ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​បញ្ចកោណ​បដិសេធ​សេចក្តី​រាយការណ៍​ព័ត៌មាន​​ដែល​លម្អិត​ពី​ការ​បង្កើន​កងទ័ព​នៅ​មជ្ឈិម​បូព៌ា


រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស្តី​ទី​លោក Patrick Shanahan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ២០១៩ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស្តី​ទី​លោក Patrick Shanahan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ២០១៩ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ស្តីទី​លោក​ Patrick Shanahan ​បាន​បដិសេធ​សេចក្តី​រាយការណ៍ដែល​ថា ​កងទ័ព​សហរដ្ឋ​អាមេរិកពី​៥​ពាន់​ទៅ​១​ម៉ឺន​នាក់ ​ប្រហែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ការ​ពារ​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​ពី​ប្រទេស​អ៊ីរ៉ង់។

លោក​ថ្លែង​ថា៖ «មិន​មាន​កងទ័ព​១ម៉ឺន​នាក់​ទេ។ ​មិន​មាន​កងទ័ព​៥ពាន់​នាក់​ទេ។​ នេះ​ជាព័ត៌មានមិន​ត្រឹមត្រូវទេ»។

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មានដោយ​សំដៅ​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ដែល​បាន​រាយការណ៍​ថា ​មន្ទីរ​បច្ចកោណ​បាន​ពិចារ​ណា​អំពី​ការ​បញ្ជូន​កងទ័ព​៥​ពាន់​នាក់​ទៅ​កាន់​តំបន់​នោះ ​ហើយ​ទីភ្នាក់​ងារ​ព័ត៌មាន​ AP ​បាន​រាយការណ៍​ថា ​កងទ័ព​រហូត​ដល់​១ម៉ឺន​នាក់​អាច​ត្រូវ​ដាក់​ពង្រាយ​នៅ​តំបន់​នោះ។

VOA​ បាន​រាយការណ៍​ថា ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ស្តីទី​លោក​ Shanahan ​និងប្រធាន​អគ្គ​សេនាធិការ​ចម្រុះ​លោក​ឧត្តមសេនីយ៍ ​Joseph Dunford ​ផ្តល់​ឲ្យ​លោក​ប្រធានា​ធិបតី​នូវ​ជម្រើស​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹងនៅ​តំបន់​មជ្ឈិម​បូព៌ា ​រួមមាន​លទ្ធភាព​នៃ​ការ​បញ្ជូន​កងទ័ព​សហរដ្ឋ​អាមេរិក​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​នោះ។​

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ស្តីទី ​Shanahan ​បាន​បញ្ជាក់អំពី​រឿង​នេះ​មុន​ពេលជម្រាប​លោក​ប្រធានា​ធិបតី​ត្រួសៗ​នៅ​សេតវិមាន​ដោយ​លោកបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​លោក​បាន​ពិចារណា​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត។

លោក Shanahan ​បាន​និយាយថា៖ «អ្វី​ដែល​យើង​កំពុង​ពិនិត្យ​មើល​គឺ​កត្តា​ដែល​យើង​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការពារ​កម្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។ ការណ៍​នេះ ​អាច​ទាក់​ទិន​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព​សហរដ្ឋ​អាមេរិកបន្ថែម​ទៀត»៕

XS
SM
MD
LG