សហរដ្ឋអាមេរិកនឹងដកប្រទេសតួកគីចេញជាផ្លូវការពីកម្មវិធីយន្តហោះចម្បាំងធុន F-35 របស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលតួកគីបានទទួលយកប្រព័ន្ធការពារកាំជ្រួចមីស៊ីលប្រភេទ S-400 របស់រុស្ស៊ី។
សេតវិមាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «ជាអកុសល ការសម្រេចរបស់តួកគីដើម្បីទិញប្រព័ន្ធការពារកាំជ្រួចប្រភេទ S-400 ធ្វើឲ្យការបន្តទាក់ទិននឹងយន្តហោះចម្បាំងធុន F-35 មិនអាចទៅរួច។ យន្តហោះចម្បាំងធុន F-35 របស់សហរដ្ឋអាមេរិក មិនអាចស្ថិតនៅជាមួយគម្រោងប្រមូលការស៊ើបការសម្ងាត់របស់រុស្ស៊ីដែលនឹងត្រូវគេប្រើដើម្បីសិក្សាអំពីបច្ចេកវិទ្យាជឿនលឿនរបស់សហរដ្ឋអាមេរិកនោះ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកជឿថា ការសម្រេចរបស់តួកគីដែលជាសម្ព័ន្ធមិត្តរបស់អង្គការអូតង់ដើម្បីប្រើបច្ចេកវិទ្យាប្រព័ន្ធរ៉ាដាជឿនលឿនរុស្ស៊ី អាចធ្វើឲ្យខូចប្រព័ន្ធយោធារបស់អង្គការអូតង់នៅក្នុងប្រទេសនោះ។ ប្រព័ន្ធការពារកាំជ្រួច S-400 អាចត្រូវគេប្រើដើម្បីដៅលើយន្តហោះចម្បាំងរបស់អង្គការអូតង់នៅតួកគី រួមមានយន្តហោះធុន F-35 ធ្វើនៅសហរដ្ឋអាមេរិកដែលយន្តហោះចម្បាំងទំនើបបំផុតរបស់អង្គការអូតង់។
លោក Mark Esper រដ្ឋមន្រ្តីការពារប្រទេសអាមេរិក ប្រាប់សមាជិកសភាអាមេរិកថា លោកបានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការពារប្រទេសតួកគីនៅក្នុងការនិយាយតាមទូរស័ព្ទថា លោកអាចមានប្រព័ន្ធការពារកាំជ្រួច F-400 ឬយន្តហោះចម្បាំងអាមេរិក F-35។ លោកមិនអាចមានទាំង២បានទេ។
ការសម្រេចរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាត់ផ្តាច់តួកគីចេញពីបញ្ហានៃយន្តហោះចម្បាំងធុន F-35 មានន័យថា ការផ្តត់ផ្គង់យន្តហោះនោះ បានបញ្ឈប់ ហើយក្រុមហ៊ុនតួកគីនឹងបាត់បង់កិច្ចសន្យាដើម្បីស្ថាបនាផ្នែកសំខាន់ៗរបស់យន្តហោះដ៏ថ្លៃនិងជឿនលឿនបំផុតរបស់សហរដ្ឋអាមេរិក៕