ដោយសារតែប្រទេសចិនងើបឡើងពីវិបត្តិជំងឺកូវីដ១៩ បានមុនប្រទេសភាគច្រើន ចិនមានពេលវេលា និងធនធានក្នុងការបង្វែរការផ្ដោតរបស់ខ្លួនលើអាទិភាពផ្សេងៗទៀត ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ជាដើម។
ប៉ុន្តែសម្រាប់អ្នកដែលបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចំណាយថវិកាច្រើនជាងមហាអំណាចពិភពលោកផ្សេងទៀត ដើម្បីទិញឥទ្ធិពលនោះ គេឃើញថា សម្រាប់សហរដ្ឋអាមេរិក គឺនៅមានពេលដើម្បីតតាំងនឹងឥទ្ធិពលនោះ។ នេះបើតាមការបញ្ជាក់របស់អតីតបេសកជនសេដ្ឋកិច្ចសហរដ្ឋអាមេរិកប្រចាំប្រទេសចិន។ ហើយការធ្វើដូច្នេះប្រហែលជាមិនពិបាក ឬក៏ត្រូវចំណាយច្រើន ដូចអ្នកខ្លះគិតនោះទេ។
នៅក្នុងរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថាន Brookings សេដ្ឋវិទូ David Dollar បានវិភាគលើគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ដោយសារតែវាជាគម្រោងផ្ដួចផ្ដើមចម្បងដែលរដ្ឋាភិបាលចិនប្រើដើម្បីជះឥទ្ធិពល ដោយការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាង ១០០ នៅលើពិភពលោក។
គម្រោងនេះបានរីកយ៉ាងធំ និងកាន់តែមានឥទ្ធិពល ដែលជាហេតុធ្វើឲ្យសហរដ្ឋអាមេរិកតបតទៅវិញដោយប្រើកម្មវិធីវិនិយោគរបស់ខ្លួនលើតំបន់ «ឥណ្ឌូប៉ាស៊ីហ្វិក» និងរិះគន់យ៉ាងខ្លាំងដល់កម្ចីនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិននោះថាជា «ការទូតបែបអន្ទាក់បំណុល»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីខែឧសភា ឆ្នាំ ២០១៩ ថា៖ «ប្រទេសចិនបានផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធដ៏ពុករលួយ ជាថ្នូរនឹងការទទួលបានឥទ្ធិពលផ្នែកនយោបាយ។ សកម្មភាពការទូតបែបអន្ទាក់បំណុល ដែលពោរពេញដោយអំពើពុករលួយរបស់ចិន បំផ្លាញដល់អភិបាលកិច្ចល្អ»។
មានវិធីមួយចំនួន ដែលសហរដ្ឋអាមេរិកគួរតែឆ្លើយតបទៅនឹងការសម្រេចចិត្តទាំងនេះរបស់ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក Dollar ដែលធ្លាប់ធ្វើជាបេសកជនសេដ្ឋកិច្ចរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣។ នៅពេលបច្ចុប្បន្ននេះ លោកគឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាកិច្ចការប្រទេសចិន នៅវិទ្យាស្ថាន Brookings។
លោក Dollar លើកឡើងថា ចំណុចដំបូងគឺថា មានភាពខ្លាំងខាងផ្នែកបរិមាណ។ សហរដ្ឋអាមេរិកគួរតែសហការជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យសេរីផ្សេងទៀត ដូចជាប្រទេសជប៉ុន និងអូស្ត្រាលីជាដើម ដើម្បីផ្ដល់ដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានា នូវជម្រើសជំនួយបរទេសមួយជំនួសឲ្យជំនួយរបស់ចិន។
អនុសាសន៍ទី ២ របស់លោកគឺថា បណ្ដាប្រទេសប្រជាធិបតេយ្យដែលមានគោលគំនិតដូចគ្នាគួរតែផ្ដល់ទីប្រឹក្សាផ្នែកបច្ចេកទេសដល់បណ្ដាប្រទេស ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន។ ការធ្វើដូច្នេះ គឺអាចឲ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍បន្តទទួលជំនួយពីចិន ប៉ុន្តែ ទីប្រឹក្សាទាំងនោះអាចផ្ដល់ការណែនាំ «ដើម្បីបើកវិស័យផ្សេងៗឲ្យបានទូលំទូលាយប្រកបដោយភាពវ័យឆ្លាត និងដើម្បីគ្រប់គ្រងកុងត្រាស្មុគស្មាញនានា ទាក់ទិននឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ»។ នេះបើយោងតាមអ្វីដែលលោក Dollar បានសរសេរនៅក្នុងរបាយការណ៍នោះ។
របាយការណ៍ដែលមានចំណងជើងថា៖ «ចិន និងបស្ចិមប្រទេសប្រជែងគ្នាផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ (China and the West Competing over Infrastructure in Southeast Asia)» និងដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅនេះ បានសរសេរថា៖
«ទោះបីជាគម្រោងផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិករិះគន់ដលការផ្ដល់កម្ចីរបស់ចិនក៏ដោយ ក៏វាមិនបានផ្ដល់អ្វីច្រើនដល់បណ្ដាប្រទេសអាស៊ាន ទាក់ទិននឹងជម្រើសផ្សេងក្នុងការផ្ដល់កម្ចីនោះទេ ដោយសារតែជំនួយរបស់បស្ចិមប្រទេសបានធ្លាក់ចុះ និងបានបង្វែរចេញផុតពីផ្នែកហេដ្ឋារចនាសម្ព័ន្ធ»។
ចំណុចទី ៣ គឺថា សហរដ្ឋអាមេរិកមិនត្រឹមតែត្រូវសហការជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀតនោះទេ ប៉ុន្តែថែមទាំងត្រូវពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Dollar។
លោកហៅអង្គការអន្តរជាតិទាំងនេះថា មាន «គោលជំហរល្អបំផុត» នៅក្នុងការជួយបណ្ដាប្រទេសអាស៊ានកំពុងអភិវឌ្ឍនានា ឲ្យចាត់ចែងគម្រោងរបស់ចិននៅក្នុងប្រទេសរបស់ខ្លួន ដែលមានតាំងពីគម្រោងផ្លូវដែកនៅក្នុងប្រទេសម៉ាឡេស៊ី រហូតដល់យុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងគ្រោះទឹកជំនន់នៅក្នុងប្រទេសហ្វីលីពីនជាដើម។
ប៉ុន្តែ លោកក៏បានទទួលស្គាល់ផងដែរថា អង្គការទាំងនេះចាំបាច់ត្រូវ «ហ៊ានប្រឈមនឹងហានិភ័យបន្ថែមទៀត» នៅក្នុងការផ្ដល់កម្ចីដែលមានការប្រថុនប្រថានច្រើនដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ណា ដែលអាចធ្លាក់កាន់តែជ្រៅថែមទៀតទៅក្នុងបំណុលរបស់ចិន។
ប្រទេសដែលលោក Dollar យល់ឃើញថា មានហានិភ័យខ្ពស់បំផុតចំពោះបំណុលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឡាវ ដែលជាប្រទេសមិនជាប់សមុទ្រ និងមានព្រំដែនជាប់ប្រទេសចិន។
ការផ្ដោតលើផលប៉ះពាល់នៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិនលើតំបន់អាស៊ីអាគ្នេយ៍ គឺសំខាន់មិនត្រឹមតែដោយសារតែតំបន់នេះមានទីតាំងភូមិសាស្ត្រជិតប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារតែប្រទេសកម្ចី ៣ ក្នុងចំណោមប្រទេសកម្ចីធំៗទាំង ២០ នៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនោះគឺប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងឡាវ។
អនុសាសន៍ទី ៤ របស់លោក Dollar ប្រហែលជាពិបាកនៅក្នុងការទាក់ទាញចំណាប់អារម្មណ៍។ អនុសាសន៍នោះគឺថា សហរដ្ឋអាមេរិកអាចធ្វើការកាន់តែជិតស្និទ្ធជាងមុនជាមួយនឹងចិន និងចូលរួមនៅក្នុងគម្រោងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន។
កន្លងមក សហរដ្ឋអាមេរិកបានប្រឆាំងទៅនឹងគម្រោងធនាគារនេះ នៅពេលដែលវាបានបង្កើតដំបូងនៅក្នុងឆ្នាំ ២០១៥ ដោយសហរដ្ឋអាមេរិកបានជំរុញឲ្យសម្ព័ន្ធមិត្តនានាដូចជាប្រទេសកូរ៉េខាងត្បូងជាដើមកុំឲ្យចូលរួមនៅក្នុងគម្រោងនេះ ដោយលើកឡើងពីបញ្ហាព្រួយបារម្ភមួយចំនួនអំពីតម្លាភាព ច្បាប់បរិស្ថាន និងបទដ្ឋានផ្សេងទៀត។
លោក Antony Blinken អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅពេលនោះថា៖ «អ្វីដែលយើងមិនចង់ឃើញឲ្យកើតឡើងនោះ គឺការប្រជែងគ្នាដោយមិនគិតអំពីស្ដង់ដារ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយគោលជំហររបស់ខ្លួនតាំងពីពេលនោះមក ប៉ុន្តែនៅមិនទាន់ចូលរួមនៅក្នុងគម្រោងធនាគារដែលដឹកនាំដោយប្រទេសចិននេះទេ។
កិច្ចសហប្រតិបត្តិការដូចនេះគឺត្រូវការជាចាំបាច់ ជាពិសេសស្របពេលដែលជំងឺកូវីដ១៩ បានរាតត្បាតសេដ្ឋកិច្ចអាស៊ាន និងបានធ្វើឲ្យប្រទេសទាំងនោះមានតម្រូវការកម្ចីបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Dollar។
លោក Dollar បានលើកឡើងដូច្នេះថា៖ «ការចោទប្រកាន់របស់សហរដ្ឋអាមេរិកអំពី «ការទូតបែបអន្ទាក់បំណុល» របស់ប្រទេសចិន មិនធ្វើឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍចាប់អារម្មណ៍ច្រើនប៉ុន្មាននោះទេ ប៉ុន្តែបែរជាធ្វើឲ្យសហរដ្ឋអាមេរិកហាក់ដូចជាគ្មានភាពកក់ក្ដៅទៅវិញទេ»។
លោកបានបន្ថែមអនុសាសន៍ចុងក្រោយថា៖ «[សហរដ្ឋអាមេរិក]គួរបន្ធូរបន្ថយហោវាសាស្ត្រប្រឆាំងនឹងចិនទៅ»៕
ប្រែសម្រួលដោយ ភី សុភាដា