នាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ប្រទេសហូឡង់លោក Mark Rutte កំពុងខិតកាន់តែជិតដើម្បីក្លាយជាអគ្គលេខាធិការថ្មីរបស់អង្គការអូតង់ ក្រោយពីមានការគាំទ្រដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា៖ «ប្រធានាធិបតីអាមេរិកលោក Joe Biden បានគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រីរូបនេះជាខ្លាំង ដើម្បីក្លាយជាអគ្គលេខាធិការថ្មីរបស់អង្គការអូតង់»។
អគ្គលេខាធិការអង្គការអូតង់ថ្មីនឹងត្រូវចូលកាន់តំណែងក្នុងពេលដ៏សំខាន់មួយក្នុងខែតុលាខាងមុខ ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការបន្តគាំទ្រដល់កិច្ចប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈពេលត្រូវរៀបចំដើម្បីទទួលយកលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកាផងដែរ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលត្រូវគេរំពឹងថានឹងប្រកួតប្រជែងជាមួយប្រធានាធិបតីកាន់តំណែងបច្ចុប្បន្នលោក Joe Biden បានរងការរិះគន់ជាច្រើនថា មិនមានការតាំងចិត្តពេញលេញក្នុងការការពារសម្ព័ន្ធមិត្តអង្គការអូតង់។ លោក Trump បានលើកឡើងកាលពីដើមខែកុម្ភៈថា រុស្ស៊ីអាចធ្វើអ្វីក៏បានដែរ ដល់ប្រទេសជាសមាជិកអង្គការអូតង់ ដែលមិនបំពេញតាមការចំណាយលើការការពារជាតិរបស់គេ។
លោក Rutte បាននិយាយក្នុងការឆ្លើយតបទៅនឹងការថ្លែងរបស់លោក Trump ថា អឺរ៉ុបគួរត្រូវបញ្ចប់ការផ្តោតទៅលើលោក Trump ហើយត្រូវផ្តោតការប្រឹងប្រែងផ្ទាល់ទៅលើការគាំទ្រប្រទេសអ៊ុយក្រែនវិញ។
ខណៈដែលនេះជាឱកាសមួយដើម្បីធ្វើឱ្យអង្គការអូតង់មានការដឹកនាំដោយភាពចម្រុះ ដែលកន្លងមកតែងតែត្រូវបានដឹកនាំដោយបុគ្គលមកពីអឺរ៉ុបនោះ លោក Rutte នៅពេលនេះជាបេក្ខភាពតែម្នាក់គត់ ដើម្បីស្នងតំណែងនេះពីអគ្គលេខាធិការបច្ចុប្បន្នគឺលោក Jens Stoltenberg។ លោក Rutte ត្រូវការការគាំទ្រពីរដ្ឋជាសមាជិកទាំង ៣១ ប្រទេស ដោយគ្មានការជំទាស់ ដើម្បីក្លាយជាអគ្គលេខាធិការថ្មីរបស់អង្គការសម្ព័ន្ធភាពយោធាមួយនេះ។ មន្ត្រីការទូតពីររូបបានបញ្ជាក់ថា លោក Rutte មកដល់ពេលនេះមានការគាំទ្រសម្រាប់តួនាទីនេះ ពីប្រទេសជាសមាជិកអង្គការអូតង់ចំនួន ២០ ប្រទេសហើយ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន AP។
វេទិកាបញ្ចេញមតិ