ក្រសួងការបរទេសអាមេរិកបាននាំមុខគេក្នុងការបញ្ចេញប្រតិកម្ម ចំពោះការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជាលោកបណ្ឌិត កែម ឡី ដោយហៅករណីបាញ់ប្រហារនេះគឺ ជារឿងដ៏បារម្ភ ហើយសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
«យើងមានការរន្ធត់និងបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សម្លាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក JOHN KIRBY អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកថ្ងៃ អាទិត្យ កន្លងទៅនេះ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ក្នុងក្រុងភ្នំពេញ។
លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គមដ៏ល្បីល្បាញ ដែលធ្លាប់តែនិយាយតាមសារព័ត៌មាននានា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ សមត្ថកិច្ចឲ្យដឹងថា លោក កែម ឡី ត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈមួយ។ សពរបស់លោក ត្រូវបានមនុស្សរាប់ពាន់នាក់ ចូលរួមដង្ហែ ទៅតម្កល់នៅវត្តក្ដីចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
លោក JOHN KIRBYអ្នកនាំពាក្យ ក៏បានចូលរួមរំលែក មរណទុក្ខដ៏សែនក្រៀមក្រំនិងស្មោះស្ម័គ្រ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហការី របស់លោក បណ្ឌិត កែម ឡី ផងដែរ ក្រៅពីការកត់សម្គាល់ចំពោះការបេ្តជ្ញានៃការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា។
«យើងកំពុងតាមដានយ៉ាងយកចិត្តទុដាក់នៅក្នុងករណីនេះ និងបានកត់សម្គាល់ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាអោយមានការស៊ើបអង្កេត និងសូមអំពាវនាវអោយអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយម៉ត់ចត់ និងមិនលំអៀង »។
លោក កែម ឡីត្រូវគេស្គាល់ថា ជាអ្នកវិភាគកិច្ចការសង្គមនិងនយោបាយឯករាជ្យ ដែលរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាលនិងបក្សប្រឆាំង ជាពិសេសនៅពេលដែលមានភាពតានតឹងនយោបាយក្រោយការបោះឆ្នោត រហូតទាល់បច្ចុប្បន្ននិងការរិះគន់ទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោកពាក់ព័ន្ធនឹងការកាន់កាប់ក្រុមហ៊ុននិងសេដ្ឋកិច្ចប្រទេសដែលមានទឹកប្រាក់ជាង២០០លានដុល្លារ ដូចដែលមានចេញផ្សាយក្នុងរបាយការណ៍អង្គការ Global Witness កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ ៕