ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង ​Venice ​នៅ​អ៊ីតាលី​ត្រូវ​ចំណាយ​ប្រាក់​​ច្រើន​បន្ទាប់​ពី​ទឹក​សមុទ្រ​ជោរជន់​ដ៏​ខ្ពស់


ទឹក​សមុទ្រ​ស្រុក​ទៅ​វិញ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​ក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន carnival នៅ​ក្នុង​ក្រុង Venice កាលពី​ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០។
ទឹក​សមុទ្រ​ស្រុក​ទៅ​វិញ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​ក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន carnival នៅ​ក្នុង​ក្រុង Venice កាលពី​ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០។

ទីក្រុង​ Venice គឺ​ជា​ទីក្រុង​អ៊ីតាលី​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​លោក។​ ទី​ក្រុង​នេះ​កំពុង​ប្រឈម​មុខ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ ដោយ​ទឹក​សមុទ្រ​ជោរជន់​ខ្ពស់​និង​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​កាន់​តែ​ញឹកញាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ​

កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា​ ទីក្រុង​នៅ​ជាប់​សមុទ្រ​មួយ​នេះ​រងគ្រោះ​ដោយសារ​ហេតុ​ការណ៍​ធ្ងន់ធ្ងរ​មួយ​ដែល​បង្ក​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង​ដល់​អគារ​ ព្រះវិហារ ​និង​បេតិកភណ្ឌ​វប្បធម៌។​ ឥឡូវ​នេះ​កម្រិត​ទឹក​សមុទ្រ​បាន​ស្រក​ទៅ​វិញ ​ហើយ​នៅ​ក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន​មួយ​ដែល​គេ​ហៅ​ថា ​carnival ​អ្នក​ទេសចរ​អាច​កម្សាន្ត​សប្បាយ​ដោយ​មិន​ចាំបាច់​សម្លៀក​បំពាក់​ការពារ​ទទឹក​ទៀត​នោះ​ទេ។​ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​វិញ​ ពួកគេ​កំពុង​ធ្វើ​ប្រតិបត្តិការ​សម្អាត​ បន្ទាប់​ពី​មាន​ជំនោរ​ទឹក​សមុទ្រ​ដ៏​ខ្ពស់​នេះ។

ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​នៅ​ក្នុង​រដូវ​រងា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង Venice ​ដែល​បាន​រស់នៅ​ជាមួយ​នឹង​ការ​ជោរជន់​និង​លំនាច​ទឹក​សមុទ្រ​រាប់​សតវត្សរ៍​មក​ហើយ។​ មជ្ឈមណ្ឌល ​Tides Center ​នៅ​ក្នុង​ក្រុង ​Venice ​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​ ដែល​អ្នកស្រុក​រស់​នៅ​ទី​នោះ​ និង​ភ្ញៀវ​ទេសចរ​អាច​តាមដាន​ការ​ព្យាករណ៍​របស់​ខ្លួន​បាន។ ​មជ្ឈមណ្ឌល​នេះ​អាច​ព្យាករណ៍​ពី​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​ និង​ជូន​ដំណឹង​ដល់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ថា​តើ​តំបន់​ណា​មួយ​ត្រូវ​លិច​ និង​ក្នុង​រយៈ​ពេល​ប៉ុន្មាន។

ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​១២​ ខែវិច្ឆិកា ​បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​ផ្នែក​ជំនោរ​និង​លំនាច​ទឹក​សមុទ្រ​មាន​ការ​ភ្ញាក់​ផ្អើល។​ ពួកគេ​បាន​ពណ៌នា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ថា​ ជា​ហេតុ ការណ៍​កម្រ​មួយ​បង្ក​ដោយ​កត្តា​ជាច្រើន​ ដែល​នាំ​ឱ្យ​មាន​ «ព្យុះ​ចម្លែក​មួយ»។ ​ លោក Morris Ceron នាយក​ខុទ្ទកាល័យ​របស់​អភិបាល​ក្រុង​ Venice ​បាន​និយាយ​ថា ​នៅ​ពេល​ដែល​ជំនោរ​ទឹក​សមុទ្រ​ឡើង​ដល់​កម្រិត​កំពូល​ នឹង​មាន​ខ្យល់​ចំនួន​ពីរ​ដែល​មាន​កម្លាំង​ខ្លាំង ​បោកបក់​ក្នុង​ពេល​តែ​មួយ។

លោក​បាន​និយាយ​ថា​ ការ​បំផ្លិច​បំផ្លាញ​ខ្លាំង​ដែល​មាត់​សមុទ្រ ​និង​ទូក​នានា​រង​ផល​ប៉ះពាល់​គឺ​ជា​លទ្ធផល​នៃ​កម្លាំង​ខ្យល់​កន្ត្រាក់ ​និង​ជំនោរ​ទឹក​សមុទ្រ​ដ៏​ខ្ពស់។​ របាំង​ទប់​រលក​សមុទ្រ​ក៏​រង​ការ​ខូចខាត​ផង​ដែរ ​ហើយ​លោក​ Ceron ​និយាយ​ថា​ គ្រោះ​មហន្តរាយ​នេះ​ត្រូវ​ការ​ការ​ឆ្លើយតប​ភ្លាមៗ​ ដោយសារ​តែ​សេវាកម្ម​ទូក​សាធារណៈ​គឺ​ជា​សេវាកម្ម​ធ្វើ​ដំណើរ​ដ៏​ចាំបាច់​នៅ​ក្នុង​ក្រុង​ Venice។ ​

លោក​បាន​បន្ថែម​ថា​ ក្រុង​ Venice ​ជា​ក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​ទឹក ​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​មាន​ទូក​នោះ​ទេ។

លោក ​Ceron ​បាន​និយាយ​ថា​ ជាង​ពីរ​ខែ​បន្ទាប់​ពី​ហេតុ​ការណ៍​ដ៏​អាក្រក់​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា​ នា​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ទើប​តែ​គណនា​ការ​ខូចខាត​ ដែល​បង្ក​ដោយ​ជំនោរ​ទឹក​សមុទ្រ​ក្នុង​រដូវ​រងា​នេះ​ ដែល​នៅ​ក្នុង​ឆ្នាំ​នេះ​កើត​ឡើង​ញឹកញាប់​ជាង​មុន​ ដោយសារ​តែ​ការ​កើន​ឡើង​កម្តៅ​ផែនដី និង​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ។​ លោក​បាន​និយាយ​ថា ការ​ខូចខាត​សរុប​ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​ចំនួន​ប្រមាណ​ជា​៥៤៦​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ប្រមាណ​ជា​៤៣៧​លាន​ដុល្លារ និង​ទ្រព្យ​សម្បត្តិ​ឯកជន​មាន​ទឹក​ប្រាក់​ចំនួន​១០៩លាន​ដុល្លារ។​

ការ​ថែទាំ​ទីក្រុង​ទេសចរណ៍​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន។ ​លោក​ Ceron​ បាន​បន្ថែម​ថា​ អ្នក​ស្រុក និង​អាជ្ញាធរ​ធ្វើ​ការ​ឆ្លើយតប​បាន​យ៉ាង​លឿន​ ដោយសារ​តែ​ពួកគេ​ដឹង​ថា​តើ​ត្រូវ​ដោះ​ស្រាយ​ជាមួយ​នឹង​កម្រិត​ទឹក​សមុទ្រ​ខ្ពស់​ដោយ​របៀប​ណា​ ហើយ​ពួកគេ​អាច​គ្រប់គ្រង​បញ្ហា​នេះ​បាន។

លោក​បាន​និយាយ​ថា​ ក្រុង​ Venice ​តែងតែ​ជា​ទីក្រុងនិម្មិតរូប​នៃ​ការ​ងើប​ឡើង​វិញ​ ហើយ​ការ​ងើប​ឡើង​វិញ​នេះ​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ទីក្រុង​នេះ​នៅ​តែ​មាន​លក្ខណៈ​ពិសេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

អាជ្ញាធរ​ និង​ពលរដ្ឋ​មូលដ្ឋាន​និយាយ​ថា ​ក្រុង ​Venice ​មាន​សុវត្ថិភាព​ ហើយ​ភ្ញៀវ​ទេសចរ​មិន​គួរ​មាន​ការ​បារម្ភ​នោះ​ទេ​ ដោយសារ​តែ​វា​នឹង​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ។​ តាម​ពិត​ទៅ ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ដើរ​តាម​ផ្លូវ​តូច​ចង្អៀត​នៅ​ក្នុង​ក្រុង​នេះ​ នៅ​ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ​ គេ​អាច​នឹង​មិន​ដឹង​ថា ​មាន​ជំនោរ​ទឹក​សមុទ្រ​ដ៏​ខ្ពស់​កើត​ឡើង​នោះ​ទេ។

ផ្ទះ​សម្បែង​ និង​ហាង​ទំនិញ​នានា​ត្រូវ​បាន​សម្អាត​ ហើយ​មាន​កិច្ច​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា​ មិន​មាន​សំរាម​នៅ​លើ​ផ្លូវ​ និង​នៅ​ក្នុង​ប្រឡាយ​ក្នុង​ក្រុង​នេះទេ។​ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ក្រុង​នេះ​នឹង​មិន​ភ្ញាក់ផ្អើល​នោះ​ទេ​ ប្រសិន​បើ​គេ​ឃើញ​មាន​អ្នក​ជិះ​ទូក​កាន់​សម្ភារៈ​ពិសេស​ ហើយ​ធ្វើ​ការ​សម្អាត​នៅ​ក្នុង​ប្រឡាយ​នោះ។​ មាន​សំរាម​រាប់​រយ​គីឡូក្រាម​បន្សល់​ទុក​នៅ​លើ​ច្រាំង​បន្ទាប់​ពី​មាន​ជំនោរ​ទឹក​សមុទ្រ​រួច​មក។

លោក​ Nicola Picco ​ជា​ប្រធាន​ក្រុមហ៊ុន​ Insula ​ដែល​ក្រុមប្រឹក្សា​ក្រុង​បាន​ផ្តល់​ការងារ​ដាច់​ដោយ​ឡែក​ក្នុង​ការ​សម្អាត​ប្រឡាយ​ក្នុង​ក្រុង Venice។

លោក ​Picco ​និយាយ​ថា​ ក្រុមហ៊ុន ​Insula ​បាន​ធ្វើ​ការងារ​ជាច្រើន​ដែល​ទីក្រុង​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជាង​៥៤៦​លាន​ដុល្លារ​ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។ ​លោក​បាន​និយាយ​ថា ​ប្រឡាយ​ចំនួន​៣០​កំពុង​ត្រូវ​បាន​គេ​ស្តារ​យក​ភក់​ចេញ​ចំនួន​៣ម៉ឺន​ម៉ែត្រ​គូប។​ គោល​បំណង​នៃ​ប្រតិបត្តិការ​នេះ​គឺ​ដើម្បី​ធានា​អនាម័យ​ និង​សុខមាលភាព ​និង​ធានា​ថា​គេ​អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រឡាយ​នេះ​បាន​ដោយ​សុវត្ថិភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG