សម្រាប់អ្នកចូលរួម៣១នាក់មកពីប្រទេសអាស៊ានទាំង១០ សីហា មិនមែនជាខែដែលពួកគេកំពុងធ្វើវិស្សមកាលទេ។ ផ្ទុយទៅវិញពួកគេកំពុងជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងក្រុមមេដឹកនាំជំនួញ ដើម្បីហ្វឹកហាត់និងពិភាក្សាលើបញ្ហាផ្សេងៗដូចជា ថាមពល បច្ចេកវិទ្យាថ្មីៗ សុខភាពសាធារណៈ និងបញ្ហាសន្តិសុខជាដើម។ លោក Joshua White ជានាយកនៃកម្មវិធីវិទ្យាស្ថានសហរដ្ឋអាមេរិកអាស៊ានសម្រាប់ក្រុមមេដឹកនាំកំពុងលេចមុខ ឬ US-ASEAN Institute for Rising Leaders Fellowship។
លោកថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថាអ្វីដែលពិសេសអំពីកម្មវិធីនេះ គឺយើងមានក្រុមមន្ត្រីរដ្ឋាភិបាលដែលមានបទពិសោធន៍លើសពី១០ឆ្នាំ ដែលជាអ្នកដឹកនាំក្នុងជំនាញរបស់ពួកគេរួចជាស្រេចទៅហើយ។ អ្នកខ្លះលេចមុខនៅក្នុងបទពិសោធន៍របស់ពួកគេ មុនពេលពួកគេមកចូលរួមក្នុងកម្មវិធី៤សប្តាហ៍ ដែលជាកម្មវិធីសិក្សាសាលាយ៉ាងប្រកដប្រជា និងឱកាសជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក មន្ត្រីមកពីធនាគារពិភពលោក ព្រមទាំងក្រុមមេដឹកនាំក្នុងវិស័យឯកជន»។
លោក Marc Mealy ជាប្រធានគោលនយោបាយ និងអនុប្រធាននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលមានទីស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នៅក្នុងពិធីសម្ពោធកម្មវិធីនេះ លោកបានប្រាប់ក្រុមអ្នកចូលរួមក្នុងកម្មវិធីថា ចំណងទាក់ទងរវាងពលរដ្ឋមានសារៈសំខាន់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន។
លោកថ្លែងថា៖ «យើងពិតជាចង់ឱ្យកម្មវិធីនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍អាជីពផ្ទាល់ខ្លួនរបស់លោកអ្នក និងសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកអ្នកតែប៉ុណ្ណោះទេ គឺដូចដែល លោកព្រឹទ្ធបុរសបានកត់សម្គាល់ហើយថា យើងក៏ចង់ឱ្យលោកអ្នកជួយយើងដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ អំពីការយល់ឃើញរបស់យើងចំពោះបញ្ហាទាំងឡាយ ចំពោះអាទិភាព ចំពោះ ការព្រួយបារម្ភនានា និងចំពោះមតិផ្សេងៗលើបញ្ហាសំខាន់ៗក្នុងពិភពលោកនាពេលបច្ចុប្បន្ន»។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក កែវ ឈា បានលើកទឹកចិត្តដល់ក្រុមអ្នកចូលរួមរៀនសូត្រពីក្រុមអ្នកដឹកនាំ។
លោកថ្លែងថា៖ «នេះជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងគ្នារវាងពលរដ្ឋនិងពលរដ្ឋ និងជាបណ្តាញសម្រាប់ក្រុមមេដឹកនាំវ័យក្មេង ដើម្បីសម្រួលដល់អភិបាលកិច្ចនៅថ្ងៃអនាគត និងការចូលរួមក្នុងរដ្ឋាភិបាលក្នុងប្រទេសរបស់លោកអ្នក។ លោកអ្នករក្សាទុកនូវបណ្តាញនេះ។ វានឹងជួយដល់ការងាររបស់លោកអ្នក ហើយវានឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង»។
ហើយបណ្តាញទាក់ទងគ្នានេះ អាចជាថាមពលរឹងមាំបំផុតរបស់កម្មវិធីនេះ។ អ្នកចូលរួមជាច្រើននាក់ និយាយថាពួកគេកំពុងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ខណៈដែលពួកគេទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសហរដ្ឋអាមេរិក៕