អគ្គស្នងការនគរបាលជាតិបានបង្ហាញវីដេអូពីការហ្វឹកហាត់បង្រ្កាបការធ្វើបាតុកម្មដែលការហ្វឹកហាត់នេះត្រូវបានអ្នកវិភាគនិងគណបក្សប្រឆាំងលើកឡើងថា ជាកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាលនិងថាជាការគំរាមកំហែងដល់ប្រជាពលរដ្ឋខ្លួន ឯង។
គណបក្សប្រឆាំងនិងអ្នកវិភាគ រិះគន់ការហ្វឹកហាត់កម្លាំងនគរបាលជាតិជិត៣០០នាក់ ក្រោមជំនួយនិងការចូលរួមបង្វឹករបស់វៀតណាម ដើម្បីបង្រ្កាបបាតុកម្មពលរដ្ឋខ្លួនឯង។
ក្នុងវីដេអូឃ្លីបមួយបង្ហោះដោយអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញពីការហ្វឹកហាត់បង្ក្រាបបាតុកម្មរបស់នគរបាលជាតិជិត៣០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៩ ដោយសិក្សាចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្នុងវីដេអូនោះមាននគរបាលមួយចំនួនសម្តែងជាសមត្ថកិច្ចនិងមួយចំនួនទៀតធ្វើជាបាតុករដែលកំពុងប្រឈមមុខគ្នាក្នុងពេលមានបាតុកម្ម។
ក្នុងវីដេអូនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិថ្លែងថា វគ្គហ្វឹកហាត់ជំនាញពិសេសនេះ មានការចូលរួមបង្ហាត់បង្រៀនដោយសាស្រ្តាចារ្យមកពីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៣នាក់ គ្រូនគរបាលជាតិមកពីអង្គភាពតម្រួតបទបញ្ជា ៨នាក់ និងគ្រូប្រចាំនៅសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាមមួយចំនួនទៀត។ លោកបន្ថែមថា កម្លាំងបង្រា្កបបាតុកម្មកន្លងមកមានចំណុចខ្វះខាតច្រើន ដែលធ្វើឲ្យក្រុមអ្នកធ្វើបាតុកម្មធ្វើបាបកម្លាំងសមត្ថកិច្ច ដូច្នេះលោកថា ការហ្វឹកហាត់នេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងកម្លាំងក្នុងការការពារសង្គម ពលរដ្ឋនិងការពាររដ្ឋាភិបាលក្នុងការបង្រ្កាបបាតុកម្មខុសច្បាប់។
លោក នេត សាវឿន បន្ថែមថា ការហ្វឹកហាត់នេះក៏ធ្វើឡើងដោយសារបច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយមួយចំនួនកំពុងបំពុលបរិយាកាសថាកម្ពុជាមានវិបត្តិនយោបាយ។
លោកបានបញ្ជាក់ថា៖
«គាត់ថាបច្ចុប្បន្នកម្ពុជាកំពុងមានវិបត្តិនយោបាយ ការពិតអត់មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមួយចំនួនគាត់ជាប់ទោស ហើយមានបុគ្គលអង្គការក្រៅរដ្ឋាភិបាលខ្លះជាប់គុក ហើយបច្ចុប្បន្នកំពុងតស៊ូអំពីផ្លូវច្បាប់ រឿងពិតមានប៉ុណ្ណឹង ក៏ប៉ុន្តែការពិតក្រុមខ្លះ អង្គការខ្លះបានទៅប្ដឹងដល់អង្គការសហប្រជាជាតិ បានសរសេរទំព័រកាសែត បានបញ្ចេញតាមប្រព័ន្ធព័ត៌មានសង្គម ចុះទៅអាប់អ៊ួរសម្បើមណាស់។ អញ្ចឹងនគរបាលយើងត្រូវតែក្ដាប់បញ្ហានេះឲ្យជាប់ យើងត្រូវតែរឹងមាំដើម្បីការពារផលប្រយោជន៍ ការពាររាជរដ្ឋាភិបាលស្របច្បាប់»។
បន្ទាប់ពីការធ្វើពហិកាមិនចូលប្រជុំក្នុងសភាអស់រយៈពេលជាច្រើនខែ គណបក្សប្រឆាំងបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មទាមទារឲ្យមានដំណោះស្រាយនយោបាយ ក្រោយរដ្ឋាភិបាលមានចំណាត់ការផ្លូវច្បាប់លើមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា រួមនិងមន្រ្តីបក្សប្រឆាំងជាច្រើនរូបទៀត។ ក្រោយការប្រកាសពីគម្រោងធ្វើបាតុកម្ម លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំកម្លាំងប្រដាប់អាវុធបានប្រកាសពីការបង្រ្កាបរាល់ការធ្វើបាតុកម្មនោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា គណបក្សសង្គ្រោះជាតិប្រកាន់ជំហរធ្វើតែបាតុកម្មអហិង្សាប៉ុណ្ណោះ ដូច្នេះលោកថា រដ្ឋាភិបាលមិនគួរហ្វឹកហាត់ការបង្រ្កាបបាតុកម្មដែលធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរបែបនេះទេ។
លោកបញ្ជាក់ថា៖
«ករណីទាំងអស់ហ្នឹងជាករណីដែលធ្វើឲ្យវាមានការប្រេះស្រាំផ្លូវចិត្ត ប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ប៉ះពាល់ទៅដល់ការតស៊ូនយោបាយ ពីព្រោះយើងទាំងអស់គ្នាធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រទេសជាតិ ហើយយើងជាខ្មែរ មានឈាមជ័រជាខ្មែរ យើងកុំធ្វើអ្វីៗដែលបង្ហាញជាការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរ ហើយបើយើងចង់ ដូចប្រទេសគេអញ្ចឹង គេបង្ហាញទៅគូសត្រូវរបស់គេនៅក្រៅប្រទេស»។
អ្នកវិភាគពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា ការហ្វឹកហាត់នេះជាការគំរាមកំហែងដល់ប្រជាពលរដ្ឋខ្លួនឯង ស្របពេលដែលរដ្ឋាភិបាលមិនព្រមយកចិត្តទុកដាក់ពីបញ្ហាព្រំដែន ហើយលោកថា នេះជាការបង្ហាញពីចំណុចខ្សោយរបស់រដ្ឋាភិបាល ដែលកំពុងបារម្ភថានឹងមានការតវ៉ាមិនសុខចិត្តពីសំណាក់ប្រជាពលរដ្ឋក្រោយពេលបញ្ហាអយុត្តិធម៌ និងអសមត្ថភាពក្នុងការដឹកនាំប្រទេសមានកាន់តែច្រើន៕
លោកមានប្រសាសន៍ថា៖
«រឿងត្រៀមគំរាមកំហែងលើពលរដ្ឋខ្លួនឯង គួរមិនបាច់ផ្សាយទេ ចង់យកទៅហាត់នៅព្រៃភ្នំឯណាក៏ហាត់ទៅ ប៉ុន្តែមិនបាច់ផ្សាយទេ ព្រោះកាលណាផ្សាយម្តងៗ ធ្វើឲ្យសាធារណៈជនយល់ថា រដ្ឋាភិបាលហ្នឹងចំណាយលុយសម្រាប់តែត្រៀមលក្ខណៈក្នុងការបង្ក្រាបខ្មែរគ្នាឯង រីឯរឿងព្រំដែនអត់ហ៊ានទៅធ្វើអីជាមួយគេទេ ប៉ុន្តែបើជាមួយគ្នាឯងគឺត្រៀមលក្ខណៈជាប់រហូត»។
ការបង្រ្កាបបាតុកម្មរបស់អាជ្ញាធរកន្លងមកត្រូវបានគេមើលឃើញថា ធ្វើឡើងដោយហិង្សា ឈានដល់ការប្រើប្រាស់អាវុធ បណ្តាលឲ្យមានមនុស្សរងរបួស និងស្លាប់។ ក្រោយការបង្រ្កាបទាំងនោះ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះត្រូវបានក្រុមសង្កេតការណ៍សិទ្ធិមនុស្សលើកឡើងថា គ្មានពន្លឺក្នុងការចាប់ខ្លួនក្រុមបង្កឲ្យមានសោកនាដកម្មទាំងនោះមកផ្តន្ទាទោស៕