សហរដ្ឋអាមេរិកនៅថ្ងៃពុធ បានដាក់ក្រុមហ៊ុនចិនចំនួន ២៤ ក្នុងបញ្ជីខ្មៅរបស់ខ្លួន និងកំណត់បុគ្គលមួយចំនួនទាក់ទងនឹងសកម្មភាពសាងសង់និងសកម្មភាពយោធា ក្នុងដែនជម្លោះទឹកនៃតំបន់សមុទ្រចិនខាងត្បូង។
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើកឡើងថា ក្រុមហ៊ុនទាំង ២៤ នោះ បាន«ដើរតួនាទីក្នុងការជួយដល់ក្រុមយោធាប្រទេសចិនក្នុងការសាងសង់និងធ្វើសកម្មភាពយោធាក្នុងតំបន់សមុទ្រចិនខាងត្បូងដែលទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិនោះ»។
ចំណែកក្រសួងការបរទេសអាមេរិកវិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងបិទមិនផ្តល់ទិដ្ឋាការដល់ជនជាតិចិនរូបណា ដែលទទួលខុសត្រូវ ឬពាក់ព័ន្ធក្នុងសកម្មភាពនោះ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយក្នុងសកម្មភាពប្រើកម្លាំងរបស់ចិនប្រឆាំងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងជម្លោះមិនឲ្យអាចប្រើប្រាស់ប្រភពធនធានក្នុងសមុទ្រនេះបាន៕
នេះជាវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិក ក្នុងការបង្ក្រាបទៅលើក្រុមហ៊ុនចិនដែលអាចផ្តល់ការគាំទ្រដល់សកម្មភាពរបស់យោធាចិន។ វិធានការថ្មីនេះក៏កើតមាននៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ ដោយទាំងលោកប្រធានាធិបតី Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden សុទ្ធតែបានរិះគន់ខ្លាំងៗចំពោះប្រទេសចិន។
កន្លងមកសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថាបានបង្កើនហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង និងគំរាមកំហែងបណ្តាប្រទេសអាស៊ានជិតខាងដែលមានជម្លោះ៕