ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​គឺ​លើក​ស្ទួយ​សន្តិភាព​ តែ​មិន​ផ្លាស់ប្តូរ​នយោបាយ​ប្រទេស​ចិន​តែ​មួយ​ទេ​


រូបភាពឯកសារ៖ ក្រុមស្រ្តី​បាញ់ព្រួញតៃវ៉ាន់ដំបូង​ថតរូប​នៅ​ក្នុង​វគ្គហ្វឹកហាត់ Han Kuang ប្រចាំឆ្នាំ ក្នុង​ទីក្រុង Pingtung កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩។
រូបភាពឯកសារ៖ ក្រុមស្រ្តី​បាញ់ព្រួញតៃវ៉ាន់ដំបូង​ថតរូប​នៅ​ក្នុង​វគ្គហ្វឹកហាត់ Han Kuang ប្រចាំឆ្នាំ ក្នុង​ទីក្រុង Pingtung កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩។

គម្រោង​លក់​អាវុធ​តម្លៃ​២,២ពាន់​លាន​ដុល្លារ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​ នៅ​ពេល​ប្រទេស​នេះ​​បង្កើន​ភាព​​គឃ្លើន​លើ​កោះ​តៃវ៉ាន់​ ដែល​គ្រប់គ្រង​ខ្លួន​ឯង​តាម​ប្រជា​ធិបតេយ្យ​​ហើយ​ដែល​ប្រទេស​ចិន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន។​

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា ​ ការ​លក់​អាវុធ​របស់​ខ្លួន​ទៅ​ឲ្យ​កោះតៃវ៉ាន់​មាន​គោល​បំណង​ជំរុញ «សន្តិភាព​និង​ស្ថិរភាព»​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ដែល​ទទួល​ស្គាល់​ «ប្រទេស​ចិនតែ​មួយ»​នោះ​ទេ។​

ប្រទេស​ចិន​បាន​ទាមទារ​ឱ្យ​សហ​រដ្ឋ​អាមេរិក​លុបចោល​ការ​លក់​អាវុធ​នេះ​បន្ទាប់​ពីក្រសួង​ការ​បរទេស​ស.រ.អា.​បាន​យល់​ព្រម​សំណើ​កោះតៃវ៉ាន់​ដើម្បី​ទិញ​សម្ភារៈ​យោធា​ដែល​មាន​តម្លៃ​២,២​ពាន់​លាន​ដុល្លារ។​ កិច្ចព្រម​ព្រៀង​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃច័ន្ទ​ដោយ​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​ការពារ​សន្តិសុខ​នៃ​ក្រសួង​ការពារជាតិ​ស.រ.អា.​នោះ​ រួមមាន​រថក្រោះ​M1A2T Abrams​ចំនួន​១០៨​គ្រឿង​ ​ មីស៊ីល​ Stinger ​បំពាក់​លើស្មា​ប្រឆាំង​យន្តហោះ​ចំនួន​២៥០​ គ្រឿង​និង​មីស៊ីល​ប្រឆាំង​រថក្រោះ​ជាង​១៥០០​គ្រឿង។ ​ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​បរិមាណ​អាវុធ​នេះ​នឹង​មិន​អាច​ផ្លាស់ប្តូរ​តុល្យភាព​យោធា​ជា​មូលដ្ឋាន​នៅ​ក្នុង​តំបន់​នេះ​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.លោក​ស្រី ​Morgan Ortagus ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​

«ចំណាប់​អារម្មណ៍​របស់​យើង​ចំពោះ​តៃវ៉ាន់​ជាពិសេស​ពាក់​ព័ន្ធ​នឹង​ការ​លក់​អាវុធ​ទាំងនេះ​គឺ​ដើម្បី​លើក​កម្ពស់​សន្តិភាព​និង​ស្ថិរភាព​នៅតាម​ច្រក​សមុទ្រ​តៃវ៉ាន់​ ​នៅ​ទូទាំង​តំបន់»។​

អ្នកស្រី​ Ortagus ​បាន​បន្ថែម​ថា៖​

«ជា​ការណ៍​ពិតណាស់​មិន​មាន​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​យូរ​ង្វែង​របស់​យើង​ថាមាន​ ប្រទេស​ចិន​តែមួយ» ​ដែល​ផ្អែក​លើ​មូលដ្ឋាន​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​ចំនួន​៣រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​ហើយ​នឹង​ច្បាប់​ទំនាក់​ទំនងរបស់​កោះ​តៃវ៉ាន់​នោះ។​

មន្ត្រីក្រសួង​ការ​បរទេស​ស.រ.អា.ម្នាក់​បាន​ប្រាប់​វីអូអេ​ថា​ គម្រោង​លក់​អាវុធ​ដែល​បាន​អនុម័ត​នោះ​គឺ​ស្រប​តាម​ច្បាប់​និង​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក។ ​មន្ត្រី​រូប​នេះ​បាន​និយាយ​ថា ​«ការ​ស្នើ​លក់អាវុធ​នេះ​បម្រើ​ផល​ប្រយោជន៍​ជាតិ​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ការ​គាំទ្រ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជា​បន្ត​របស់​កោះ​តៃវ៉ាន់​ ដែល​ជា​អ្នក​ទិញដើម្បីធ្វើ​ទំនើប​កម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​និង​ដើម្បី​រក្សា​សមត្ថភាព​ការពារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត»។​

នៅក្នុង​ទីក្រុង​តៃប៉ិ​ កោះតៃវ៉ាន់​ ​លោក​ស្រី ​Tsai Ing-wen ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​និយាយ​ថា ​អាវុធ​សម្រាប់​ការពារផ្តល់​ដោយ​ស.រ.អា.​នេះ​នឹង​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់​និង​រារាំង​ការ​គំរាម​កំហែង​ខាង​យោធា។ ​នៅក្នុង​សារ​តាម​ tweet ​មួយ​កាលពី​ថ្ងៃអង្គារ​ ​លោកស្រី​ Tsai Ing-wen បាន​និយាយ​ថា ​តៃវ៉ាន់​នឹង​បន្ត​វិនិយោគ​លើវិស័យ​ការពារ​ជាតិ​ ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ខណៈ​កំពុង​លើក​កម្ពស់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។​

កិច្ចព្រម​ព្រៀង​ លក់អាវុធ​នេះ​បាន​ធ្វើឱ្យ​ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែងរបស់​តៃវ៉ាន់​មាន​កំហឹង។​កាលពី​ថ្ងៃអង្គារ​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Geng Shuang ​បាន​អំពាវនាវ​ឲ្យ​អាមេរិក​លុប​ចោល​កិច្ចព្រម​ព្រៀង​នេះ​ជា​បន្ទាន់ដោយ​និយាយ​ថា​ ​វារំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើគោល​ការណ៍ប្រទេស​ចិន​តែមួយ ​ជ្រៀតជ្រែក​យ៉ាងជ្រៅ​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អធិប​តេយ្យភាព​និង​ផល​ប្រយោជន៍​សន្តិសុខ​របស់​ចិន។

លោក ​Geng ​ Shuang ​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ប្រទេស​ចិន​បាន​ដាក់ពាក្យ​បណ្តឹង​ផ្លូវ​ច្បាប់​រួច​ទៅ​ហើយ​ជាមួយ​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​បណ្តាញ​ការ​ទូត។ ​

ប្រទេស​ចិន​និង​កោះតៃវ៉ាន់​បាន​បំបែក​ចេញ​ពី​គ្នា​បន្ទាប់​ពីសង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩​ នៅពេល​កង​កម្លាំង​ជាតិ​និយម​របស់​លោក Chaing Kai-shek's ​ត្រូវ​បាន​ពួក​កុម្មុយនិស្ត​ម៉ៅ​សេទុង​បណ្តេញ​ចេញ​ពីដែន​ដី​គោក​របស់​ចិន​ ​ហើយ​ពួក​គេ​បាន​ស្វែង​រក​កន្លែង​ជ្រកកោននៅ​តៃវ៉ាន់។​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​ថា ​ ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯងនោះ​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​ នឹង​ចូល​កាន់កាប់​ដោយ​ប្រើ​កម្លាំង​យោធា​ប្រសិន​បើ​ចាំ​បាច់។​

សហ​រដ្ឋ​អាមេរិក​បាន​ប្តូរ​ការ​ទទួល​ស្គាល់​ការទូត​ពីកោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ១៩៧៩​ ប៉ុន្តែ​ច្បាប់​តម្រូវ​ឲ្យ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ផ្គត់ផ្គង់​អាវុធ​និង​ការពារ​កោះតៃវ៉ាន់។​

កិច្ចព្រម​ព្រៀង​នេះក៏​បាន​កើតឡើង​ចំ​ពេល​រដ្ឋបាល​របស់​លោក​Donald Trump ​កំពុង​មាន​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ដោយ​ប្រទេស​ទាំងពីរ​បាន​កំណត់​យក​ពន្ធគយ​ពីគ្នា​ទៅ​វិញ​ទៅ​មក​ចាប់តាំង​ពី​ឆ្នាំ​មុន​មក។ ​ការ​ប្រកាស​របស់​ស.រ.អា.ក្នុង​ការ​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក - តៃវ៉ាន់​ដែល​ជា​អង្គការ​តស៊ូ​មតិ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​និង​ជំនួញ​រវាង​សហ​រដ្ឋ​អាមេរិក​និង​កោះ​តៃវ៉ាន់។ ​

លោក ​Rupert Hammond-Chambers ​ប្រធាន​ក្រុម​ប្រឹក្សា​នេះបាន​និយាយ​ថា ​«រថក្រោះនិង​កាំជ្រួច​ទាំងនេះ​នឹងធ្វើ​ឱ្យ​កងទ័ព​កោះ​តៃវ៉ាន់​មាន​សមត្ថភាព​ទាន់​សម័យ​ដើម្បី​ទប់ស្កាត់​និង​បង្កភាពស្មុគ​ស្មាញ​ចំពោះ​ផែន​ការ​របស់កង​កម្លាំង​កងទ័ព​រំដោះ​ប្រជាជន​ចិន​(PLA)​ ដែល​បង្ខិត​បង្ខំ​និង​គំរាម​កំហែង​កោះ​តៃវ៉ាន់។

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាលក្រុង​ប៉េកាំង​និង​រដ្ឋាភិបាលតៃប៉ិ​ត្រូវ​បាន​រារាំង​ចាប់តាំង​ពី​លោក​ស្រី​ប្រធានាធិបតី ​Tsai Ing-wen ​ដែល​ជា​មេ​ដឹកនាំនៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ឯករាជ្យ​ដែល​គាំទ្រ​ឯករាជ្យ​ភាព​ បាន​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦​ ហើយបាន​បដិសេធ​មិនព្រម​ទទួល​យក​គំនិត​ថា​ ​ប្រទេស​ចិន​និង​កោះតៃវ៉ាន់​បានរួម​គ្នា​ជា«ប្រទេស​ចិនតែ​មួយ»។​

តាំងពី​ពេល​នោះ​មក ​រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​បង្កើន​ឥរិយា​បថ​គឃ្លើន​ទៅរករដ្ឋាភិបាលក្រុង​តៃប៉ិ​ ​ដូចជា​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅច្រក​សមុទ្រ​តៃវ៉ាន់​ រារាំង​ការ​ចូល​រួម​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ជាមួយ​អង្គការ​អន្ដរ​ជាតិ​និង​បាន​បញ្ចុះ​បញ្ចូល​ឲ្យប្រទេស​មួយ​ចំនួនផ្លាស់​ប្តូរ​ទំនាក់​ទំនង​ការទូត​ពី​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​វិញ៕​

ប្រែសម្រួលដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG