កាលពីចុងខែសីហា ប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសម្ព័ន្ធមិត្តជិតដិតនានា។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ម្តងហើយម្តងទៀតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានអាយុកាល៥ឆ្នាំរវាងកូរ៉េនិងអាមេរិក ថាជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយដែលបានធ្វើឲ្យមានឱនភាពពាណិជ្ជកម្មដល់ទៅ២៧ពាន់លានដុល្លារដល់ពាណិជ្ជកម្មអាមេរិកកាលពីឆ្នាំមុន ហើយលោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការចរចាឡើងវិញ ឬលុបកិច្ចព្រមព្រៀងនោះចោល។
ការព្រមព្រៀងរក្សាគំនិតរៀងខ្លួន
ដោយមានការជំរុញពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កិច្ចប្រជុំពិសេសដំណាក់កាលដំបូងមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា តាមរយៈការសន្ទនាតាមវីដេអូរវាងលោក Kim Hyun-chong រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង និងសមភាគីរបស់លោកគឺ លោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីចរចាលើការកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
បន្ទាប់ពីពេលនោះមក រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថា ភាគីទាំងសងខាងខ្វែងគំនិតគ្នាលើភាពចាំបាច់ក្នុងការកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី Kim Hyun-chong បាននិយាយថា៖ «យើងយល់ថា ភាគីទាំងសងខាងបានខ្វែងគំនិតគ្នាលើអានុភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូងនិងអាមេរិក មូលហេតុនៅពីក្រោយនៃឱនភាពពាណិជ្ជកម្ម និងភាពចាំបាច់សម្រាប់ការកែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ អាមេរិកនេះ»។
ក្រុមមន្ត្រីកូរ៉េខាងត្បូងនៅតែរក្សាជំហរថា ឱនភាពពាណិជ្ជកម្មទ្វេភាគីមិនមែនដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ប៉ុន្តែដោយសារតែសេដ្ឋកិច្ចមិនសូវល្អរបស់កូរ៉េខាងត្បូង ដែលតម្រូវការសម្រាប់ការនាំចូលមានការធ្លាក់ចុះ ហើយនេះផ្ទុយទៅនឹងសេដ្ឋកិច្ចអាមេរិកដែលមានកំណើនខ្លាំងជាង។
លោក Chung Sye-kyun ប្រធានសភាកូរ៉េខាងត្បូងបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖ «ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចទីផ្សាររបស់កូរ៉េខាងត្បូងមិនល្អទេ ដូច្នេះអាមេរិកមិនមានឱកាសច្រើនក្នុងការលក់ផលិតផលរបស់ខ្លួនដល់ប្រទេសកូរ៉េខាងត្បូងទេ។ ប្រសិនបើសេដ្ឋកិច្ចកូរ៉េខាងត្បូងមានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចអាមេរិកមិនសូវល្អវិញនោះ យើងអាចនឹងមានស្ថានភាពផ្ទុយពីនេះ»។
អ្នកគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មកូរ៉េខាងត្បូងនិងអាមេរិកនៅក្នុងទីក្រុងសេអ៊ូលក៏បានប្រកែកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចអាមេរិក និងពលករអាមេរិកាំង។ កាលពីឆ្នាំមុន ក្រុមហ៊ុនកូរ៉េខាងត្បូងដូចជាក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំ និងក្រុមហ៊ុនផលិតរថយន្ត Hyundai បានជួលពលរដ្ឋអាមេរិកាំងចំនួន៤៥.០០០នាក់ និងបានរួមចំណែកទឹកប្រាក់ចំនួន១៣៨ ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក នេះបើយោងតាមសភាពាណិជ្ជកម្មអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ស្តង់ដារពិសេសរបស់កូរ៉េ
តំណាងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែសីហាថា ខ្លួននឹងបន្តកិច្ចចរចាទ្វេភាគីដើម្បីកែប្រែកិច្ចព្រមព្រៀងនិងបញ្ជាក់ឲ្យបានច្បាស់ពី «បទបញ្ញត្តិដែលពិបាកនឹងអនុវត្តដែលជារឿយៗមិនរាប់បញ្ជូលក្រុមហ៊ុនអាមេរិកាំង ឬបានកំណត់តម្លៃលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិកាំង» ដែលនេះជាបញ្ហាចម្បងធ្វើឲ្យមានការខ្វែងគំនិតគ្នា។
វិស័យផលិតរថយន្តទទួលខុសត្រូវជិត៨០ភាគរយនៃឱនភាពពាណិជ្ជកម្មទ្វេភាគីនេះ ដោយសារតែការលក់រថយន្តអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងមានកំណើនយឺត ខណៈដែលការលក់រថយន្តរបស់កូរ៉េនៅក្នុងសហរដ្ឋអាមេរិកវិញមានការកើនឡើងយ៉ាងខ្លាំង។ សហគមន៍ពាណិជ្ជកម្មអាមេរិកាំងបានបន្ទោសលើឱនភាពនេះថា មួយផ្នែកដោយសារតែការលើកលែងពន្ធតាមរយៈ«ស្តង់ដារពិសេសរបស់កូរ៉េ»ដែលជាញឹកញាប់គេភ្ជាប់ទៅនឹងបទបញ្ញត្តិបរិស្ថានឬនីតិវិធីនៃការធ្វើលិខិតបញ្ជាក់ ដែលពួកគេបានដាក់ដើម្បីការពារទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបរទេសនានា ក្រោយមក ត្រូវបានគេបង្ខំឲ្យចំណាយពេលនិងប្រាក់យ៉ាងច្រើនហួសប្រមាណដើម្បីដោះស្រាយជាមួយនឹងបទបញ្ញត្តិទាំងនេះដែលជាញឹកញាប់ធ្វើឡើងដោយមិនមានការជូនដំណឹង ឬការពន្យល់ច្បាស់លាស់។
អាជ្ញាធរកូរ៉េខាងត្បូងបានថ្លែងសម្រាលស្ថានការណ៍នៃការចោទប្រកាន់ទៅលើការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នានេះដោយថា ការតវ៉ាស្ទើតែទាំងអស់នេះត្រូវបានដោះស្រាយតាមរយៈការចរចាដោយមិនចាំបាច់កែប្រែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ។
រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថា ខណៈដែលកិច្ចប្រជុំមិនបានឈានដល់ការយល់ព្រមគ្នាទៅលើវិធីដើម្បីបន្តកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរក៏មិនបាននិយាយពីការលុបចោលកិច្ចព្រមព្រៀងនោះទេ។
កាសែត Korea Times នៅក្នុងក្រុងសេអ៊ូលកាលពីថ្ងៃទី២៥ ខែសីហា បានចេញផ្សាយបទវិចារណកថាមួយ ដោយផ្តល់យោបល់ដល់រដ្ឋាភិបាលកូរ៉េខាងត្បូងថា៖ «ការវាយប្រហារដ៏ល្អ គឺជាការការពារដ៏ប្រសើរបំផុត» សម្រាប់កិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខ។ កាសែតនេះបានណែនាំឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលដាក់គំនាបលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយការការពារកម្មសិទ្ធិបញ្ញានិងច្បាប់ទាក់ទងនឹងជម្លោះរវាងវិនិយោគិននិងរដ្ឋ ហើយនិងគំរាមឲ្យកាត់បន្ថយការនាំចូលទំនិញកសិកម្មនិងថាមពល ប្រសិនបើស្ថានភាពមានភាពចម្រូងចម្រាសខ្លាំង។
ការបែកបាក់ផ្នែកពាណិជ្ជកម្មដ៏ខ្លាំងកើតឡើងចំពេលមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូលបានបង្ហាញឲ្យឃើញពីសម្ព័ន្ធយោធាជិតដិត និងការគាំទ្ររួមគ្នាក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដើម្បីដាក់សម្ពាធរដ្ឋាភិបាលលោក Kim Jong Un ឲ្យចូលតុចរចាអន្តរជាតិដើម្បីលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ