មន្ត្រីអ.ស.ប.ចេញពីតំណែងម្នាក់បានសុំឱ្យមានការស៊ើបអង្កេតជាថ្មីអំពីការនិយាយអះអាងថា មានឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសភូមា នៅពេលដែលលោកស្រីអំពាវនាវដល់សហគមន៍សាកលឱ្យជួយបញ្ចៀសកុំឱ្យមានអំពើឃោរឃៅឯទៀតៗផងដែរ។
កាលពីថ្ងៃពុធទី២៩ខែមេសា លោកស្រី Yanghee Lee ប្រេសិតជាន់ខ្ពស់អ.ស.ប.ខាងសិទ្ធិមនុស្សប្រចាំប្រទេសនេះភូមាក្នុងទ្វីបអាស៊ីអាគ្នេយ៍ បានចោទប្រកាន់កងយោធារដ្ឋាភិបាលភូមាថា «បានធ្វើឱ្យមានទុក្ខវេទនាយ៉ាងខ្លាំង» ដល់ពួកជនអំបូរភាគតិចនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin។
រដ្ឋាភិបាលភូមាប្រយុទ្ធនឹងកងទ័ព Arakan ដែលជាក្រុមទ័ពព្រៃតំណាងពួកជនអំបូរភាគតិចRakhine កាន់ព្រះពុទ្ធសាសនាដែលប្រយុទ្ធដើម្បីឱ្យមានស្វ័យភាពច្រើនជាងមុន។
លោកស្រី Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលពិភពលោកជាប់រវល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ពួកយោធារដ្ឋាភិបាលភូមាបង្កើនការវាយលុករបស់ខ្លួននៅក្នុងរដ្ឋ Rakhine ដោយយកពួកជនស៊ីវិលជាទីដៅនៃការវាយប្រហារ»។
លោកស្រី Lee បានចោទប្រកាន់កងយោធារដ្ឋាភិបាលភូមាថា រំលោភលើ «គោលការណ៍ជាមូលដ្ឋានបំផុតនៃច្បាប់មនុស្សធ៌មអន្តរជាតិនិងសិទ្ធិមនុស្ស»។
លោកស្រីបានថ្លែងថា ការប្រព្រឹត្តរបស់កងយោធាទៅលើពួកជនស៊ីវិល «អាចមានន័យថា ជាឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
លោកស្រី Lee បានចុះចេញពីតំណែងក្នុងខែមេសានៅក្រោយកាន់តំណែងនេះ៦ឆ្នាំ។
កងយោធារដ្ឋាភិបាលភូមាបានបើក «យុទ្ធនាការបោសសម្អាត» មួយកាលពីខែសីហាឆ្នាំ២០១៧នៅក្នុងរដ្ឋ Rakhine នាប៉ែកខាងជើងប្រទេសនៅក្រោយការវាយប្រហារដោយកងកម្លាំងបះបោរ Rohingya។ យុទ្ធនាការនេះបានបង្ខំឲ្យពួកជនអំបូរ Rohingya ជាង៧សែននាក់ដែលជាពួកជនកាន់សាសនា អ៊ិស្លាមគ្មានរដ្ឋ រត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសនៅជិតខាងប្រទេសភូមា។ កងកម្លាំងសន្តិសុខរដ្ឋាភិបាលភូមាបានត្រូវចោទប្រកាន់ថាបានសម្លាប់រង្គាល បង្ខំសេពសន្ធវៈ និងដុតផ្ទះរាប់ពាន់ខ្នង។
តុលាការជាន់ខ្ពស់បំផុតរបស់អ.ស.ប.បានប្រាប់រដ្ឋាភិបាលភូមាឱ្យបញ្ចៀសកុំឱ្យមានសកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងពួកជនអំបូរ Rohingya និងផ្តល់របាយការណ៍អំពីការវិវត្តទៅអង្គការសាកលនេះផងដែរ។ តុលាការយុត្តិធ៌មអន្តរជាតិបាននិយាយកាលពីឆ្នាំទៅមិញថា តុលាការនេះនឹងសម្រេចអំពីការចោទប្រកាន់បទប្រល័យពូជសាសន៍ប្រឆាំងនឹងប្រទេសភូមាដែលនិយាយថា ខ្លួនធ្វើសកម្មភាពត្រឹមត្រូវ។
លោកស្រីបាននិយាយថា កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកាំភ្លើងធំនិងកងយន្តហោះចម្បាំងរដ្ឋាភិបាលភូមាបានវាយប្រហារបណ្តាលឱ្យមនុស្សពេញវ័យនិងកុមារច្រើននាក់ស្លាប់និងត្រូវរបួសហើយនាំឱ្យមានមនុស្សខ្ចាត់ព្រាត់ពីផ្ទះសំបែងជាង១៥៧.០០០នាក់។
លោកស្រី Lee ក៏បាន រិះគន់ដែរដល់កងទ័ព Arakan ដែលបានធ្វើសកម្មភាពឃោរឃៅ «នៅក្នុងរបៀបមួយនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ពួកជនស៊ីវិលដោយមានរួមបញ្ចូលការចាប់ពង្រត់ពួកមន្ត្រីក្នុងមូលដ្ឋាននិងពួកសមាជិកសភា»។
ក៏ប៉ុន្តែលោកស្រី Lee បានកត់សម្គាល់ថា កងទ័ព Arakan បានប្រកាសការឈប់បាញ់គ្នាជាឯកតោភាគីដោយនិយាយយោងដល់តម្រូវការទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ១៩ បណ្តាលមកពីវីរុសកូរ៉ូណា។
លោកស្រី Lee បាននិយាយថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin មានការទាក់ទងជាមួយបរាជ័យរបស់រដ្ឋាភិបាលភូមាក្នុងការធ្វើឱ្យពួកនាយទាហានជាន់ខ្ពស់ទទួលខុសត្រូវហើយបានដាក់ទណ្ឌកម្មតិចតួចទៅលើពួកបុគ្គលិកថ្នាក់ទាបនៃកងកម្លាំងសន្តិសុខ៕
ប្រែសម្រួលដោយឈឹម សុមេធ