មន្ត្រីយោធាម្នាក់នៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃចន្ទ ចំពេលមានភាពតានតឹងទាក់ទងនឹងការបាញ់មីស៊ីលសាកល្បងនាពេលថ្មីៗរបស់កូរ៉េខាងជើង និងការអំពាវនាវឱ្យចាប់ផ្តើមឡើងវិញនូវកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរ។ សមយុទ្ធនេះដែលពីមុនហៅថា Vigilant Ace ពីមុនមានទ័ពរាប់ម៉ឺននាក់ និងយន្តហោះប្រយុទ្ធ យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងទំនើបៗផ្សេងទៀត។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ុន្តែកម្មវិធីនេះ ត្រូវបានកាត់បន្ថយតាំងពីឆ្នាំ ២០១៧ ដើម្បីសម្រួលដល់កិច្ចចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
សម្ព័ន្ធមិត្តនេះ បានចាប់ផ្តើមសមយុទ្ធរយៈពេលប្រាំថ្ងៃ ដោយមិនប្រកាស ឬមិនដាក់ឈ្មោះ។ ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា ភាគីម្ខាងៗមានយន្តហោះប្រយុទ្ធប្រហែល១០០គ្រឿង រួមមានយន្តហោះF-15Ks និង KF-16s និង U.S. F-16s ប៉ុន្តែមិនមានឧបករណ៍ ឬ ទាហានមកពីដីគោកអាមេរិកចូលរួមក្នុងសមយុទ្ធនេះទេ។
អ្នកនាំពាក្យកងទ័ពអាកាសកូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់អំពីសេចក្តីរាយការណ៍នេះទេ។ សមយុទ្ធនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងចេញពីនាវាមុជទឹកក្នុងការសាកល្បងអាវុធជាបន្តបន្ទាប់ចុងក្រោយនេះ។
ប្រទេសកូរ៉េខាងជើងដែលឯកោនេះ ចាត់ទុកថា សមយុទ្ធនៅភាគខាងត្បូងទាំងឡាយជាការហាត់សម្រាប់ធ្វើសង្គ្រាម ហើយបានកាត់ផ្តាច់ខ្សែទូរស័ព្ទសម្រាប់ទាក់ទងគ្នាភ្លាមៗរវាងកូរ៉េទាំងពីរ នៅពេលដែល អាមេរិកនិងកូរ៉េខាងត្បូងបានធ្វើការហ្វឹកហ្វឺនរដូវក្តៅជាប្រចាំកាលពីខែសីហា ដោយចោទរដ្ឋាភិបាលក្រុងសេអ៊ូលថាមាន«ចរិតវៀងវេរ»។
បេសកជនអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង លោក Sung Kim បាននិយាយថាការសាកល្បងអាវុធនេះជា «ការព្រួយបារម្ភ និងនាំឲ្យខូចប្រយោជន៍» ពេលលោកធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ហើយបានជំរុញឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងទទួលយកសំណើដើម្បីពិភាក្សា។
រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបដិសេធសំណើពិភាក្សាដោយចោទថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងក្រុងសេអ៊ូល ប្រើ«ស្តង់ដារពីរ» ដោយរិះគន់កម្មវិធីអាវុធរបស់ខ្លួនដោយនិយាយអំពីការទូតផងនិង បង្កភាពតានតឹងដោយធ្វើសកម្មភាពយោធាផង៕