សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមការធ្វើសមយុទ្ធផ្លូវអាកាសដ៏ធំនៅថ្ងៃចន្ទនេះ ដែលមានការចូលរួមពីយន្តហោះចម្បាំងមកពីប្រទេសទាំងពីរចំនួន ១៣០ គ្រឿងក្នុងគោលបំណងធ្វើឱ្យដូចទៅនឹងប្រតិបត្តិការក្នុងពេលសង្គ្រាមពិតប្រាកដរយៈពេល ២៤ ម៉ោងដូច្នេះដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធប្រចាំឆ្នាំនេះដែលហៅថា Vigilant Defense នឹងបន្តធ្វើរហូតដល់ថ្ងៃសុក្រខាងមុខ។ សមយុទ្ធនេះមានការចូលរួមពីយន្តហោះចម្បាំងបំបាំងកាយ F-35 ប្រភេទថ្មីមកពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក្នុងចំណោមយន្តហោះចម្បាំងផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង។
សមយុទ្ធនេះមានបំណងលើកកម្ពស់អន្តរលទ្ធភាពដែលអាចប្រតិបត្តិបានរវាងយោធានៃប្រទេសទាំងពីរតាមរយៈការអនុវត្តបេសកកម្មផ្លូវអាកាសដ៏ធំដូចជាសមយុទ្ធបាញ់គ្រាប់ពិតពីអាកាសទៅដី ប្រតិបត្តិការការពារទប់ការវាយប្រហារតាមផ្លូវអាកាស និងការហ្វឹកហ្វឺនគ្រាអាសន្នផ្សេងទៀតជាដើម។
សមយុទ្ធទាំងនេះធ្វើឡើងចំពេលដែលប្រទេសកូរ៉េខាងជើងបានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីបានថ្កោលទោសកិច្ចសហប្រតិបត្តិការនេះថាជាកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើងនៅក្នុងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួនដោយផ្ដល់ការគាំទ្រផ្នែកសព្វាវុធចំពោះរុស្ស៊ីជាថ្នូរទៅវិញ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Choe Son Hui បាននិយាយកាលពីថ្ងៃសៅរ៍ថា វាជា «ឆន្ទៈមិនប្រែប្រួល» របស់រដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងការពង្រីកទំនាក់ទំនងជាមួយនឹងរុស្ស៊ី។ លោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងដើរតួជាផ្នែក «យុទ្ធសាស្ត្រដ៏មានឥទ្ធិពល» មួយ ប្រសិនបើសន្តិសុខនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់។
អ្នកតំណាងពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Sung Kim បានជួបពិភាក្សាតាមវីដេអូអនឡាញជាមួយនឹងលោក Liu Xiaoming ដែលជាសមភាគីចិនរបស់លោកនៅថ្ងៃចន្ទនេះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកទាំងពីរបានពិភាក្សាអំពី «ឥរិយាបថបង្កអស្ថិរភាពនិងភាពយ៉ាប់យ៉ឺនកើនឡើង» របស់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើងជាមួយនឹងរុស្ស៊ី។
កូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយលើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាជាការហាត់សមដើម្បីឈ្លានពានខ្លួននិងជាភ័ស្តុតាងនៃគោលនយោបាយអរិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកូរ៉េខាងត្បូង៕
ទីក្រុងសេអ៊ូល —