ដើម្បី​ទប់ទល់​នឹង​ការឆ្លងរាតត្បាត​ជំងឺកូវីដ១៩ លើក​លែងតែ​អ្នក​ជំនាញ​បរទេសនិងកម្មករ​ជំនាញ​មួយ​ចំនួន​តូច​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាតប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូលមក​កាន់​ប្រទេសនេះ នៅ​ក្នុង​អំឡុង​ពេល​នោះ។ វៀតណាម​បាន​បើក​ព្រំដែន​របស់ខ្លួន​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០២២ កន្លង​ទៅ។

សារព័ត៌មានរដ្ឋ​វៀតណាម​រាយការណ៍​ថា​ បុរស​ជន​ជាតិ​កូរ៉េខាង​ត្បូង​ទាំង៤នាក់​នេះ​ ​បាន​ប្រើប្រាស់ក្រុមហ៊ុន​របស់​គេ​ដើម្បី​នាំ​ជនជាតិ​កូរ៉េខាង​ត្បូង​ជិត២០០នាក់​ចូល​ក្នុង​ប្រទេស​វៀតណាម​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​កូវីត១៩។

បុរស​និង​ស្ត្រី​ជនជាតិ​វៀតណាម​១៥​នាក់ទៀត​ ក៏​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ផង​ដែរ​ ហើយ​៥​នាក់​ផ្សេង​ទៀត​ ​ដែល​ក្នុង​នោះ​មាន​ម្នាក់​ជាជន​ជាតិ​កូរ៉េខាង​ត្បូង ត្រូវ​បានព្យួរទោសពីបទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ។

ពួក​មន្ត្រី​និង​អ្នកជំនួញវៀតណាមយ៉ាងហោច​ណាស់​ក៏១០០នាក់​ដែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​ជុំវិញ​ការចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩៕

XS
SM
MD
LG