លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងសួរបញ្ជាក់ប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីការជ្រៀតជ្រែករបស់ប្រទេសលោកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមានការស៊ើបអង្កេតពីរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកដែលលោក ត្រាំ បានអះអាងជា«ការតាមធ្វើទុកបុកម្នេញ»។
ប្រធានាធិបតី ត្រាំ បាននិយាយនៅឯសន្និសីទកាសែតក្នុងចក្រភពអង់គ្លេសបន្ទាប់ពីជួបជាមួយលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ថា «ខ្ញុំគិតថា វាប្រាកដធ្វើឲ្យប៉ះពាល់ប្រទេសរបស់យើង។ វាប្រាកដធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរបស់យើងជាមួយប្រទេសរុស្ស៊ី។ ខ្ញុំគិតថា យើងនឹងមានឱកាសដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ីនិងមានឱកាសដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយប្រធានាធិបតី Putin។ខ្ញុំសង្ឃឹមដូច្នេះ»។
ប្រធានាធិបតីត្រាំបាននិយាយទៀតថា លោកមិនរំពឹងបានលទ្ធផលភ្លាមៗនៅពេលដែលលោកតទល់ជាមួយលោក Putin អំពីបញ្ហានេះ ហើយលោកទស្សន៍ទាយថា លោក Putin នឹងបន្តបដិសេធការចោទប្រកាន់នេះ។
ទើបតែប៉ុន្មានថ្ងៃមុនជំនួប លោក Robert Mueller ស្មាក្តីពិសេសបានចោទប្រកាន់ជនជាតិរុស្ស៊ី១២នាក់កាលពីថ្ងៃសុក្រថា ពួកគេបានលួចចូលក្នុងប្រព័ន្ធកំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យដើម្បីធ្វើឲ្យអន្តរាយដល់ការបោះឆ្នោតនេះ៕