ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ប្រព័ន្ធ​ស្ទាក់​ចាប់​គ្រាប់មីស៊ីល​បាញ់​ឆ្លង​ទ្វីប


ប្រព័ន្ធ​ចាប់​មីស៊ីល​របស់​អាមេរិក​ត្រូវ​បាន​បាញ់​បង្ហោះ​​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Vandenberg ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
ប្រព័ន្ធ​ចាប់​មីស៊ីល​របស់​អាមេរិក​ត្រូវ​បាន​បាញ់​បង្ហោះ​​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Vandenberg ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​លើក​ទីមួយ​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​ចាប់​គ្រាប់​មីស៊ីល​បាញ់ឆ្លង​ទ្វីប​ទទួល​បាន​ជោគជ័យ។

លោក​ឧត្តមនាវីទោ Jim Syring នៃ​ទីភ្នាក់ងារ​ចាប់​គ្រាប់​មីស៊ីល​បាន​មាន​ប្រសាសន៍​ថា «ការ​ធ្វើតេស្ត​ប្រព័ន្ធ​ចាប់​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ‍»។

សហរដ្ឋអាមេរិក​បាន​ធ្វើ​តេស្ត​ប្រព័ន្ធ​ស្ទាក់​ចាប់​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ទី​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក មួយ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​អំពី​ការ​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន​ថា​ទទួល​បាន​ជោគជ័យ។

លោក​អនុសេនីយ៍​ឯក Jeff Davis អ្នក​នាំពាក្យ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​២២៤​លាន​ដុល្លារ​នេះ​ «គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​រៀន​បាញ់​មីស៊ីល»។ ក៏​ប៉ុន្តែ​ការ​ធ្វើ​តេស្ត​នេះ​ក៏​បង្កើត​ជា​មន្ទិល​សង្ស័យ​អំពី​លទ្ធភាព​របស់​អាមេរិក​ក្នុង​ការការពារ​ខ្លួន​ចំពោះ​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។

​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​កោះ Kwajalein Atoll នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ចំណែក​ឯប្រព័ន្ធ​ស្ទាក់​ចាប់ ​ឬ​បំផ្លាញ​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ក្រោម​ដី នៅ​ទីបញ្ជាការដ្ឋាន​កងកម្លាំង​ជើង​អាកាស Vandenberg ក្នុង​រដ្ឋ California។ ប្រព័ន្ធ​ស្ទាក់​ចាប់​គ្រាប់មីស៊ីល​បាញ់​ឆ្លង​ទ្វីប​នេះ​បានបំផ្លាញ​គ្រាប់មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ត្រឹម​ពាក់កណ្តាល​ផ្លូវ​នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​របស់​ខ្លួន​បាន​ជោគជ័យ ហើយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នាំ​ផ្លូវ​ដ៏​ច្បាស់​ថ្មី​មួយ។ ​

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង យោធា​និយាយ​ថា ការ​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ច័ន្ទ​ពាក់ព័ន្ធ​នឹង​គ្រាប់មីស៊ីល​ប្រភេទ Scud ដែល​ធ្លាក់​ចុះ​នៅ​ចម្ងាយ​ប្រមាណ​៤៥០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សមុទ្រ​ជប៉ុន៕

XS
SM
MD
LG