សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនឹងបង្កើនសន្ទុះនិងទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នា និងពង្រីកការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលម្ដងហើយម្ដងទៀត និងកាន់តែញឹកញាប់ជាងមុនរបស់ប្រទេសកូរ៉េខាងជើង។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-sup បានសន្យាធ្វើការឆ្លើយតបឱ្យបានមុតមាំជាងមុនចំពោះអ្វីដែលពួកគេហៅថាជាកម្រិតមិនធម្មតានៃការបង្កហេតុរបស់កូរ៉េខាងជើងនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតរួមគ្នាបន្ទាប់ពីបានជួបពិភាក្សាគ្នាអស់រយៈពេលមួយម៉ោងនៅឯក្រសួងការពារជាតិកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលមក លោក Austin បានធានាចំពោះមន្ត្រីកូរ៉េខាងត្បូងនានាថា ការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅតែរឹងមាំដដែល និងថាក្រសួងការពារជាតិអាមេរិកនឹងប្រើ«សមត្ថភាពផ្នែកការពារទាំងអស់ដែលខ្លួនមាន រួមទាំងសមត្ថភាពការពារដែលប្រើអាវុធធម្មតា អាវុធនុយក្លេអ៊ែរ និងមីស៊ីលផងដែរ» ដើម្បីការពារកូរ៉េខាងត្បូងដែលជាសម្ពន្ធមិត្តជាយូរមកហើយរបស់ខ្លួន។
លោក Austin និងលោក Lee ក៏បាននិយាយផងដែរថា ប្រទេសទាំងពីរនឹងបន្តធ្វើសមយុទ្ធថ្មីដោយការធ្វើត្រាប់នៅខែក្រោយ ក៏ដូចជាសមយុទ្ធនិងការហ្វឹកហាត់បន្ថែមទៀតផងដែរ។
នៅមុនជំនួបរបស់លោកទាំងពីរ មន្ត្រីសហរដ្ឋអាមេរិកបានសន្យាបន្តឡើងវិញនូវការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានៅពេលក្រោយនៅក្នុងឆ្នាំនេះ។
លោក Austin បាននិយាយថា កូរ៉េខាងត្បូងអាចរំពឹងថានឹងទទួលបានការគាំទ្របន្ថែមទៀតក្នុងអំឡុងពេលនៃការដាក់ពង្រាយយុទ្ធោបករណ៍នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកដូចជាយន្តហោះចម្បាំង F-22 និងយន្តហោះចម្បាំង F-35 ជាដើម និងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះ Ronald Reagan Carrier Strike Group។
នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានទាហានប្រហែល ២៨.៥០០ នាក់ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
អាមេរិកនិងកូរ៉េខាងត្បូងបង្កើនសមយុទ្ធដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីកូរ៉េខាងជើង
ទីក្រុងសេអ៊ូល —