លោកវេជ្ជបណ្ឌិត Vivek Murthy ប្រធានផ្នែកសុខភាពសាធារណៈសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាលោកបារម្ភអំពីការកើនឡើងនៃករណីឆ្លងវីរុសបំប្លែងថ្មីនៅក្នុងប្រទេសនិងបានស្តីបន្ទោសផ្នែកខ្លះនៃបញ្ហានេះលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនបានខិតខំឱ្យបានគ្រប់គ្រាន់ក្នុងការលុបព័ត៌មានមិនត្រឹមត្រូវអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំង។
លោក Murthy បានប្រាប់កម្មវិធីទូរទស្សន៍ Fox News Sunday ថា៖ «ខ្ញុំបារម្ភអំពីអ្វីដែលយើងកំពុងមើលឃើញ»។
លោកថ្លែងដូច្នេះខណៈមានការឆ្លងថ្មីចំនួន២៩.០០០ករណីជារៀងរាល់ថ្ងៃនៅសហរដ្ឋអាមេរិកគឺប្រហាក់ប្រហែលនឹងតួលេខខែមេសាឆ្នាំ២០២០នៅពេលជំងឺនេះរាតត្បាតជាលើកដំបូងនៅទូទាំងប្រទេស។ រីរុសបំប្លែងថ្មីប្រភេទដែលតា(delta) ដែលឆ្លងខ្លាំងបង្កបញ្ហាជាពិសេស។លោកបានមានប្រសាសន៍ថា«ជំងឺរាតត្បាតនេះមិនទាន់ចប់ទេ»។
លោកបានមានប្រសាសន៍ថា៖ «ដំណឹងល្អគឺអ្នកដែលបានចាក់វ៉ាក់សាំងនៅតែមានការការពារខ្លាំង»។ប៉ុន្តែលោកបានកត់សម្គាល់ថា៩៥%នៃមរណភាពដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកជាង២៥០នាក់ក្នុងមួយថ្ងៃគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។
លោក Murthy បន្ទរសុន្ទរកថាថ្មីៗរបស់ប្រធានាធិបតី Joe Biden ថាប្រជាជនកំពុង«លង់នឹងព័ត៌មានមិនពិត» ថាវ៉ាក់សាំងមិនមានសុវត្ថិភាពឬមិនចាំបាច់។
លោកប្រធានាធិបតី Biden កាលពីសប្តាហ៍មុនបាននិយាយថាព័ត៌មានមិនពិតនៅលើបណ្តាញសង្គមគឺ«កំពុងសម្លាប់មនុស្ស» ហើយថា« ជំងឺនេះរាតត្បាតចំពោះតែអ្នកដែលមិនបានចាក់វ៉ាក់សាំង»។
ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook)ដែលជនជាតិអាមេរិករាប់លាននាក់ប្រើប្រាស់និយាយថាខ្លួនបានលុបព័ត៌មានមិនពិតចំនួន១៨លានអំពីជំងឺកូវីដ១៩ ។
លោក Murthy បាននិយាយថា៖ «ទោះបីហ្វេសប៊ុកបានធ្វើយ៉ាងនេះក៏ដោយវាមិនគ្រប់គ្រាន់ទេ។ចេតនាល្អប៉ុន្តែខ្ញុំស្នើឱ្យបង្កើនការខិតខំលើសហ្នឹង»៕