កំណត់និពន្ធ៖ អត្ថបទនេះគឺជាអត្ថបទប្រែសម្រួលជាភាសាខ្មែរពីអត្ថបទដើមរបស់សារព័ត៌មាន Reuters ដោយរៀបរៀងឡើងដោយ Jeff Mason និង Bruce Wallace។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ថា លោក និងមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីតម្រូវការក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយបានព្រមព្រៀងថា រាល់ជម្លោះទឹកដីទាំងឡាយគួរតែដោះស្រាយដោយសន្តិវិធី និងស្របទៅតាមផ្លូវច្បាប់។
ប៉ុន្តែ សេចក្ដីថ្លែងការណ៍រួមមួយដែលសម្រេចបានក្រោយកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃជាមួយបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឯរមណីយដ្ឋាន Sunnylands រដ្ឋកាលីហ្វ័រញ៉ា មិនបានរួមបញ្ចូលការលើកឡើងជាក់លាក់ណាមួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាក់ទិននឹងប្រទេសចិនទេ ហើយក៏មិនបានលើកឡើងពីកិច្ចខិតខំមុតមាំណាមួយរបស់អាមេរិក នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះដែរ។
លោក អូបាម៉ា ថ្លែងនៅក្នុងសន្និសីទកាសែតមួយថា មេដឹកនាំទាំងឡាយនៅក្នុងកិច្ចប្រជុំនេះ បានធ្វើការអះអាងជាថ្មីម្ដងទៀត អំពីកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំរបស់ពួកគេក្នុងការគោរពតាមក្រឹត្យក្រមតំបន់ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ និងសិទ្ធិរបស់ប្រទេសទាំងឡាយ មិនថាតូចឬធំនោះទេ។
លោក អូបាម៉ា ថ្លែងថា៖«ពួកយើងបានពិភាក្សាអំពីតម្រូវការឲ្យមានជំហានជាក់លាក់នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបន្ធូរបន្ថយភាពតានតឹង រួមទាំងដើម្បីផ្អាកការវាតទីដែនដីបន្ថែមទៀត ការសាងសង់ និងការដាក់ឲ្យមានវត្តមានយោធានៅក្នុងតំបន់ជម្លោះ។ នៅពេលដែលបណ្ដាប្រទេសក្នុងសមាគមអាស៊ាន និយាយយ៉ាងច្បាស់ដោយមានសំឡេងរួមគ្នានោះ វាអាចជួយបង្កើនសន្តិសុខ ឱកាសនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
បន្ទាប់ពីថ្ងៃទីមួយនៃការពិភាក្សាទៅលើបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយនឹងប្រទេសជាសមាជិកអាស៊ានទាំង១០រួចមក ក្រុមមន្ត្រីសហរដ្ឋអាមេរិក សង្ឃឹមថា នឹងទទួលបានជំហររួមមួយទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង ដែលចិន និងបណ្ដាប្រទេសក្នុងសមាគមអាស៊ានជាច្រើនកំពុងមានជម្លោះនឹងគ្នា ក្នុងការទាមទារទឹកដីនោះ។
ទោះបីជាមានការលើកឡើងយ៉ាងនេះក្ដី មិនមែនប្រទេសទាំងអស់នៅក្នុងសមាគមអាស៊ាន សុទ្ធតែគាំទ្រចំពោះការលើកឡើងអំពីដំណោះស្រាយជុំវិញបញ្ហានេះនោះទេ ហើយប្រទេសខ្លះ មានដូចជាប្រទេសឡាវ ដែលប្រធានអាស៊ាននាពេលបច្ចុប្បន្ននេះ និងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងនោះ មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស្អិតល្មួតជាមួយនឹងចិន។
ជាជាងទាញចំណាប់អារម្មណ៍ទៅលើចិន សេចក្ដីថ្លែងការរួមនេះ បានសង្កត់បញ្ជាក់ទៅលើគោលការណ៍សំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាន រួមទាំងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពនយោបាយនៃប្រទេសទាំងអស់ ហើយនិងកិច្ចខិតខំប្រឹងប្រែងរួមមួយក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
សេចក្ដីថ្លែងការណ៍រួមនេះ ក៏បានបញ្ជាក់បន្ថែមទៀតអំពីកិច្ចខិតខំរួមមួយក្នុងការរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ រួមទាំងសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងក្នុងការហោះហើរលើតំបន់នោះ។
ចិនទាមទារទឹកដីស្ទើរតែទាំងស្រុងនៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេសក្នុងសមាគមអាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងវៀតណាម ក៏ទាមទារផងដែរ។
បណ្ដាញទូរទស្សន៍ Fox News ដែលសម្អាងទៅលើរូបភាពផ្កាយរណបស៊ីវិល បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធាចិន បានដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលដ៏ទំនើប ដែលបាញ់ពីផ្ទៃដីទៅលើអាកាស នៅឯកោះមួយដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
សហរដ្ឋអាមេរិកបានរិះគន់ទៅលើការសាងសង់កោះសិប្បនិម្មិតនិងសំណង់ផ្សេងៗរបស់ចិននៅក្នុងដែនសមុទ្រ ហើយអាមេរិក ក៏បានបើកនាវាចម្បាំងនៅក្បែរដែនជម្លោះ ដើម្បីអះអាងពីសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍។
រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បានស្វះស្វែងធ្វើជាបងធំខាងដែនសមុទ្រតាមរយៈការធ្វើនាវាល្បាតបែបនេះ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី (Hong Lei) បានថ្លែងថា ចិនស្វាគមន៍ចំពោះការឯកភាពរបស់អាមេរិក និងអាស៊ាន ប៉ុន្តែបានអះអាងជាថ្មីម្ដងទៀតអំពីការប្រឆាំងរបស់ខ្លួនចំពោះការលូកដៃរបស់អាមេរិកទៅក្នុងដែនទឹកមានជម្លោះនេះ។
លោក Hong បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖«ប្រទេសចូលពាក់ព័ន្ធដែលមកពីក្រៅតំបន់ មិនគួរបន្ថែមភាពតានតឹងដោយសំញែងសាច់ដុំយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ហើយមិនគួរល្បួងឲ្យបណ្ដាប្រទេសនៅក្នុងតំបន់ ធ្វើសមយុទ្ធយោធារួម ឬចេញសកម្មភាពល្បាត ដោយតម្រង់ទិសដៅទៅលើជនទីបីនោះទេ»។
លោក អូបាម៉ា បានថ្លែងថា សេរីភាពក្នុងការធ្វើនាវាចរណ៍ត្រូវតែប្រកាន់ឲ្យខ្ជាប់ខ្ជួនហើយការធ្វើពាណិជ្ជកម្មដោយស្របច្បាប់ មិនគួរត្រូវបានគេបង្អាក់នោះទេ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការនៅកន្លែងណាក៏ដោយ ឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត ហើយអាមេរិក គាំទ្របណ្ដាប្រទេសទាំងអស់ ឲ្យធ្វើដូចគ្នាដែរ»។
លោកក៏បានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តជួយប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងដែនសមុទ្រ។
លោក អូបាម៉ា ថ្លែងថា ភាគីទាំងពីរមានការរីកចម្រើនទៅមុខខាងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ហើយបានព្រមព្រៀងក្នុងការបង្កើតកិច្ចខិតខំថ្មីមួយ ដើម្បីជួយបណ្ដាប្រទេសអាស៊ានទាំងអស់ ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអាចចូលក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលរហូតមកដល់ពេលនេះ មានប្រទេសបួនជាសមាជិក រួមជាមួយសហរដ្ឋអាមេរិកផងដែរ។
នៅក្នុងសន្និសីទកាសែត លោក អូបាម៉ា បានប្រកាសពីការផ្ដួចផ្ដើមមួយហៅថា US-ASEAN Connect ដែលលោកបានថ្លែងថា នឹងបញ្ចូលមណ្ឌលជាប្រព័ន្ធមួយនៅទូទាំងតំបន់ ដើម្បីធ្វើឲ្យការសម្របសម្រួលនៃការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចមានភាពប្រសើរឡើង៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា