កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានផ្អាកសេវាផ្ដល់ទិដ្ឋាការជាប្រចាំទាំងអស់នៅតាមប្រទេសភាគច្រើននៅទូទាំងពិភពលោក ដោយសារតែការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬ COVID-19។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក។ នេះគឺជាវិធានការមួយមិនធ្លាប់មានពីមុនមក ដែលនឹងអាចប៉ះពាល់ដល់មនុស្សរាប់សែននាក់។
ក្រសួងការបរទេសមិនបានបញ្ជាក់អំពីថាតើប្រទេសណាខ្លះ និងចំនួនប៉ុន្មាននោះទេដែលសហរដ្ឋអាមេរិកផ្អាកសេវាផ្ដល់ទិដ្ឋាការនេះ ប៉ុន្តែស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសយ៉ាងតិច ៦ ដូចជាកូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង អាល្លឺម៉ង់ និងអេស្ប៉ាញជាដើម បានប្រកាសនៅលើវិបសាយរបស់ខ្លួនថា ពួកគេបានផ្អាក ឬក៏កាត់បន្ថយយ៉ាងច្រើននូវសេវាផ្ដល់ទិដ្ឋាការនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ដូច្នេះថា ស្ថានទូត និងស្ថានកុងស៊ុលនានានៅក្នុងប្រទេសទាំងនេះបានផ្អាកការសម្ភាសន៍ទិដ្ឋាការទាំងអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍នៅត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។
អ្នកនាំពាក្យរូបនោះបានបន្តទៀតថា ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅបរទេស នឹងនៅតែបន្តផ្ដល់សេវាទិដ្ឋាការសម្រាប់ស្ថានការណ៍បន្ទាន់នានាដដែល «នៅពេលដែលមានធនធានគ្រប់គ្រាន់» និងបានបន្ថែមថា សេវាសម្រាប់ពលរដ្ឋអាមេរិកាំងគឺមិនផ្អាកនោះទេ។
អ្នកនាំពាក្យរូបនោះនិយាយដូច្នេះថា៖ «ស្ថានទូតទាំងនេះនឹងបន្តសេវាផ្ដល់ទិដ្ឋាការនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់អាចផ្ដល់កាលបរិច្ឆេទឲ្យបានជាក់លាក់នៅឡើយទេ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា វិធានការនេះនឹងមិនប៉ះពាល់ដល់កម្មវិធីលើកលែងទិដ្ឋាការនោះទេ។ កម្មវិធីលើកលែងទិដ្ឋាការនេះអនុញ្ញាតឲ្យពលរដ្ឋភាគច្រើននៃបណ្ដាប្រទេសដែលបញ្ចូលក្នុងកម្មវិធីនេះអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកបានរយៈពេល ៩០ ថ្ងៃ ឬក៏តិចជាងនេះ សម្រាប់ការធ្វើទេសចរណ៍ ឬក៏អាជីវកម្ម ដោយមិនចាំបាច់មានទិដ្ឋាការ៕