កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំងចំនួន ២ គ្រឿងរបស់ខ្លួន បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការឆ្លងកាត់លើកទី២ នៅក្នុងខែនេះ ដែលធ្វើឡើងក្នុងពេលប្រមាណជិត២សប្ដាហ៍ក្រោយពីក្រុមនាវាដឹកយន្តហោះរបស់ប្រទេសចិន បានឆ្លងកាត់ផ្លូវទឹកមួយនេះដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសចិនដែលអះអាងថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មានការខឹងសម្បាចំពោះការគាំទ្រកាន់តែកើនឡើងរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ដែលក្នុងនោះមានការលក់អាវុធឲ្យតៃវ៉ាន់ និងការធ្វើនាវាចរណ៍នាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ករណីនេះធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាន់តែល្អក់កករបន្ថែមទៀត។
កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា នាវាចម្បាំងខ្លួន USS John S. McCain និងUSS Curtis Wilbur «បានធ្វើដំណើរឆ្លងកាត់ជាប្រចាំតាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី ៣១ ខែធ្នូ ស្របតាមច្បាប់អន្តរជាតិ»។
កងទ័ពជើងទឹកអាមេរិកបានបន្ថែមថា៖ «ការឆ្លងកាត់របស់នាវាចម្បាំងទាំងនេះតាមច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្ដេជ្ញារបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ។ កងទ័ពរបស់សហរដ្ឋអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការណាដែលអនុញ្ញាតឲ្យដោយច្បាប់អន្តរជាតិ»។
ក្រសួងការពារជាតិចិនមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះករណីនេះនោះទេ៕