លោកអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក James Baker បានថ្លែងនៅក្នុងអង្គប្រជុំរបស់ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោក «នឹងកាន់តែគ្មានស្ថិរភាពជាងមុន» ប្រសិនបើសំណើរបស់លោកមហាសេដ្ឋីអចលនទ្រព្យ Donald Trump ត្រូវបានអនុវត្តនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកមែននោះ។ លោកបានថ្លែងយ៉ាងដូច្នេះ ស្របពេលដែលលោក Donald Trump ដែលគេរំពឹងថានឹងក្លាយបេក្ខជនដែលជ្រើសតាំងដោយគណបក្សសាធារណរដ្ឋសម្រាប់ប្រជែងយកតំណែងប្រធានាធិបតីកំពុងតែជួបជាមួយនឹងក្រុមមេដឹកនាំគណបក្សសាធារណរដ្ឋនៅឯវិមាន Capitol Hill។
លោក Marco Rubio សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ដែលជាអតីតគូប្រជែងរបស់លោក Trump នៅការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីនោះ បានសួរលោក Baker ថា តើពិភពលោកនឹងទៅជាយ៉ាងណាប្រសិនបើសហរដ្ឋអាមេរិកចាកចេញពីអង្គការអូតង់ ឬទុកឲ្យកូរ៉េខាងត្បូង និងជប៉ុនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន ដោយយោងទៅតាមសំណើរបស់លោក Trump នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនោះ។
លោក Baker បានមានប្រសាសន៍ថា «យើងមានបញ្ហាជាច្រើននៅពេលបច្ចុប្បន្ននេះរួចទៅហើយ ហើយយើងនឹងជួបបញ្ហាធំៗជាច្រើនទៀត ប្រសិនបើសំណើនោះត្រូវបានអនុវត្តមែននោះ។ អង្គការអូតង់គឺជាមូលដ្ឋាននៃសន្តិភាពនិងស្ថិរភាពនៅអឺរ៉ុប។ កាលណាប្រទេសកាន់តែច្រើនទទួលបានអាវុធនុយក្លេអ៊ែរ នោះពិភពលោកកាន់តែគ្មានស្ថិរភាព»។
លោក Trump បានរិះគន់អង្គការអូតង់ថា ក្រុមសម្ព័ន្ធមិត្តមួយនេះលែងអនុវត្តទៅតាមគោលបំណងរបស់ខ្លួនហើយ ហើយសហរដ្ឋអាមេរិកត្រូវចំណាយប្រាក់យ៉ាងច្រើនទៅលើអង្គការនេះ។ លោកTrump បានស្នើថា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតគួរតែត្រូវបានអនុញ្ញាតឲ្យផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសទាំងនេះអាចការពារខ្លួនពីសត្រូវរបស់ខ្លួនបាននោះ៕