សហរដ្ឋអាមេរិកនឹងប្រកាសអំពីជំនួយ «ដ៏ធំ» សម្រាប់បណ្ដាប្រទេសដីកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden រៀបចំកិច្ចប្រជុំលើកដំបូងបង្អស់ជាមួយនឹងបណ្ដាមេដឹកនាំនៃប្រទេសទាំងនេះនៅថ្ងៃពុធនេះ។
មេដឹកនាំមកពីប្រទេសដីកោះចំនួន ១២ នៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយប្រទេសពីរផ្សេងទៀតបញ្ជូនអ្នកតំណាងរបស់ខ្លួនមកចូលរួម ហើយប្រទេសអូស្ត្រាលីនិងនូវែលសេឡង់នឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។
លោក Kurt Campbell អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃសេតវិមាន បាននិយាយកាលពីសប្ដាហ៍មុនថា កិច្ចប្រជុំនេះនឹងផ្ដោតលើការដោះស្រាយបញ្ហាមួយចំនួនដូចជាបញ្ហាប្រែប្រួលអាកាសធាតុនិងបញ្ហាសុខភាពជាដើម។
លោកបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានផ្ដោតលើការបង្កើនសន្តិសុខដែនសមុទ្រនិងការទំនាក់ទំនងរបស់បណ្ដាប្រទេសដីកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកជាមួយនឹងប្រទេសមួយចំនួនដូចជាជប៉ុន អូស្ត្រាលី និងឥណ្ឌាជាដើម។
កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងបង្អស់ដែលសហរដ្ឋអាមេរិកបានរៀបចំទទួលស្វាគមន៍មេដឹកនាំជាច្រើនរូបនៃតំបន់មួយដែលខ្លួនបានចាត់ទុកថាដែនសមុទ្រសំខាន់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក៕