សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនលែងមានភាពអត់ធ្មត់ទៀតហើយ ហើយកំពុងតែអំពាវនាវឲ្យរុស្ស៊ីនិងលោកប្រធានាធិបតីស៊ីរី Bashar al-Assad គោរពទៅតាមបទឈប់បាញ់ដ៏ផុយស្រួយនោះ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry កំពុងតែចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីនិងស៊ីរីថាអនុវត្តទៅតាមបទឈប់បាញ់នេះដោយអន្លើៗ ខណៈដែលកងកម្លាំងរបស់លោក Assad នៅតែបន្តយុទ្ធនាការរបស់ពួកគេដើម្បីដណ្តើមយកទីក្រុង Aleppo ដែលជាទីក្រុងធំជាងគេនៅក្នុងប្រទេសស៊ីរីនិងជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មកវិញ។
លោក Kerry បានមានប្រសាសន៍កាលពីថ្ងៃពុធនៅក្នុងទីក្រុង Oslo ប្រទេស Norway យ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា បទឈប់បាញ់នេះដាច់រហែកនិងផុយស្រួយ ហើយវាចាំបាច់ណាស់ក្នុងការឲ្យមានបទឈប់បាញ់ដ៏ពិតប្រាកដមួយដែលអាចអនុវត្តបាន»។
លោកបានបន្តថា «ប្រទេសរុស្ស៊ីត្រូវយល់ថា ភាពអត់ធ្មត់របស់យើងមិនមែនមានរហូតនោះទេ វាមានកម្រិត ហើយអាស្រ័យថាតើលោក Assad នឹងមានភាពទទួលខុសត្រូវឬទេ»។
លោក Kerry បាននិយាយថា សមាជិករបស់ក្រុមបះបោរនៅក្នុងប្រទេសស៊ីរីក៏នឹងត្រូវទទួលខុសត្រូវលើការបន្តប្រយុទ្ធគ្នានេះផងដែរ។
បទឈប់បាញ់កាលពីខែកុម្ភៈបានបរាជ័យយ៉ាងខ្លាំង ហើយមានដំណើរវិវឌ្ឍន៍ទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការចរចាទៅលើអន្តរកាលនយោបាយ ដែលបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី១ខែសីហាឆ្នាំ២០១៦។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានបានឆក់យកជីវិតមនុស្សអស់ជាង២សែន៨ម៉ឺននាក់ និងបានបង្ខំឲ្យមនុស្សរាប់លាននាក់ស្វែងរកសិទ្ធិជ្រកកោន ជាពិសេសនៅអឺរ៉ុប ចាប់តាំងពីមានការបង្ក្រាបទៅលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមិនាឆ្នាំ២០១១មក។
លោក Kerry បានទៅកាន់ប្រទេសន័រវែសដើម្បីចូលរួមក្នុងវេទិកាប្រជុំ Oslo ប្រចាំឆ្នាំ ដែលកោះហៅអ្នកសម្របសម្រួលជាន់ខ្ពស់ក្នុងជម្លោះ និងអ្នកធ្វើសេចក្តីសម្រេចចិត្តកំពូល ក៏ដូចជា អ្នកវិភាគ និងអ្នកជំនាញការនានា ដើម្បីចែករំលែកបទពិសោធន៍ កំណត់បញ្ហា និងឆ្លុះបញ្ចាំងពីដំណើរការសម្របសម្រួលនៅក្នុងជម្លោះផងដែរ៕