ប្រធានផ្នែកសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិកលោក Vivek Murthy បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃសុក្រថា គ្រឿងស្រវឹងគួរមានបិទស្លាកព្រមានអ្នកផឹកអំពីហានិភ័យនៃជំងឺមហារីក ដោយលោកបានកត់សម្គាល់ថាការផឹកគ្រឿងស្រវឹងបង្កើនហានិភ័យនៃការកើតជំងឺមហារីកដោះ មហារីកពោះវៀន មហារីកថ្លើម និងមហារីកផ្សេងទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Murthy ក៏បានអំពាវនាវផងដែរឲ្យមានការវាយតម្លៃឡើងវិញលើសេចក្ដីណែនាំអំពីការកម្រិតការប្រើប្រាស់គ្រឿងស្រវឹងដើម្បីឲ្យប្រជាពលរដ្ឋអាចថ្លឹងថ្លែងលើហានិភ័យនៃជំងឺមហារីកនៅពេលសម្រេចថាតើត្រូវផឹកគ្រឿងស្រវឹងឬក៏អត់ ឬបើផឹកតើត្រូវផឹកក្នុងកម្រិតប៉ុណ្ណា។ ការព្រមាននេះគឺជាការធ្វើឡើងបន្ថែមទៅនឹងការព្រមាននៅពេលបច្ចុប្បន្នអំពីហានិភ័យនៃការផឹកគ្រឿងស្រវឹងលើទារកក្នុងផ្ទៃនិងហានិភ័យនៃគ្រោះថ្នាក់នៅពេលបញ្ជាម៉ាស៊ីនក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ការិយាល័យរបស់លោក Murthy បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងស្របនឹងរបាយការណ៍ថ្មីនេះថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងគឺជាមូលហេតុនាំមុខទីបីដែលអាចបង្ការបាននៃជំងឺមហារីកនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីថ្នាំជក់ និងភាពធាត់ជ្រុល ដោយបង្កើនហានិភ័យនៃជំងឺមហារីកយ៉ាងតិច ៧ ប្រភេទ»។
ការិយាល័យរបស់លោក Murthy បានបន្ថែមថា ការប្រើប្រាស់គ្រឿងស្រវឹងគឺជាមូលហេតុនៃជំងឺមហារីកចំនួន ១០០.០០០ ករណីនៅសហរដ្ឋអាមេរិក និងការស្លាប់ដោយសារជំងឺមហារីកចំនួន ២០.០០០ ករណីជារៀងរាល់ឆ្នាំ ដែលនេះគឺច្រើនជាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹងចំនួន ១៣.៥០០ ករណីទៅទៀត។
សេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Murthy បានលើកឡើងថា «ទំនាក់ទំនងដោយផ្ទាល់រវាងការប្រើប្រាស់គ្រឿងស្រវឹងនឹងហានិភ័យជំងឺមហារីកគឺបង្ហាញយ៉ាងច្បាស់សម្រាប់ជំងឺមហារីកយ៉ាងតិច ៧ ប្រភេទ [ដែលក្នុងនោះរួមទាំងជំងឺមហារីកបំពង់អាហារ ជំងឺមហារីកមាត់ ជំងឺមហារីកបំពង់ក និងជំងឺមហារីកបំពង់សំឡេងផងដែរ]...មិនថាគ្រឿងស្រវឹងនោះជាប្រភេទអ្វីនោះទេ (ឧទាហរណ៍ដូចជាស្រាបៀរ ស្រា និងស្រាបិតជាដើម)»៕
ប្រធានផ្នែកសុខភាពសាធារណៈអាមេរិកព្រមានពីហានិភ័យនៃជំងឺមហារីកដោយសារការផឹកគ្រឿងស្រវឹង
- Reuters
វេទិកាបញ្ចេញមតិ