រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថា ប្រទេសតួកគី «នឹងចាប់ផ្ដើម» នូវគម្រោងរបស់ខ្លួននៅក្នុងការវាយប្រហារក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះគឺជាវិធានការមួយ ដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួក Kurd និយាយថានឹងមាន «ផលប៉ះពាល់អវិជ្ជមាន» ចំពោះការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ដោយយោងលើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញរវាងលោក Trump និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan យ៉ាងដូច្នេះថា៖ «ទាហានសហរដ្ឋអាមេរិកនឹងមិនគាំទ្រ ឬក៏ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះទេ។ ហើយកងកម្លាំងសហរដ្ឋអាមេរិក ក្រោយពីបានវាយដណ្ដើមតំបន់គ្រប់គ្រងរបស់ពួក ISIS មក នឹងមិនស្ថិតនៅក្នុងតំបន់ផ្ទាល់ទៀតទេ»។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីបានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក «បានដកខ្លួនពីតំបន់ព្រំដែនជាប់ប្រទេសតួកគី»។ កងកម្លាំងនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងតួកគី ដែលពាក់ព័ន្ធនឹងយុទ្ធជន Kurd កាត់បន្ថយសមត្ថភាពការពាររបស់ពួកគេនៅជិតព្រំដែន ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់តួកគី។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា ប្រទេសតួកគីបានគាំទ្របូរណភាពទឹកដីរបស់ប្រទេសស៊ីរី តាំងពីការចាប់ផ្ដើមដំបូងនៃជម្លោះនៅក្នុងប្រទេសស៊ីរី «ហើយនឹងនៅបន្តធ្វើដូច្នេះរហូត»។
អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីបានបញ្ជាក់នៅមុនការប្រកាសរបស់សហរដ្ឋអាមេរិកថា ការលុកលុយរបស់តួកគីនៅក្នុងប្រទេសស៊ីរីនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ចូលទៅក្នុងអស្ថិរភាពគ្មានកាលកំណត់៕