ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម​កំពុង​រាំងខ្ទប់​ផែនទី​ដែល​មាន​ភាព​រសើប​ផ្នែក​នយោបាយ ហើយ​មិន​មែន​តែ​វៀតណាម​ទេ​ដែល​ធ្វើ​ដូច្នេះ


លោក Ngo Xuan Lich រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​វៀតណាម ថ្លែង​នៅ​ក្នុង​វេទិកា Xiangshan នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
លោក Ngo Xuan Lich រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​វៀតណាម ថ្លែង​នៅ​ក្នុង​វេទិកា Xiangshan នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

អ្នក​វិភាគ​និយាយ​ថា ការ​រាំងខ្ទប់​ផែនទី​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​វៀតណាមដែល​បង្ហាញ​ពី​ការ​ទាមទារ​ចំណែក​របស់​ចិន​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​ជា​សញ្ញា​នៃ​កិច្ចប្រឹងប្រែង​រយៈពេល​យូរក្នុង​ការ​លុបចោល​ឯកសារដែល​ក្រុម​មន្ត្រី​យល់​ថា​ជា​ការ​វាយប្រហារ​ផ្នែក​នយោបាយ ប៉ុន្តែ​មិន​ត្រឹម​តែ​វៀតណាម​ទេ​ដែល​ធ្វើ​ដូច្នេះ។

ផែនទី​ទាំង​ពីរ ដែល​មួយ​គឺ​ស្ថិត​នៅ​ក្នុង​រថយន្ត​ប្រណិត​ម៉ាក Volkswagen និង​មួយ​ទៀត​នៅ​ក្នុង​ភាពយន្ត​របស់​ក្រុមហ៊ុន DreamWorks បង្ហាញ​ពី​ខ្សែ​បន្ទាត់​ដែន​សមុទ្រ​ដែល​ដាច់​ជា​៩ចំណុច។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើប្រាស់​ផែនទី​នោះ​ដើម្បី​អះអាង​លើ​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រុម​មន្ត្រី​វៀតណាម​បាន​បដិសេធ​ខ្សែ​បន្ទាត់​នោះ ហើយ​និយាយ​ថា ដែន​ទឹក​មួយ​ចំនួន​នៅ​ក្នុង​ខ្សែ​បន្ទាត់​នោះ​ជា​កម្មសិទ្ធិ​របស់​វៀតណាម។

ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​លើ​អធិបតេយ្យភាព​ដែន​សមុទ្រ​ចាប់​តាំង​ពី​ទសវត្សរ៍​ ១៩៧០។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​អាស៊ី​និយាយ​ថា ប្រទេស​វៀតណាម​ប្រហែល​នឹង​បន្ត​រាំងខ្ទប់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​របស់​ចិន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ទំហំ​៣លាន ៥សែន​គ.ម.​ការ៉េ។ ពួកគេ​អាច​នឹង​ធ្វើ​តាម​ប្រទេស​ចិន​ ដោយ​ប្រើប្រាស់​វិធានការ​ផ្តាច់​ការ​ដើម្បី​បិទ​គេហទំព័រ និង​ការ​បោះពុម្ពផ្សាយ​ដែល​ផ្សព្វផ្សាយ​ផ្ទុយ​នឹង​ជំហរ​របស់​វៀតណាម​ទៅ​លើ​បញ្ហា​អន្តរជាតិ។

លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​និយាយ​ថា៖

«ខ្ញុំ​គិត​ថា នេះ​ជា​កិច្ចប្រឹងប្រែង​ថ្មីៗ​ និង​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ការ​រឹតត្បិត។ អ្នក​ត្រូវ​តែ​បន្ត​សង្កត់ធ្ងន់​ពី​អធិបតេយ្យភាព​របស់​អ្នក​លើ​ចំណែក​មួយ ដោយសារ​តែ​ប្រសិនបើ​អ្នក​មិន​ធ្វើ​ដូច្នេះ​ទេ សហគមន៍​អន្តរជាតិ​នឹង​គិត​ថា អ្នក​ចុះ​ចាញ់»។

ពី​ដំបូង​ស្ថិត​នៅ​ក្នុង​ភាពយន្ត ហើយ​ក្រោយ​មក​ស្ថិត​នៅ​ក្នុង​រថយន្ត

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ VnExpress International បាន​រាយការណ៍​ថា រោងភាពយន្ត​វៀតណាម​បាន​ឈប់​ចាក់​បញ្ចាំង​ភាពយន្ត Abominable នៅ​ពាក់​កណ្តាល​ខែ​តុលា ដោយសារ​តែ​ឈុតឆាក​នៅ​ក្នុង​ភាពយន្ត​នេះ​បង្ហាញ​ផែនទី​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​វៀតណាម​មិន​យល់ស្រប​លើ​ការ​ទាមទារ​ចំណែក​របស់​ចិន​នោះ​ទេ។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់​ក៏​មាន​ការ​ទាមទារ​ចំណែក​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សម្បូរ​ទៅ​ដោយ​ទិន្នផល​នេសាទ និង​អណ្តូង​ប្រេង​ផង​ដែរ។ សកម្មភាព​ក្នុង​ដែន​ទឹក​របស់​ចិន​បាន​ធ្វើ​ឲ្យ​វៀតណាម​ជា​មាន​ការ​ខឹងសម្បា​ដោយសារ​តែ​ចិន​បាន​គ្រប់គ្រង​ប្រជុំកោះ Paracel ដែល​មាន​កោះ​ចំនួន​១៣០ ហើយ​ជា​កោះ​ដែល​ប្រទេស​ទាំង​ពីរ​ទាមទារ​ដូច​គ្នា។​

សារព័ត៌មាន​រដ្ឋ​ឈ្មោះ​ថា Viet Nam News បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា មន្រ្តី​គយ​វៀតណាម​បាន​សម្រេច​រឹបអូស​រថយន្ត Volkswagen ដែល​មាន​៥កៅអី និង​មាន​តម្លៃ១៧៣.០០០​ដុល្លារ​ បន្ទាប់​ពី​ផែនទី​បង្ហាញ​ទីតាំង GPS របស់​រថយន្ត​នោះ​បង្ហាញ​ពី​ខ្សែបន្ទាត់​ដែន​សមុទ្រ​ដែល​ដាច់​ជា​៩ចំណុច «ខុស​ច្បាប់» របស់​ចិន។ អ្នក​នាំ​ចូល​រថយន្ត​នេះ​នឹង​រង​ការ​ពិន័យ​រហូត​ដល់​២.៦០០ដុល្លារ ហើយ​ក្រុមហ៊ុន Volkswagen Viet Nam នឹង​រង​ការ​ពិន័យ​រហូត​ដល់​១.៧២៤ដុល្លារ។

សារព័ត៌មាន​ Viet Nam News បាន​រាយការណ៍​ថា «អគ្គនាយកដ្ឋាន​គយ​បាន​និយាយ​ថា ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​មាន​សមត្ថកិច្ច​ទាំង​អស់​នៅ​ក្នុង​កិច្ចប្រជុំ​លើ​បញ្ហា​នេះ​បាន​យល់ព្រម​ជា​ឯកតោភាគី​ថា ការ​បំពាន​បែប​នេះ​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​តឹងរ៉ឹង»។

សារព័ត៌មាន VnExpress International បាន​រាយការណ៍​ថា សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ក្នុង​ការ​កម្ទេច​ចោល​សៀវភៅ​ចំនួន​៥០០ ទៅ​៧០០ក្បាល ដែល​ប្រើប្រាស់​ដោយ​និស្សិត​ភាសា​ចិន​ឆ្នាំ​ទី១ ដោយសារ​តែ​សៀវភៅ​ទាំង​នេះ​មាន​ផែនទី​ដែល​គេ​ហាមឃាត់។

រូប​ឯកសារ៖ បាតុករ​វៀតណាម​ស្រែក​ពាក្យស្លោក​ប្រឆាំង​ចិន​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។
រូប​ឯកសារ៖ បាតុករ​វៀតណាម​ស្រែក​ពាក្យស្លោក​ប្រឆាំង​ចិន​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។

សៀវភៅ​ណែនាំ​របស់​ចិន

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​រាប់​សិប​ក្រុមហ៊ុន ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ ឲ្យ​កែ​ពាក្យពេចន៍​នៅ​លើ​គេហទំព័រ​របស់​ពួកគេ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​នយោបាយ​របស់​ចិន។ ក្រុមហ៊ុន​បរទេស​បាន​ធ្វើ​តាម ដោយ​បាន​ហៅ​កោះ​តៃវ៉ាន់​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ថា​ជា​ផ្នែក​មួយ​របស់​ចិន ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​គោលជំហរ​របស់​ចិន។​

លោក Oh បាន​និយាយ​ថា ចិន និង​វៀតណាម ក្នុង​នាម​ជា​ប្រទេស​កុំម្មុយនិស្ត «មាន​ភាព​ដូច​គ្នា» ក្នុង​អនុវត្ត​ការ​រឹតត្បិត​នេះ។ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​តាមរយៈ​ការ​ជូនដំណឹង​ដល់​អាជ្ញាធរ។​ អ្នក​ទស្សនា​ភាពយន្ត​បាន​ឃើញ​ផែនទី​នោះ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្នុង​ប្រទេស​ចិន អ្នក​លេង​អ៊ីនធឺណិត​បាន​ឃើញ​គេហទំព័រ​បរទេស​ខ្លះ​សរសេរ​បង្កប់​ន័យ​ថា តៃវ៉ាន់​ជា​ប្រទេស​មួយ។ អ្នក​វិភាគ​និយាយ​ថា ត​ទៅ​មុខ ប្រទេស​វៀតណាម​អាច​នឹង​សង្កត់ធ្ងន់​លើ​បញ្ហា​នេះ និង​បង្ក្រាប​ការ​បង្ហាញ​នានា​ដែល​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា «ឥឡូវ​នេះ វា​ដូចជា​និន្នាការ​ទូទៅ​មួយ​សម្រាប់​ ឯកសារ​ ភាពយន្ត បណ្តាញ​ផ្សព្វផ្សាយ និង​សៀវភៅ​ទាំង​អស់​ដែល​មាន​ផែនទី​ចិន​ដែល​មាន​ខ្សែ​បន្ទាត់​ដែន​សមុទ្រ​ដែល​ដាច់​ជា​៩ចំណុច»។​

លោក Rajiv Biswas ប្រធាន​ក្រុម​អ្នក​សេដ្ឋកិច្ច​នៅ​អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ​ថា IHS Markit និយាយ​ថា ផែនទី​ទាំង​នោះ​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ត្រួតពិនិត្យ​ភ្លាមៗ ដោយសារ​តែ «ភាព​តានតឹង​កាន់​តែ​ខ្លាំង​ទៅៗ»។ នាវា​ស្រាវជ្រាវ​របស់​ចិន​មួយ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​ខឹង​សំបារ​នៅ​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​នាវា​នោះ​ឧស្សាហ៍​ចូល​ទៅ​ជិត​កន្លែង​រុករក​ប្រេង​របស់​វៀតណាម។

ប្រទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ទាមទារ​របស់​ខ្លួន​ចំពោះ​ដែន​សមុទ្រ​ទាំង​មូល​ ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​ចាក់​បំពេញ​ដី​សាងសង់​កោះ។

ប្រទេស​ម៉ាឡេស៊ី តៃវ៉ាន់ និង​ហ្វីលីពីន ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ នឹង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​រាំងខ្ទប់​ឯកសារ​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ផលិត​ភាពយន្តAbominable បាន​សម្រេច​មិន​ចាក់​បញ្ចាំង​ភាពយន្ត​នេះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ​កាលពី​ខែ​មុន បន្ទាប់​ពី​មាន​ការ​រាំងខ្ទប់​ផែនទី​នោះ។ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក Teodoro Locsin រដ្ឋមន្ត្រី​ការបរទេស​និយាយ​ថា ផែនទី​នៅ​ក្នុង​ភាពយន្ត​នោះ​គួរ​ត្រូវ​បាន​គេ​កាត់​ចេញ។

ភាព​មាន​កម្រិត​របស់​វៀតណាម

លោក Biswas​ បាន​និយាយ​ថា អ្នក​នាំ​ចេញ​សម្ភារៈ​ដែល​មាន​ផែនទី​នោះ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឥឡូវ​នេះ។

លោក​បាន​និយាយ​ថា៖

«ពួកគេ​ត្រូវ​តែ​ចៀសវាង​បញ្ហា​រសើប​ទាំង​នេះ ប៉ុន្តែ​វា​ពិបាក​ណាស់​ ដោយសារ​តែ​គ្រប់​គ្នា​មាន​ការ​ទាមទារ​រៀងៗ​ខ្លួន ដូច្នេះ​បើ​អ្នក​បង្ហាញ​អ្វី​មួយ អ្នក​ផ្សេង​អាច​នឹង​យល់​ថា​ វា​ជា​គ្រោះថ្នាក់​សម្រាប់​គេ»។

លោក Stephen Nagy អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​នយោបាយ និង​ជា​សាស្ត្រាចារ្យ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ Christian នៅ​ក្នុង​ក្រុង​តូក្យូ​និយាយ​ថា ទោះ​ជា​យ៉ាង​ក៏​ដោយ ប្រទេស​វៀតណាម​នឹង​ចៀសវាង​ការ​រិះគន់​ដោយ​ចំហញឹកញាប់​ទៅ​លើ​ក្រុមហ៊ុន​អន្តរជាតិ ដោយសារ​តែ​ប្រទេស​នេះ​ពឹងផ្អែក​លើ​ការ​វិនិយោគ​បរទេស​ទៅ​លើ​រោងចក្រ​សម្រាប់​កំណើន​សេដ្ឋកិច្ច។

ប្រទេស​ចិន​អាច​នឹង​បញ្ចូល​ព័ត៌មាន​នេះ​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​មាន​ទំហំ​ធំ​ជាង សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច។

លោក Nagy និយាយ​ថា៖

«ជម្រើស​ចុងក្រោយ​ដែល​ខ្ញុំ​គិត​គឺ​ថា វៀតណាម​នឹង​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ប្រទេស​រក​រឿង ឬ​ប្រើប្រាស់​ហិង្សា​សេដ្ឋកិច្ច តាម​របៀប​នៃ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​បង្កើត​រូបភាព​បែប​នោះ ដូច្នេះ​ខ្ញុំ​គិត​ថា វៀតណាម​អាច​នឹង​ប្រើប្រាស់​មធ្យោបាយ​ទន់ភ្លន់​ជាង​នេះ ដើម្បី​រក្សា​មុខមាត់​ល្អ​របស់​ខ្លួន»៕

XS
SM
MD
LG