រដ្ឋមន្ត្រី្កក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen មានគម្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបនឹងមន្ត្រីជាន់ខ្ពស់ចិន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីរកវិធីដោះស្រាយទំនាក់ទំនងដែលជាប់គាំងរវាងប្រទេសទាំងពីរ។
ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen នឹងត្រូវចាប់ផ្តើមឡើងពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែកក្កដាខាងមុខនេះ និងអនុវត្តទៅតាមការណែនាំមួយរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដើម្បីធ្វើឱ្យទំនាក់ទំនាក់លើវិស័យមួយចំនួនកាន់តែស៊ីជម្រៅថែមទៀត ដែលក្នុងនោះរួមមានការអភិវឌ្ឍហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចសាកលជាដើម។
សេចក្តីថ្លែងការណ៍នេះ បន្តទៀតថា៖ «ក្នុងពេលស្ថិតនៅរដ្ឋធានីប៉េកាំង លោកស្រី Yellenនឹងពិភាក្សាជាមួយមន្ត្រីចិន អំពីសារៈសំខាន់រវាងប្រទេសទាំងពីរក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់របស់ពិភពលោក ដើម្បីគ្រប់គ្រងទំនាក់ទំនងរបស់យើងប្រកបដោយការទទួលខុសត្រូវ ធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើវិស័យមួយចំនួនដែលមានកង្វល់ ក៏ដូចជាធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមជាសាកលផងដែរ»។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកមួយរូប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកចង់មានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយនិយាយថា ការផ្អាកការធ្វើពាណិជ្ជកម្មនិងវិនិយោគទុនទាំងស្រុង នឹងធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសទាំងពីរនិងសេដ្ឋកិច្ចពិភពលោកផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រីYellenកើតមានឡើង ក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិនកាលពីខែមុន ដែលនៅពេលនោះ លោក Blinken និងប្រធានាធិបតីចិន លោក Xi Jinping បានយល់ស្របគ្នា ក្នុងការធ្វើឱ្យមានស្ថិរភាពលើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានធានាថា វិស័យដែលមានការខ្វែងគំនិតគ្នា នឹងមិនត្រូវឱ្យធ្លាក់ក្នុងជម្លោះនោះឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកមួយរូបនិយាយថា លោកស្រីYellen ក៏មានគម្រោងនឹងពិភាក្សាផងដែរ ពីការបារម្ភរបស់អាមេរិក ទៅលើច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters។
((PLAYBOOK SLUG: US CHINA YELLEN
HEADLINE: US Treasury Secretary to Visit China
TEASER: Janet Yellen has called for healthy, fair economic competition
PUBLISHED: Monday, 07/03/2023 at 01:03 E