កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបដិសេធខ្លាំងចំពោះការរិះគន់របស់លោក Donald Trump ដល់អង្គការអូតង់ ដោយលោកបានពណ៌នាការគាំទ្រអតីតប្រធានាធិបតីរូបនេះថា ជាការគំរាមកំហែងដល់ផលប្រយោជន៍អាមេរិកាំង។
លោកបាននិយាយថា ពួកសាធារណរដ្ឋក្នុងរដ្ឋសភាដែលសម្រេចគាំទ្រវិធានការសភាក្នុងការផ្តល់ជំនួយឱ្យការពារអ៊ុយក្រែន ត្រូវតែជ្រើសរើសរវាង«ឈរជាមួយសហរដ្ឋអាមេរិក ឬជាមួយលោក Trump»។
ថ្លែងនៅឯសេតវិមាន លោក Biden បានរិះគន់ខ្លាំងដល់ការថ្លែងកាលពីចុងសប្តាហ៍ដោយលោក Trump ដែលថា នៅពេលលោកកាន់តំណែងប្រធានាធិបតី លោកបាននិយាយប្រាប់បណ្តាមេដឹកនាំអូតង់ថា លោកនឹងមិនការពារសមាជិកណាដែលមិនបានបង់ប្រាក់ឱ្យប្លុកសន្តិសុខនេះ ហើយថា លោកនឹងគាំទ្រការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងពួកគេ។
លោក Biden បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា៖ «គ្មានប្រធានាធិបតីណាម្នាក់ក្នុងប្រវត្តិសាស្ត្រយើង ដែលបានឱនក្បាលដាក់ជនផ្តាច់ការរុស្ស៊ីទេ។ ខ្ញុំសុំនិយាយជាក់លាក់ តាមដែលខ្ញុំអាចនិយាយបាន គឺថា ខ្ញុំនឹងមិនឱនក្បាលដាក់ជនផ្តាច់ការរុស្ស៊ីដាច់ខាត។ ការធ្វើដូច្នេះជាការល្ងង់ខ្លៅ ជាការអាម៉ាស់ ជាការនាំឱ្យមានគ្រោះថ្នាក់ ជាទង្វើមិនមែនជាអាមេរិកាំងឡើយ»។
លោក Biden បាននិយាយកាលពីថ្ងៃអង្គារ ដោយសុំឱ្យក្រុមសមាជិករដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់កញ្ចប់ជំនួយសន្តិសុខជាទឹកប្រាក់ ៩៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។ ព្រឹទ្ធសភាបានយល់ព្រមលើកញ្ចប់ចំណាយនេះ កាលពីព្រឹកថ្ងៃអង្គារហើយ៕
វេទិកាបញ្ចេញមតិ