ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​នឹង​បញ្ជូន​​ទាហាន​និង​ឧបករណ៍​យោធា​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​និង​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស Mark Esper ចាប់​ដៃ​ជាមួយ​អគ្គ​មេបញ្ជាការ​ John "Jay" Raymond នៅ​សេត​វិមាន កាល​ពី​ចុង​ខែ​សីហា ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​និង​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស Mark Esper ចាប់​ដៃ​ជាមួយ​អគ្គ​មេបញ្ជាការ​ John "Jay" Raymond នៅ​សេត​វិមាន កាល​ពី​ចុង​ខែ​សីហា ២០១៩។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​កាល​ពី​យប់ថ្ងៃ​សុក្រ​ថា​ ស.រ.អា.​នឹង​បញ្ជូនកង​កម្លាំង​យោធា​បន្ថែម​និង​ឧបករណ៍​ការ​ពារ​ដែន​អាកាស​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេសអេមីរ៉ាត​អារ៉ាប់រួម។

សេចក្តី​ប្រកាស​នេះ​មាន​ឡើង​នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ដំណាច់​សប្តាហ៍​មុន​ទៅ​លើ​កន្លែង​ប្រេង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​ពួក​មន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​ បាន​បដិសេធ​ហើយ​នោះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រសួង​ការពារ​ប្រទេស​ស.រ.អា. ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស ​Mark Esper ​បាន​និយាយ​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ «បាន​យល់​ព្រមដល់​ការ​បញ្ជូន​កង​កម្លាំង​ស.រ.អ​.​ដែល​មាន​ភាព​ការពារ»។

លោក​ Esper ​បាន​ថ្លែង​ថា​ ស.រ.អា.​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ដើម្បីកែ​លម្អ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល​នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កញ្ញា ​ដែល​បង្ហាញ​ភាព​ងាយ​រង​គ្រោះ​នៃ​កន្លែង​ប្រេង​ក្នុង​តំបន់​នោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន (drones) និង​កាំជ្រួច​មីស៊ីល​ធុន​ cruise។

លោក​ឧត្តម​សេនីយ៍ Joseph Dunford ​ប្រធាន​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃកង​យោធពល​ស.រ.អា.​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា សេចក្តី​លម្អិត​ទាក់​ទិន​នឹង​ការ​បញ្ជូនទាហាន​និង​យុទ្ធោបករណ៍​ស.រ.អា.​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​នៅ​ដំណាច់​សប្តាហ៍​នេះ​ហើយ​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​សប្តាហ៍​ក្រោយ។

លោក​ Dunford ​បាននិយាយថា៖ «លោក​រដ្ឋមន្ត្រី​ការបរទេស​ Mike Pompeo ទើប​តែ​ត្រឡប់​មក​វិញ​កាល​ពី​ព្រឹក​មិញ​នេះ​ហើយ​ពួក​អារ៉ាប៊ី​សាអូឌីត ​បាន​សុំ​ឱ្យ​មាន​ការ​ជួយ​ពង្រឹង​សមត្ថភាព។​ ​យើង​មិន​ទាន់​បាន​សម្រេច​អំពី​កង​ឯកភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ»។ ក៏​ប៉ុន្តែ​កង​ឯកភាព​ដែល​នឹង​ត្រូវ​ជ្រើស​រើស​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល​ របស់​ប្រទេស​ទាំង​ពីរ​នេះ។

នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ស.រ.អា.​ប្រកាស​អំពី​ការ​បញ្ជូន​ទាហាន​និង​គ្រឿង​ឧបករណ៍​យោធា​ លោក​ឧត្តមសេនីយ៍ Hossein Salami ​អគ្គ​មេ​បញ្ជាការ​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ព្រមាន​ថា​កង​កម្លាំង​លោក «ប្រុង​ប្រៀប​សម្រាប់​សេណារីយ៉ូ​ ណាក៏​ដោយ»។ លោក​ Salami បាន​និយាយ​បន្ថែម​ថា​ «ប្រសិន​បើ​នរណា​ឆ្លង​កាត់​ព្រំដែន​យើង​ យើង​នឹង​វាយ​ប្រហារ​ពួក​គេ»៕

XS
SM
MD
LG