ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវគេរំពឹងថានឹងប្រកាសនៅថ្ងៃអង្គារស្អែក អំពីការសម្រេចចិត្តរបស់លោកនៅក្នុងការបញ្ចប់កម្មវិធីមួយដែលការពារមិនឲ្យមានការបញ្ជូនចេញពីសហរដ្ឋអាមេរិកចំពោះអ្នកដែលត្រូវបានឪពុកម្ដាយរបស់ពួកគេយកមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីពួកគេនៅជាកុមារ។
មន្ត្រីរដ្ឋាភិបាលអាមេរិកដែលរៀបរាប់អំពីវិធានការនេះប្រាប់អ្នកសារព័ត៌មាន បាននិយាយថា វិធានការនោះនឹងមានដាក់បញ្ចូលនូវការពន្យារពេលរយៈពេល ៦ ខែ ដើម្បីទុកពេលឲ្យសភាអាមេរិកដោះស្រាយបញ្ហានេះ។
មន្ត្រីរដ្ឋាភិបាលទាំងនោះក៏បានរំឭកផងដែរថា លោក Trump អាចផ្លាស់ប្ដូរចិត្តរបស់លោក។
កម្មវិធីសកម្មភាពពន្យារពេលសម្រាប់ការធ្វើដំណើរមកដល់សហរដ្ឋអាមេរិកកាលពីកុមារភាព ដែលហៅកាត់ថា DACA បានផ្អាកការបញ្ជូនមនុស្សជិត ៨ សែននាក់ ចេញពីសហរដ្ឋអាមេរិក ដោយផ្ដល់នូវប័ណ្ណការងារដែលអាចសុំឡើងវិញក្នុងរយៈពេលពីរឆ្នាំម្ដង សម្រាប់បេក្ខជនណាដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានប័ណ្ណនេះ។
អ្វីដែលគេមិនច្បាស់នោះគឺថា តើនឹងមានអ្វីកើតឡើងប្រសិនបើសភាមិនចាត់វិធានការណាមួយមុនពេលដែលរយៈពេល ៦ ខែ នៃការពន្យារពេលនេះផុតកំណត់ ឬក៏ថាតើនឹងមានអ្វីកើតឡើងចំពោះនរណាម្នាក់ដែលប័ណ្ណការងាររបស់អ្នកនោះតម្រូវឲ្យធ្វើឡើងវិញនៅក្នុងអំឡុងពេលនោះ។
កន្លងមក លោក Trump ធ្លាប់បានសន្យានៅពេលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងលុបចោលនូវកម្មវិធីការពារការបញ្ជូនមនុស្សចេញពីសហរដ្ឋអាមេរិកនេះ ដោយលោកបានហៅកម្មវិធីនោះថាជា «ការលើកលែងទោស»។ ចាប់តាំងពីធ្វើជាប្រធានាធិបតីមក លោក Trump បាននិយាយថា បញ្ហានេះគឺជាបញ្ហាដ៏លំបាកជាទីបំផុតមួយដែលលោកបានដោះស្រាយកន្លងមកក្នុងនាមជាប្រធានាធិបតី៕