បញ្ញាសិប្បនិម្មិត ឬ AI ទទួលបានការអបអរចម្រុះពីស្ថាប័នច្បាប់ក្នុងសហរដ្ឋអាមេរិក ដោយប្រធានតុលាការកំពូលរបស់ប្រទេសនេះ គឺលោក John Roberts បាននិយាយនៅក្នុងរបាយការណ៍ចុងឆ្នាំ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែធ្នូកន្លងទៅនេះ ដោយជំរុញឱ្យមានការ «ប្រុងប្រយ័ត្ន និងដាក់ខ្លួន» ខណៈពេលបច្ចេកវិទ្យាដែលកំពុងមានការវិវត្តន៍ ផ្លាស់ប្តូររបៀបធ្វើការងាររបស់ចៅក្រមនិងមេធាវី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Roberts បានលើកឡើងដោយភាពស្ទាក់ស្ទើរមួយ នៅក្នុងរបាយការណ៍ចុងឆ្នាំរបស់លោក ដែលមានកម្រាស់ ១៣ ទំព័រ។ លោកបានបញ្ជាក់ក្នុងរបាយការណ៍នោះថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានសក្តានុពលក្នុងការបង្កើនការទទួលបានយុត្តិធម៌ សម្រាប់គូក្តីក្តាំដែលខ្សត់ធនធាន ការផ្លាស់ប្តូរការស្រាវជ្រាវឯកសារផ្លូវច្បាប់ និងការជួយដល់តុលាការក្នុងការដោះស្រាយសំណុំរឿងឱ្យបានលឿននិងមានតម្លៃថោកជាងមុន ខណៈពេលដែលលោកក៏បានលើកបញ្ជាក់ពីក្តីបារម្ភលើឯកជនភាពបុគ្គល និងអសមត្ថភាពនៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលអាចប្រើជំនួសឆន្ទានុសិទ្ធរបស់មនុស្សផងដែរ។
ប្រធានតុលាការកំពូលសហរដ្ឋអាមេរិករូបនេះ បានសរសេរទៀតថា៖ «ខ្ញុំទស្សន៍ទាយថា ចៅក្រមដែលជាមនុស្សនឹងត្រូវធ្វើការមួយរយៈពេលតទៅមុខទៀត។ ប៉ុន្តែជាមួយនឹងជំនឿចិត្តស្មើភាពគ្នា ខ្ញុំព្យាករណ៍ថា ការងារតុលាការ ជាពិសេសនៅកម្រិតនៃការកាត់ក្តី នឹងត្រូវទទួលរងការប៉ះពាល់ជាសំខាន់ដោយបច្ចេកវិទ្យា AI នេះ»។
អត្ថាធិប្បាយរបស់ប្រធានតុលាការកំពូលសហរដ្ឋអាមេរិករូបនេះ ជាទឡ្ហីករណ៍ដ៏សំខាន់បំផុតរបស់លោក រហូតមកដល់ពេលនេះ ស្តីពីឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិតទៅលើប្រព័ន្ធច្បាប់ និងជាការជួនពេលគ្នាផងដែរ ជាមួយតុលាការជាន់ទាបជាច្រើនក្នុងសហរដ្ឋអាមេរិក ដែលកំពុងប្រឈមពីរបៀបសម្របខ្លួនយ៉ាងណាឱ្យល្អបំផុតជាមួយនឹងបច្ចេកវិទ្យាថ្មីមួយនេះ ដែលមានសមត្ថភាពលើជំនាញតុលាការ ប៉ុន្តែក៏ឆាប់បង្កើតឱ្យមានរឿងក្លែងបន្លំជាច្រើនផងដែរ ដែលត្រូវបានស្គាល់ថា ជា «ក្តីស្រមើស្រមៃរវើរវាយ»នោះ។
លោក Roberts បានសង្កត់ធ្ងន់ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យា AI ណាមួយ ត្រូវតែមានការប្រុងប្រយ័ត្ន និងការដាក់ខ្លួន»។ លោកបានលើកឧទាហរណ៍មួយ ដែលការក្លែងបន្លំរបស់បច្ចេកវិទ្យា AI បានធ្វើឱ្យមេធាវី លើកយកករណីដែលមិនមាននៅក្នុងឯកសាររបស់តុលាការ ដែលប្រធានតុលាការកំពូលអាមេរិករូបនេះនិយាយថា ជា«ទស្សនៈដ៏អាក្រក់មួយ»។ លោក Roberts មិនបានបរិយាយលម្អិតក្រៅតែពីការលើកឡើងថា ការរកឃើញនេះ បានក្លាយជាព័ត៌មានដ៏សំខាន់កាលពីឆ្នាំ ២០២៣កន្លងទៅ។
ឧទាហរណ៍មួយ លោក Michael Cohen អតីតអ្នកចាត់ចែងនិងជាមេធាវីមួយរូបរបស់លោក Donald Trump បាននិយាយនៅក្នុងឯកសារតុលាការដែលបើកចំហរមួយថា លោកបានផ្តល់សេចក្តីសន្និដ្ឋានដោយច្រឡំទៅឱ្យមេធាវីរបស់លោក តាមសំណុំរឿងក្លែងក្លាយមួយ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI ដែលត្រូវបានដាក់ចូលជាឯកសារផ្លូវការនៅក្នុងតុលាការ។ ឧទាហរណ៍ផ្សេងៗមួយចំនួនទៀត រួមមានករណីក្តីក្តាំក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតនៅក្នុងសេចក្តីសន្និដ្ឋានផ្លូវច្បាប់ ក៏ត្រូវបានគេកត់ត្រាផងដែរ។
តុលាការឧទ្ធរណ៍សហព័ន្ធមួយ នៅក្នុងរដ្ឋ New Orleans កាលពីខែមុន បានបង្កើតឱ្យមានព័ត៌មានសំខាន់ ដោយបើកបង្ហាញនូវអ្វីដែលទំនងដូចជាបទបញ្ញត្តិ ដែលបានស្នើឡើង ដោយតុលាការឧទ្ធរណ៍ចំនួន ១៣ ក្នុងបំណងដើម្បីកំណត់ការប្រើប្រាស់កម្មវិធី AI ដែលចេះនិពន្ធ ដូចជាកម្មវិធី OpenAI's ChatGPT ដោយឱ្យក្រុមមេធាវី បង្ហាញខ្លួននៅចំពោះមុខផងដែរ។
បទបញ្ញតិ្តដែលត្រូវបានស្នើឡើងដោយតុលាការឧទ្ធរណ៍ទី ៥ របស់សហរដ្ឋអាមេរិក នឹងតម្រូវឱ្យមេធាវីត្រូវបញ្ជាក់ថា ពួកគេមិនបានពឹងផ្អែកលើកម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីធ្វើសេចក្តីសន្និដ្ឋានសង្ខេប ឬក៏ត្រូវបានត្រួតពិនិត្យពីភាពត្រឹមត្រូវដោយមនុស្សនូវអត្ថបទសន្និដ្ឋានណាមួយ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI នៅក្នុងសំណុំរឿងដែលគេដាក់ប្តឹងទៅតុលាការនោះឡើយ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
វេទិកាបញ្ចេញមតិ