កងសម្ព័ន្ធមិត្តសន្តិសុខដឹកនាំដោយអង្គការអូតង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ទាហានអាមេរិកាំងម្នាក់ត្រូវបានសម្លាប់នៅពេលបំពេញបេសកកម្មកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនទាហានស.រ.អា.បាត់បង់ជីវិតនៅឆ្នាំនេះក្នុងប្រទេសអាហ្វហ្គានីស្ថាន កើនឡើងដល់១១នាក់ហើយ។
បេសកកម្ម Resolute Support មិនបានផ្តល់សេចក្តីលម្អិតថែមទៀតទេ ហើយមិនទាន់បា្រប់ឈ្មោះទាហាននេះទេដោយរង់ចាំប្រាប់ញាតិសន្តានទាហាននេះសិន។ ការស្លាប់នៃទាហានអាមេរិកាំងរូបនេះដែលត្រូវបាមរាយការណ៍បាននាំឱ្យចំនួនទាហានស.រ.អា.ដែលបានបាត់ជីវិតចាប់តាំងពីសង្គ្រាមអាហ្វហ្គានីស្ថាន បានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០០១ កើនឡើងដល់២,៤៣០នាក់ហើយ។
ពួកបះបោរតាលីបាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាពួកយុទ្ធជនរបស់ពួគគេបានដាក់គ្រាប់បែកនៅតាមដងផ្លូវមួយក្នុងស្រុក Sayedabad ក្នុងខេត្ត Wardak នាប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា គ្រាប់បែកនេះបានផ្ទុះយ៉ាងខ្លាំងត្រូវចំរថពាសដែកអាមេរិកាំងមួយគ្រឿងបណ្តាលឱ្យពួកឈ្លានពាន២នាក់ស្លាប់ហើយបីនាក់ទៀតត្រូវរបួស ទោះណាជាការអះអាងរបស់ពួកបះបោរនេះបានបំប៉ោងតួលេខទាហានបរទេសដែលស្លាប់និងត្រូវរបួសក៏ដោយ។
ការស្ទាក់វាយប្រហារដោយពួកតាលីបាននៅក្នុងស្រុកនេះនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងខែមុនបានបណ្តាលឱ្យទាហានអាមេរិកាំងពីរនាក់បាត់បង់ជីវិត។
នៅពេលជាមួយគ្នានេះ ពួកមន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ VOA ថា ពួកអ្នកដាក់គ្រាប់បែកអត្តឃាតប្រដាប់ដោយអាវុធមួយក្រុមបានឆ្មក់វាយប្រហារលើមូលដ្ឋានប៉ូលិសមួយនៅក្នុងក្រុង Qala-e-Naw ទីរួមខេត្ត Badghis នាផ្នែកនិរតីនៃប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យបុគ្គលិកសន្តិសុខយ៉ាងតិចណាស់បីនាក់ស្លាប់ និងធ្វើឱ្យរបួស៨នាក់ទៀត៕