រដ្ឋបាលលោក Biden ដែលបានព្យាយាមធ្វើឲ្យទីក្រុងមូស្គូមានភាពឯកោខាងការទូតនៅលើឆាកពិភពលោក កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងវិញនូវកិច្ច សហប្រតិបត្តិការបច្ចេកទេសជាមួយរុស្ស៊ីនៅក្នុងតំបន់ភូមិសាស្ត្រដ៏លំបាកបំផុតមួយរបស់ពិភពលោក គឺតំបន់អាកទិក។
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលដោយជោគជ័យក្នុងការបណ្តេញរដ្ឋាភិបាលក្រុងមូស្គូចេញពីវេទិកាអន្តរជាតិផ្សេងៗ រួមទាំងស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអាកាសចរណ៍អន្តរជាតិផងដែរ។
កាលពីឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានឈានរហូតទៅដល់អំពាវនាវឱ្យបណ្តេញរុស្ស៊ីចេញពីក្រុមនៃបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗចំនួន២០ ឬ G20 ដែលជាសំណើមួយដែលបានរលត់ទៅវិញដោយសារតែខ្វះការគាំទ្រ។ ប៉ុន្តែតំបន់ប៉ូល គឺជាកន្លែងមួយដែលក្រុងវ៉ាស៊ីនតោនមិនបានរារាំងរុស្ស៊ីទាំងស្រុងទេ។
ជាពិសេសនៅក្នុងក្រុមប្រឹក្សាតំបន់អាកទិកដែលជាវេទិកាមួយសម្រាប់រដ្ឋចំនួនប្រាំបីនៃតំបន់អាកទិក រួមទាំងសហរដ្ឋអាមេរិកនិងរុស្ស៊ីដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅដូចជាការប្រែប្រួលអាកាសធាតុ ផ្លូវដឹកជញ្ជូន និងសិទ្ធិជនជាតិដើមភាគតិច។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយជាមួយ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការពិភាក្សាអំពីបញ្ហាសន្តិសុខថា៖ «រដ្ឋបាលនេះជឿជាក់ថា ក្រុមប្រឹក្សាអាកទិកគួរតែបន្តធ្វើជាវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋអាកទិក រួមទាំងលើនិរន្តរភាព ការការពារបរិស្ថាន ការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបញ្ហាផ្សេងទៀតដែលមានសារៈសំខាន់ចំពោះប្រទេសជាសមាជិក»។
ដោយសង្រ្គាមនៅអ៊ុយក្រែនហាក់មើលមិនឃើញទីបញ្ចប់ រដ្ឋបាលនេះនៅពេលឥឡូវនេះកំពុងធ្វើការជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សានេះដែលក្នុងនោះមាន កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែតដើម្បីបង្កើតទំនាក់ទំនងឡើងវិញមួយចំនួនជាមួយទីក្រុងមូស្គូដែលត្រូវបានព្យួរទាំងស្រុងភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។
ខណៈដែលកម្មវិធីនានាត្រូវបានផ្អាកកាលពីឆ្នាំមុន រុស្ស៊ីនៅតែជាប្រធានក្រុមប្រឹក្សានេះរហូតដល់ពេលត្រូវប្រគល់តំណែងនេះទៅប្រទេសន័រវេសក្នុងខែឧសភា ឆ្នាំ២០២៣។ លោក Morten Høglund ប្រធានក្រុមប្រឹក្សានៃមន្ត្រីជាន់ខ្ពស់អាកទិកបាននិយាយថា ពួកគេមានបំណងចាប់ផ្តើមការងារលើកម្រិតបច្ចេកទេស។
លោក Høglund បានប្រាប់ VOA ថា៖ «ក្រោមការដឹកនាំជាប្រធានរបស់ន័រវេសនៃក្រុមប្រឹក្សាអាកទិកគឺកំពុងដំណើរការពិគ្រោះយោបល់ជាមួយរដ្ឋអាកទិកទាំងអស់និងអ្នកចូលរួមអចិន្ត្រៃយ៍ជនជាតិដើមភាគតិចដើម្បីបង្កើតគោលការណ៍ណែនាំសម្រាប់បន្តការងារកម្រិតក្រុមជាមួយរដ្ឋអាកទិកទាំងអស់ រួមទាំងសហព័ន្ធរុស្ស៊ីផងដែរ»។
ការទទួលយករបស់រុស្ស៊ីបានបង្ហាញថា រុស្ស៊ីចង់នៅក្នុងក្រុមប្រឹក្សានេះ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រគល់តំណែងប្រធាន លោក Nikolay Korchunov មន្ត្រីតំបន់អាកទិករបស់រុស្ស៊ីបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូចង់បាន«សន្តិសុខដ៏ទូលំទូលាយនៅក្នុងតំបន់» ហើយ«ពិតជាមិនចាប់អារម្មណ៍ក្នុងការបង្កើនភាពតានតឹងនៅក្នុងតំបន់អាកទិកទេ»។
លោក Korchunov បាននិយាយថា៖ «អ្វីទាំងអស់អាចត្រូវបានដោះស្រាយដោយការសុន្ទនាដែលនឹងពង្រឹងការជឿទុកចិត្តគ្នា»។
ការជឿទុកចិត្តគ្នាគឺស្ថិតជាកម្រិតខ្ពស់មួយសម្រាប់ក្រុមប្រឹក្សាដែលផ្អែកលើការយល់ស្របគ្នាទាំងស្រុង។ ដោយប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្គការអូតង់ក្នុងខែមេសា និងស៊ុយអែតនឹងចូលក្នុងពេលឆាប់ៗនេះ ផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីត្រូវបានប្រឆាំងយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក ដែលឥឡូវនេះហៅខ្លួនឯងថា ក្រុមប្រទេសអាកទិកប្រាំពីរ។
ទោះបីជាមានបញ្ហាប្រឈមកាន់តែកើនឡើង ដូចជាផ្ទាំងទឹកកកដែលរលាយយ៉ាងឆាប់រហ័ស ការបាត់បង់ជីវចម្រុះនិងតម្រូវការកើនឡើងសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ គឺមានជម្រើសតិចតួចប៉ុណ្ណោះដែលនៅសេសល់ហើយត្រូវតែស្វែងរកឱកាសសហការគ្នា។
លោក Pavel Devyatkin ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានអាកទិក (Arctic Institute) បាននិយាយថា ភារកិច្ចឥឡូវនេះគឺត្រូវស្វែងរកចន្លោះប្រហោងក្នុងពេលដែលទំនាក់ទំនងការទូតបច្ចុប្បន្ននៅទ្រឹង និងកំណត់កន្លែងណាដែលកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងទម្រង់ផ្សេងទៀតនៃការសន្ទនាមិនមែនរដ្ឋាភិបាលអាចធ្វើទៅបាន និងដើម្បីរៀបចំសម្រាប់ដំណាក់កាលក្រោយជម្លោះ។
លោកបានប្រាប់ VOA ថា៖ «កិច្ចសហប្រតិបត្តិការជាក់ស្តែងអាចបង្កើតទំនុកចិត្ត ជាពិសេសរវាងគូប្រជែង។ ទោះបីជាវិទ្យាសាស្ត្រកម្រិតរដ្ឋាភិបាលអាចត្រូវបានដាក់កម្រិតក៏ដោយ ក៏កិច្ចសហប្រតិបត្តិការនៅកម្រិតបុគ្គលនៅតែអាចគ្រប់គ្រងបាន ប៉ុន្តែមានឧបសគ្គជាច្រើនដូចជាការរឹតបន្តឹងទិដ្ឋាការ និងស្ថានកុងស៊ុលបិទទ្វារ»។
ហេតុផលសម្រាប់កិច្ចសហប្រតិបត្តិការ
ហេតុផលចម្បងគឺទំហំផ្ទៃដីដ៏ធំរបស់រុស្ស៊ី។ ដោយមានផ្ទៃដីប្រហែល១៧លានគីឡូម៉ែត្រការ៉េ រុស្ស៊ីគ្របដណ្តប់លើ៤៥ភាគរយនៃភូមិសាស្ត្រតំបន់អាកទិក ហើយឆ្នេរសមុទ្ររបស់រុស្ស៊ីមានចំនួន៥៣ភាគរយនៃឆ្នេរសមុទ្រនៃមហាសមុទ្រអាកទិក។
ដោយការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យទឹកកកស្រកចុះ ការដឹកជញ្ជូនអន្តរជាតិកំពុងបង្កើនការប្រើប្រាស់ផ្លូវសមុទ្រខាងជើងឬ NSR ដែលបើកតាមឆ្នេរសមុទ្ររបស់រុស្ស៊ីពីសមុទ្រ Barents ទៅច្រកសមុទ្រ Bering។ កប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ NSR ត្រូវការការអនុញ្ញាតពីទីក្រុងមូស្គូ និងការអមដំណើរពីកងនាវាបំបែកទឹកកករបស់រុស្ស៊ី ដែលជាកងនាវាធំជាងគេបំផុតនៅលើពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ«ការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតគឺការបាត់បង់ទិន្នន័យរបស់រុស្ស៊ី»។ នេះបើតាមការថ្លែងរបស់លោក Patrick James សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Southern California។
លោកបានប្រាប់ VOA ថា បើគ្មានការចូលរួមពីទីក្រុងមូស្គូទេ ការស្រាវជ្រាវអាកាសធាតុនឹងត្រូវប៉ះពាល់។ នេះរួមបញ្ចូលទាំងការស្រាវជ្រាវសម្រាប់កម្មវិធីត្រួតពិនិត្យនិងវាយតម្លៃតំបន់អាកទិករបស់ក្រុមប្រឹក្សា ឬ AMAP ដែលបានបង្ហាញឱ្យឃើញថាមានសារៈសំខាន់សម្រាប់គោលនយោបាយសកល។ ការសិក្សារបស់ AMAP ដែលបង្ហាញពីការកើនឡើងនៃសារធាតុគីមីពុលនៅក្នុងឈាមនៃប្រភេទសត្វនៅតំបន់ប៉ូលដែលមានសារៈសំខាន់ចំពោះរបបអាហាររបស់ជនជាតិដើមភាគតិចបានជួយបង្កើតអនុសញ្ញាក្រុងស្តុកខុមនៅឆ្នាំ២០០១ស្តីពីការបំពុលសរីរាង្គជាប្រចាំ។
ទំនាក់ទំនងចិន-រុស្ស៊ី
ការបន្តដាក់ទណ្ឌកម្មដោយលោកខាងលិចបានជំរុញឱ្យរដ្ឋាភិបាលក្រុងមូស្គូពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំងកាន់តែខ្លាំងឡើងជាប្រភពហិរញ្ញប្បទានសម្រាប់គម្រោងថាមពលដូចជាស្ថានីយបង្ហូរប្រេង Yamal LNG និងផែនការហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍតំបន់អាកទិក។
អ្នកស្រី Stephanie Pezard អ្នកវិទ្យាសាស្ត្រនយោបាយជាន់ខ្ពស់ដែលផ្តោតលើសន្តិសុខអាកទិកនៅក្រុមហ៊ុនស្រាវជ្រាវ RAND Corporation បាននិយាយថា៖«ការអភិវឌ្ឍផ្លូវសមុទ្រខាងជើងគឺតែងតែជាគោលដៅរបស់រុស្ស៊ី។ ហើយឥឡូវនេះ ពួកគេមិនមានដៃគូណាម្នាក់ធ្វើបែបនោះទេ លើកលែងតែចិន»។
អ្នកស្រីបានប្រាប់ VOA ថា សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ការវិនិយោគលើកំពង់ផែសមុទ្ររបស់រុស្ស៊ីនឹងជួយដល់ការចូលទៅកាន់ផ្លូវសមុទ្រខាងជើង។ ចិនមិនមានឆ្នេរសមុទ្រអាកទិកទេ ប៉ុន្តែហៅខ្លួនឯងថា ជា«មហាអំណាចនៅជិតអាកទិក»។
លោក Devyatkin នៃវិទ្យាស្ថានអាកទិកបាននិយាយថា កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រប៉ូលរុស្ស៊ី-ចិន គឺមិនច្បាស់លាស់ទេ។
លោកបានមានប្រសាសន៍ថា៖ «ទោះបីជាមានការឃោសនាច្រើនជុំវិញផ្លូវសូត្រតំបន់ប៉ូលក៏ដោយ ក៏មិនមានការដឹកជញ្ជូនពីក្រុមហ៊ុនដឹកជញ្ជូនក្រៅប្រទេសរបស់ចិន ឬ COSCO ទេនៅ តាមបណ្តោយផ្លូវសមុទ្រខាងជើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ។ វាមិនទំនងទេដែលរុស្ស៊ីនឹងអនុញ្ញាតឱ្យមានវត្តមានយោធាចិនអចិន្ត្រៃយ៍នៅ ក្នុងតំបន់អាកទិក ដើម្បីប្រជែងនឹងតំបន់ការពាររបស់ខ្លួននៅក្នុងតំបន់»។
លោក Matthew Funaiole ជាអ្នកជំនាញជាន់ខ្ពស់នៃគម្រោងថាមពលចិននៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិបាននិយាយថា តាមទស្សនៈរបស់ទីក្រុងប៉េកាំង វាមានដែនកំណត់ចំពោះថាតើចិនគួរស្វែងរកការសម្របតាមកម្រិតណាជា មួយទីក្រុងមូស្គូ ខណៈដែលខ្លួនព្យាយាមលើកកម្ពស់ខ្លួនឯងថាជាអ្នកពាក់ព័ន្ធដែលមានទំនួលខុសត្រូវដែលសមនឹងទទួលបានសំឡេងនៅក្នុងកិច្ចការតំបន់អាកទិក។
ហើយខណៈពេលដែលតំបន់ប៉ូលកំពុងលេចចេញជាលំហដែលមានភាពតានតឹងលើផ្នែករចនាសម្ព័ន្ធជាច្រើន លោក Funaiole បាននិយាយថាវាលឿនពេកក្នុងការសន្និ ដ្ឋានថាវាបានក្លាយជាមុខព្រួញមួយផ្សេងទៀតសម្រាប់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ដែលជាទីលានប្រកួតចម្បងនៅតែស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកបានប្រាប់ VOA ថា៖ «តំបន់អាកទិកនឹងមិនជំនួសបញ្ហានោះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង