ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលស្ថិតក្រោមការរិះគន់ពីសមាជិកសភាសហរដ្ឋអាមេរិកនោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកមិនបានចាត់ទុកបាឡុងចារកម្មរបស់ចិនដែលបានហោះចូលក្នុងដែនអាកាសអាមេរិកមុនពេលត្រូវបានបាញ់ទម្លាក់ក្នុងមហាសមុទ្រអាត្លង់ទិកនោះ ថាជាការរំលោភយ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខជាតិអាមេរិកនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden ដែលមានបំណងនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិន និងមិនចង់ឱ្យភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកើតឡើងហួសពីការគ្រប់គ្រងនោះបានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន Noticias Telemundo ថា លោកមិនសោកស្តាយឡើយក្នុងការរង់ចាំឱ្យបាឡុងនោះហោះរសាត់មកលើផ្ទៃទឹកសិនទើបបាញ់ទម្លាក់វា។ លោកថា «វាមិនមែនជាការរំលោភបំពានខ្លាំងក្លានោះឡើយ។ ខ្ញុំចង់មានន័យថា វាជាការរំលោភទាំងស្រុងទៅលើច្បាប់អន្តរជាតិ។ វាស្ថិតនៅលើដែនអាកាសរបស់យើង។ ហើយនៅពេលវាស្ថិតនៅក្នុងដែនអាកាសរបស់យើងហើយ អ៊ីចឹងយើងចង់ធ្វើម៉េចក៏បានដែរជាមួយនឹងបាឡុងនោះ»។
លោកថា មន្ត្រីយោធាអាមេរិកមានការបារម្ភថា ការបាញ់ទម្លាក់វាលើផ្ទៃដី បាឡុងនិងបំណែកកម្ទេចរបស់វាអាចធ្លាក់លើតំបន់ដែលមានប្រជាជនរស់នៅ។
លោកបន្ថែមទៀតថា «បាឡុងនេះមានទំហំធំណាស់។ តើវានឹងមានអីកើតឡើង ពេលបាញ់ទម្លាក់ហើយវាធ្លាក់ចំសាលារៀនមួយក្នុងតំបន់ឆ្ងាយដាច់ស្រយ៉ាលនោះ? អ៊ីចឹងនឹងមានអ្វីកើតឡើងបើពេលវាធ្លាក់មកនោះ។ ខ្ញុំបានប្រាប់ក្រុមមន្ត្រីយោធាថា អ៊ីចឹងពេលណាគេអាចបាញ់ទម្លាក់វាបាន បាញ់ទៅ។ គេបានសម្រេចចិត្តដ៏វៀងវៃមួយ។ គេបានបាញ់ទម្លាក់វាលើទឹក ហើយបានរកឃើញបំណែកកម្ទេចបាឡុងស្ទើរទាំងស្រុងហើយ។ ហើយបំណែកទាំងនោះនៅល្អ»។
សមាជិកគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យមួយចំនួន បានរិះគន់ថា លោក Biden គួរបាញ់ទម្លាក់បាឡុងនោះឱ្យបានឆាប់ជាងនេះបន្តិច។ បាឡុងចារកម្មរបស់ចិនដែលស្ថិតក្នុងរយៈកម្ពស់មួយនេះត្រូវចាប់សញ្ញាបានពីដំបូងនៅលើរដ្ឋ Alaska របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែមករា៕
លោក Biden ថា បាឡុងចារកម្មរបស់ចិនមិនមែនជាការរំលោភសន្តិសុខអាមេរិកធ្ងន់ធ្ងរទេ
- Reuters
វ៉ាស៊ីនតោន —