ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោសប្រទេសរុស្ស៊ីចំពោះការវាយប្រហារលើគេហទំព័រទាំងឡាយរបស់រដ្ឋាភិបាល ដោយបានអះអាងថា វាជាផ្នែកមួយនៃ«យុទ្ធសាស្ត្រធ្វើសង្គ្រាមតាមប្រព័ន្ធកុំព្យូទ័រ»របស់រដ្ឋាភិបាលក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែនដែលជាសមាជិកនៃអតីតសាធារណរដ្ឋសូវៀត។
ដោយរុស្ស៊ីបានដាក់ពង្រាយយោធាចំនួន១សែននាក់រួចហើយនៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់អ៊ុយក្រែន ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា «ភ័ស្តុតាងទាំងអស់បង្ហាញថា រុស្ស៊ី ស្ថិតនៅខាងក្រោយនៃការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រនេះ»។
«រដ្ឋាភិបាលក្រុងមូស្គូ បន្តធ្វើយុទ្ធសាស្ត្រធ្វើសង្គ្រាមតាមប្រព័ន្ធអ៊ីនធើណិត ហើយកំពុងបង្កើនកម្លាំងរបស់ខ្លួនយ៉ាងសកម្មនូវនៅក្នុងផ្នែកព័ត៌មាន និងប្រព័ន្ធកុំព្យូទ័រ»។ នេះ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរៀបចំផែនការឌីជីថលនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីក្រុមហ៊ុន Microsoft បាននិយាយថា ប្រព័ន្ធកុំព្យូទ័ររាប់សិបរបស់ទីភ្នាក់ងាររដ្ឋាភិបាលអ៊ុយក្រែនជាច្រើន បានរងផលប៉ះពាល់ដោយកម្មវិធី Malware ដែលក្លែងបន្លំជាកម្មវិធីជម្រិតប្រាក់ Ransomware។
រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតពីការចោទប្រកាន់របស់អ៊ុយក្រែនអំពីការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រនេះ។
ការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ កើតឡើងនៅពេលមានការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ី ៨ឆ្នាំ ក្រោយពីរដ្ឋាភិបាលក្រុងមូស្គូ បានកាន់កាប់ឧបទ្វីប Crimea របស់អ៊ុយក្រែន។
ការចរចាខាងការទូតដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនេះ ទំនងជាជាប់គាំងបន្ទាប់ពីជំនួបជាច្រើនលើកនៅក្នុងទីក្រុងហ្សឺណែវ ព្រុចសែល និងវីយែនកាលពីសប្តាហ៍មុនដែលមិនបាននាំឲ្យមានដំណោះស្រាយណាមួយនោះ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បានប្រាប់កម្មវិធី «Face the Nation» នៃបណ្តាញទូរទស្សន៍ CBS ថា សហរដ្ឋអាមេរិក នៅតែប្រុងប្រៀបរៀបចំខ្លួនដើម្បីបន្តការចរចាខាងការទូតជាមួយរុស្ស៊ីអំពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន ក៏ប៉ុន្តែ នឹងឆ្លើយតបដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ប្រសិនបើលោកប្រធានាធិបតី Vladimir Putin ឈ្លានពានប្រទេសអ៊ុយក្រែននោះ។
ក្រុមហ៊ុន Microsoft បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនបានរកឃើញកម្មវិធី Malware កាលពីថ្ងៃព្រហស្បតិ៍ជួនគ្នាជាមួយនឹងការវាយប្រហារដែលបានកើតមានឡើងដំណាលគ្នានៅលើប្រព័ន្ធគេហទំព័ររបស់រដ្ឋាភិបាលអ៊ុយក្រែនប្រហែល ៧០៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agenceនិង Reuters។