សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ គ្រោងនឹងផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែឧសភា នេះ។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន នឹងប្រកាសជំនួយឥតសំណងរបស់សហរដ្ឋអាមេរិកដល់កម្ពុជានេះនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹកនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។ ប៉ុន្តែមិនមានការបញ្ជាក់ថា តើទឹកប្រាក់ជំនួយនោះមានចំនួនប៉ុន្មាននៅឡើយទេ។
ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩នេះមក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបជាង៣លាន៥សែនដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅកម្ពុជា។ នេះបើផ្អែកតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕