ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បាញ់​ទម្លាក់​​វត្ថុ​ដែល​មិន​​ស្គាល់​អត្តសញ្ញាណ​ លើ​បឹង​ Huron ក្នុង​រដ្ឋ Michigan


រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​លោក Chad Fish គេ​ឃើញ​​បំណែក​នៃ​បាឡុង​ដ៏​ធំ​មួយ​ធ្លាក់​មក​លើ​មហាសមុទ្រ​អាត្លង់ទិក ក្បែរ​ឆ្នេរ​រដ្ឋ South Carolina សហរដ្ឋ​អាមេរិក ក្រោយ​ត្រូវ​បាញ់​ដោយ​យន្តហោះ​ចម្បាំង​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​លោក Chad Fish គេ​ឃើញ​​បំណែក​នៃ​បាឡុង​ដ៏​ធំ​មួយ​ធ្លាក់​មក​លើ​មហាសមុទ្រ​អាត្លង់ទិក ក្បែរ​ឆ្នេរ​រដ្ឋ South Carolina សហរដ្ឋ​អាមេរិក ក្រោយ​ត្រូវ​បាញ់​ដោយ​យន្តហោះ​ចម្បាំង​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ លោក​ប្រធានាធិបតី Joe Biden បាន​បញ្ជា​ឱ្យយន្តហោះចម្បាំង​អាមេរិក​ បាញ់​ទម្លាក់«វត្ថុ​ដែល​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​បាន» ​មួយ​នៅ​លើបឹង Huron ​ក្នុង​រដ្ឋ Michigan។ ​

ក្រសួង​ការពារ​ជាតិ​បាន​បន្ត​ទៀត​ថា​ វត្ថុ​នេះត្រូវ​បាន​គេ​ជឿ​ជាក់​ថា ដូច​គ្នា​នឹង​វត្ថុ ដែល​ត្រូវ​បាន​គេ​ចាប់​សញ្ញា​បានក្នុង​រដ្ឋ Montana កាល​ពី​ថ្ងៃ​សៅរ៍​ផងដែរ។​ នេះ​ជាវត្ថុទី​៤ហើយ​ ដែល​ត្រូវ​បាន​បាញ់​ទម្លាក់នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។ ​

វត្ថុ​នេះត្រូវ​បានពណ៌នា​ថា​មានរាង​៨​ជ្រុង​ ដែល​មានខ្សែចង​សង​ខាង​ ប៉ុន្តែ​មិន​មាន​វត្ថុ​អ្វី​ដែល​មាន​ទម្ងន់​ធ្ងន់លើនោះឡើយ។​ នេះ​បើ​តាម​មន្ត្រីអាមេរិក​ម្នាក់ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។​

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក Patrick Ryder ​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​ថា​ វត្ថុ​នោះ​មិនផ្តល់​ការ​គំរាម​កំហែង​ផ្នែក​យោធា​ណា​មួយឡើយ ប៉ុន្តែ​វា​បាន​ហោះ​ក្នុងរយៈកម្ពស់៦.១០០​ម៉ែត្រ ដែល​ជា​ការ​គំរាមកំហែងខ្លាំង​ដល់​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ពាណិជ្ជកម្ម។

មេ​បញ្ជាការ​កងទ័ព​អាកាសលោក​ Glen VanHerck ​ដែល​ទទួល​ខុស​ត្រូវ​លើការ​ការពារ​ដែន​អាកាស​អាមេរិក​ បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មាននៅ​ក្នុង​កិច្ចប្រជុំ​មួយ​ថា​ ​ខាង​យោធា​មិន​អាច​បញ្ជាក់​ថា​តើ​វត្ថុ៣​ចុងក្រោយនេះជា​វត្ថុ​អ្វី​ឱ្យពិត​ប្រាកដ​នោះ​ឡើយ​ ហើយ​តើ​វា​ហោះអណ្តែត​លើ​អាកាស​បានយ៉ាង​ដូច​ម្តេច​ ឬ​ក៏​វា​មក​ពី​ណានោះ​ឡើយ។ នេះ​បើ​តាមការចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters៕

XS
SM
MD
LG