រដ្ឋាភិបាលស.រ.អាបានចេញសេចក្តីព្រមានជាថ្មីទៀតថា ក្រុមរដ្ឋឥស្លាមប្រហែលជាមានសមត្ថភាពក្នុងការផលិតលិខិតឆ្លងដែនក្លែងក្លាយដែលដូចនឹងលិខិតឆ្លងដែនស៊ីរី។ នេះជាការព្រួយបារម្ភជាថ្មីទៀតថា ក្រុមជ្រុលនិយមនេះអាចនឹងបន្លំចូលទៅបស្ចឹមប្រទេសបាន។
យោងតាមរបាយការណ៍មួយរបស់ទីភ្នាក់ងារអន្តោប្រវេសន៍ និងគយរបស់អាមេរិកបានឲ្យដឹងថា ក្រុមរដ្ឋឥស្លាមនេះមានម៉ាស៊ីនបោះពុម្ភលិខិតឆ្លងដែនស៊ីរី សៀវភៅលិខិតឆ្លងដែនមិនទាន់ប្រើ និងទិន្នន័យពីពលរដ្ឋពិតៗរបស់ពលរដ្ឋស៊ីរី។
របាយការណ៍នេះបានផ្សាយដោយទូរទស្សន៍ស៊ីអឹនអឹន (CNN) កាលពីថ្ងៃសុក្រ ហើយបាន ចេញ ផ្សាយដោយទីភ្នាក់ងារអនុវត្តច្បាប់របស់ស.រ.អា ដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពតាមព្រំដែន បន្ទាប់ពីមានការវាយប្រហារកាលពីពេលថ្មីៗនេះ ដែលមានជាប់ទាក់ទិននឹងក្រុមរដ្ឋឥស្លាម។
ទូរទស្សន៍ ABC រាយការណ៍ថា របាយការណ៍របស់រដ្ឋាភិបាលក៏បានព្រមានថា «អាចមានលទ្ធភាពដែលមានមនុស្សមកពីប្រទេសស៊ីរីកាន់លិខិតឆ្លងដែនដែលចេញដោយទីក្រុងដែលគ្រប់គ្រងដោយក្រុមរដ្ឋឥស្លាម ឬមានលិខិតឆ្លងដែនមិនទាន់ប្រើអាចធ្វើដំណើរមកដល់ទឹកដីស.រ.អា។
លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសស.រ.អាបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានដឹងពីសេចក្តីរាយការណ៍នោះ ដោយលោកបន្ថែមថា មន្ត្រីនានាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែងនេះ ហើយបានហ្វឹកហ្វឺនមន្ត្រីកុងស៊ុលឲ្យចេះពិនិត្យមើលឯកសារក្លែងក្លាយ៕