កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបញ្ចូលព័ត៌មានថ្មី។
ទីក្រុង CHARLOTTE រដ្ឋ NORTH CAROLINA — ក្រោយពេលដែលសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានសម្រេចបញ្ចប់រឿងក្តីក្តាំមួយនៃសំណុំរឿង០០៤ វគ្គ២ នៅសប្តាហ៍នេះ លោកអោ អាន ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ បានសម្តែងក្តីរីករាយចំពោះការសម្រេចរបស់តុលាការ។
នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី១០ ខែសីហា អង្គជំនុំជម្រះនៃតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់សំណុំរឿងប្រឆាំងនឹង អោ អាន ដោយបានបញ្ជាក់យោងថា គ្មានការឯកភាពគ្នាចំពោះការស៊ើបអង្កេតក្នុងរយ:ពេល១៣ឆ្នាំ គ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះជាក់លាក់ និងអាចអនុវត្តន៍បានក្រៅពីបានបដិសេធបណ្តឹងឧទ្ធរណ៍ភ្លាមៗ។
ថ្លែងប្រាប់ VOA ពីស្រុកកំរៀងតាមទូរស័ព្ទនៅព្រឹកនេះ លោក អោ អាន ដែលអះអាងថា លោកមិនទាន់បានទទួលព័ត៌មានស្តីពីការបញ្ចប់សំណុំរឿងនេះនៅឡើយ បានបញ្ជាក់ពីភាពរីករាយរបស់លោក ដែលថាសំណុំរឿងត្រូវបានបញ្ចប់។
«ជាធម្មតាទៅហើយ អ្នកដែលមានបញ្ហា បានចប់ហ្នឹង ត្រេកអរណាស់ទៅហើយ»។
លោកពុំបានធ្វើអត្ថាធិប្បាយអ្វីច្រើននោះទេ ដោយសារលោកមានវ័យចំណាស់។ តែកាលពីឆ្នាំទៅ លោកបានថ្លែងប្រាប់ VOA ពីការបដិសេធថា មិនទាក់ទងនឹងអំពើឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហម ដូចសហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់នោះទេ។
សំណុំរឿងនេះ មានការខ្វែងគំនិតគ្នាក្នុងចំណោមសហព្រះរាជអាជ្ញា និងសហចៅក្រមជាតិ ជាមួយនឹងសហព្រះរាជអាជ្ញា ចៅក្រមអន្តរជាតិ ដែលចង់ស្វែងរកយុត្តិធម៌នោះ ទៅលើបញ្ហាយុត្តាធិការរបស់តុលាការមិនគ្របដណ្តប់លើសំណុំរឿងលោកអោ អាន ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលនោះទេ ដោយចៅក្រមជាតិដែលមានសំឡេងភាគច្រើននោះសំអាងថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិតម្រូវឲ្យកាត់ទោសតែជនពីរជំពូក គឺមេដឹកនាំខ្ពស់បំផុត និងអ្នកទទួលខុសត្រូវខ្ពស់បំផុត។
លោក ភ័ព្វ ដែលអះអាងថា ជាក្មួយប្រុសលោក អោ អាន មិនបានអើពើនឹងការចោទប្រកាន់របស់តុលាការទេ តែបានអះអាងថា លោកត្រេកអរដែរ ដោយសារលោក អោ អាន បានបញ្ចប់រឿងក្តីរបស់គាត់។
«ខ្ញុំសប្បាយចិត្តដែរតើបង»។
លោករៀបរាប់ថា តា អាន មិនធ្លាប់ធ្វើអ្វីខុសនោះទេ មានតែការស្រឡាញ់រាប់អានពីអ្នកស្រុកភូមិ។
លោក អោ អាន អាយុ ៨៧ឆ្នាំ អតីតអនុប្រធានតំបន់មជ្ឈឹម ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទៅលើជនជាតិចាមផងដែរ នៅមុនពេលសំណុំរឿងលោក ត្រូវបញ្ចប់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា រឿងក្តីរបស់លោក អោ អាន ត្រូវបញ្ចប់។
«យោងតាមនីតិវិធីច្បាប់ គឺការសម្រេចរបស់អង្គជំនុំជម្រះនៃតុលាការកំពូល គឺបិទផ្លូវតវ៉ាតែម្តង»។
សាលាក្តីខ្មែរក្រហម បានសម្រេចទម្លាក់បទចោទប្រកាន់កាលពី ៣ឆ្នាំមុន ប្រឆាំងនឹងកម្មការភិបាលខ្មែរក្រហមម្នាក់ គឺអ្នកស្រី អ៊ឹម ចែម ជាអតីតកម្មាភិបាលថ្នាក់គណ:ស្រុកសម័យខ្មែរក្រហមដែរ ដោយសារតែអ្នកស្រី ត្រូវបានចៅក្រមខ្មែរដែលមានសំឡេងភាគច្រើន មិនបានចាត់ចូលក្នុងជំពូកនៃមេដឹកនាំជាន់ខ្ពសបំផុត និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។ សាលាក្តី នឹងនៅមានសំណុំរឿងបន្ថែមពីរទៀតត្រូវសម្រេច។ សុំណុំរឿងទាំងពីរនោះ ក៏មានជាប់ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលផងដែរក្នុងពេលមេដឹកនាំកំពូល ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកមួយជីវិតទាក់ទងនឹងរបបខ្មែរក្រហមដែលត្រូវស្តីបន្ទោសថា បានសម្លាប់មនុស្សជាង១លាន ៧សែននាក់ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕
ព័ត៌មានថ្មី៖ វីអូអេ ទើបតែបញ្ចូលព័ត៌មានថ្មី នៅកថាខណ្ឌទី ៧ ទី៨ ទី៩ ទី១១ និង ទី១២ ក្រោយពីវីអូអេបានសម្ភាសលោក ភ័ព្វ ដែលអះអាងថា ជាក្មួយប្រុសលោក អោ អាន និងលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។