ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា អាមេរិក​ប្រឆាំង​នឹង​ការ​កែប្រែ​ដោយ​ឯកតោភាគី​ណា​មួយ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។​​
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​ចង់​បាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​នឹង​បន្ត «ប្រឆាំង​នឹង​ការ​កែប្រែ​ដោយ​ឯកតោ​ភាគី​របស់​ភាគី​ណា​មួយ​លើ​ស្ថានភាព​បច្ចុប្បន្ន [នៃ​ច្រក​សមុទ្រ​តៃវ៉ាន់]»។

ការ​ថ្លែង​របស់​លោក Biden នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់​នៅ​ក្នុង​សុន្ទរកថា​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តាំងពី​ឆ្នាំ ១៩៧១ មក។

លោក Biden បាន​និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​ដឹកនាំ​តាម​រយៈ​ផ្លូវ​ទូត​ដើម្បី​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​នានា។ សហរដ្ឋ​អាមេរិក​ស្វះស្វែង​ចង់​ឱ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​តាំងចិត្ត​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​របស់​ខ្លួន ដែល​គោល​នយោបាយ​នេះ​បាន​ជួយ​បង្ការ​មិន​ឱ្យ​មាន​ជម្លោះ​អស់​រយៈពេល ៤ ទសវត្សរ៍​មក​ហើយ។ ហើយ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ប្រឆាំង​នឹង​ការ​កែប្រែ​ដោយ​ឯកតោ​ភាគី​របស់​ភាគី​ណា​មួយ​លើ​ស្ថានភាព​បច្ចុប្បន្ន [នៃ​ច្រក​សមុទ្រ​តៃវ៉ាន់]»។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សម្រេច​របស់​ខ្លួន​នៅ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៧៩ គឺ​អាស្រ័យ​លើ​ការ​រំពឹងទុក​ដែល​ថា «អនាគត​របស់​កោះ​តៃវ៉ាន់​នឹង​ត្រូវ​កំណត់​តាម​រយៈ​មធ្យោបាយ​សន្តិវិធី» ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) ដូច្នេះ​ដែរ។

ការ​បញ្ជាក់​របស់​លោក Biden នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ CBS កាលពី​ពេល​ថ្មីៗ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ពី​ប្រទេស​ចិន ដែល​នេះ​គឺ​ជា​លើក​ទី ៤ ហើយ​ដែល​លោក​បាន​លើកឡើង​ដូច្នេះ តាំងពី​ពេល​ដែល​លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ដើម​ឆ្នាំ ២០២១ មក។

សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​ណា​មួយ​ទេ​ចំពោះ​តៃវ៉ាន់ ទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក​នេះ៕

XS
SM
MD
LG