ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​នឹង​ពិចារណា​លើ​សំណើ​ច្បាប់​សេដ្ឋកិច្ច​ផ្ដោត​លើ​ការ​ប្រែប្រួល​អាកាសធាតុ Green New Deal


រូបឯកសារ៖ អ្នកស្រី Alexandria Ocasio-Cortez សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅក្នុងចំណោមអ្នកនយោបាយអាមេរិក កំពុងធ្វើសន្និសីទសារព័ត៌មានអំពីកិច្ចព្រមព្រៀង Green New Deal កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។ 
រូបឯកសារ៖ អ្នកស្រី Alexandria Ocasio-Cortez សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅក្នុងចំណោមអ្នកនយោបាយអាមេរិក កំពុងធ្វើសន្និសីទសារព័ត៌មានអំពីកិច្ចព្រមព្រៀង Green New Deal កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។ 

សំណើ​ច្បាប់​នេះ​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្ទាន់​នូវ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​សេដ្ឋកិច្ច និង​វិសមភាព​ជាតិ​សាសន៍។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ពិចារណា​លើ​សំណើ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ជា​វិធានការ​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់​បំផុត និង​គ្មាន​ចន្លោះ​ប្រហោង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​សភា​លើក​យក​មក​ពិភាក្សា។

សំណើ​ច្បាប់​នោះ​ហៅ​ថា «Green New Deal»។ វា​គឺ​ជា​គោល​នយោបាយ​សេដ្ឋកិច្ច​ផ្ដោត​លើ​ការ​ប្រែប្រួល​អាកាសធាតុ។

សំណើ​ច្បាប់​នេះ​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្ទាន់​នូវ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន និង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​សេដ្ឋកិច្ច និង​វិសមភាព​ជាតិ​សាសន៍។

សំណើ​ច្បាប់​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ការ​អំពាវនាវ​ដ៏​ជាក់​ច្បាស់​មួយ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ខ្លាំងក្លា។

អ្នកស្រី Alexandria Ocasio-Cortez សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា៖ «យើង​ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា សហរដ្ឋ​អាមេរិក​ជា​មេដឹកនាំ​សាកលលោក​នៅ​ក្នុង​ការ​ប្ដូរ​ទៅ​កាន់​ការ​ប្រើ​ថាមពល​កកើត​ឡើង​វិញ​មួយ​រយ​ភាគរយ»។

លោក Edward Markey សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា៖ «យើង​នឹង​ជួយ​សត្វ​លោក​ទាំង​អស់ ដោយ​ការ​ចូលរួម​បង្កើត​ការងារ​ដ៏​ច្រើន»។

វិធានការ Green New Deal នេះ​ជា​សេចក្ដី​សម្រេច​ដែល​មិន​តម្រូវ​ឲ្យ​គោរព​តាម។ វិធានការ​នេះ​មាន​គោល​បំណង​បង្កើត​សេដ្ឋកិច្ច​មួយ​ដែល​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។

វិធានការ​នេះ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​រយៈពេល ១០ ឆ្នាំ ដើម្បី​បង្កើត​ឡើង​វិញ​នូវ​ការ​ផលិត​ថាមពល ការ​ធ្វើ​ដំណើរ ផលិតកម្ម និង​កសិកម្ម។ វិធានការ​នេះ​ក៏​ធានា​ផង​ដែរ​ឲ្យ​មាន​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ឡើង​វិញ​ដល់​អ្នក​ធ្វើការ ការ​អប់រំ​កម្រិត​ឧត្ដម​សិក្សា ការ​ថែ​រក្សា​សុខភាព និង​ផល​ប្រយោជន៍​ចូល​និវត្តន៍។

លោក John Cornyn ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ល្បី​ឈ្មោះ​ខាង​គណបក្ស​សាធារណរដ្ឋ បាន​រិះគន់​គម្រោង​នេះ។

លោក John Cornyn និយាយ​ដូច្នេះ​ថា៖ «សំណើ​ច្បាប់ Green New Deal នេះ គ្មាន​អ្វី​ក្រៅ​ពី​របៀប​វារៈ​សង្គម​និយម ដែល​ត្រូវ​គេ​បន្លំ​ធ្វើ​ជា​គោល​នយោបាយ​បរិស្ថាន​ល្អ​នោះ​ទេ»។

រី​ឯ​លោក John Barrason សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ ក៏​រិះគន់​លើ​សំណើ​ច្បាប់​នេះ​ដែរ។

លោក John Barrason និយាយ​ដូច្នេះ​ថា៖ «វិធានការ Green New Deal នេះ មាន​លក្ខណៈ​ជ្រុល​និយម​គួរ​ឲ្យ​ខ្លាច​ហួសហេតុ​ខុស​ពី​ទម្លាប់​ធម្មតា​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង»។

ការ​ជជែក​ដេញដោល​អំពី​សំណើ​ច្បាប់​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អំពី​វិធី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ។ ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​ថា គណបក្ស​សាធារណរដ្ឋ​ទៅ​វិញ​ទេ​ ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ពួកគេ។

លោក Brian Schatz សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា៖ «យើង​នឹង​យក​ឱកាស​នេះ​ដើម្បី​ជជែក​ដេញដោល​អំពី​បញ្ហា​អាកាសធាតុ ដោយសារតែ​គណបក្ស​សាធារណរដ្ឋ​គ្មាន​គម្រោង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ទេ»។

លោក Chuck Schumer សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ថា នេះ​មិន​មែន​ជា​ល្បែង​លេង​នោះ​ទេ។ នេះ​មិន​មែន​ជា​រឿង​កំប្លែង​លេង​សើច​នោះ​ទេ។ ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជា​ទី​បំផុត»។

អ្នក​តស៊ូ​មតិ​រឿង​នេះ​គាំទ្រ​នឹង​គំនិត​ដែល​ថា វិធានការ Green New Deal នេះ គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ។

លោក Ben Beachy នៃ​អង្គការ Sierra Club និយាយ​ថា៖ «ការ​ប្រែប្រួល​អាកាសធាតុ​មិន​មែន​ជា​រឿង​ចេះ​តែ​ស្មានៗ​នោះ​ទេ។ វា​ជា​រឿង​ដែល​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ទាន់​ពេល​វេលា និង​ស្រប​តាម​ទំហំ​នៃ​យុត្តិធម៌ និង​វិទ្យាសាស្ត្រ​នោះ?»។

អ្នក​រិះគន់​នានា​យល់​ថា វិធានការ​នេះ​គឺ​ជា​មហន្តរាយ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​នឹង​កើត​ឡើង។

លោក Chris Edwards សេដ្ឋវិទូ​នៃ​វិទ្យាស្ថាន Cato និយាយ​ថា៖ «វា​នឹង​ក្លាយជា​ដំណោះស្រាយ​រួម​មួយ​ដែល​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ទោះបីជា​វិធានការ​នេះ​មាន​ភាសា​ទន់ភ្លន់​ល្អ​អំពី​រឿង​ជួយ​ប្រជាពលរដ្ឋ​ក៏​ដោយ ក៏​ខ្ញុំ​គិត​ថា សំណើ​ដែល​ចេញ​ពី​ថ្នាក់​លើ​នេះ​មួយ​ចំនួន​នៅ​ទី​បំផុត​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ»។

ការ​ស្ទង់​មតិ​នានា​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​កាន់តែ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​កម្ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ។ ប៉ុន្តែ ការ​ព្រួយ​បារម្ភ​នេះ​មិន​ទាន់​ជំរុញ​ឲ្យ​មាន​វិធានការ​សំខាន់​ណា​មួយ​ពី​សភា​នៅ​ឡើយ​ទេ។

ដោយសារតែ​គណបក្ស​សាធារណរដ្ឋ​ប្រឆាំង​នឹង​សំណើ​នេះ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​នេះ វិធានការ Green New Deal នេះ គ្មាន​ឱកាស​នឹង​អាច​ឆ្លង​ព្រឹទ្ធសភា​បាន​ទេ។ ប៉ុន្តែ ទោះជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ វា​បាន​ជួយ​បង្កើន​ការ​ពិភាក្សា​រឿង​ប្រែប្រួល​អាកាសធាតុ និង​លើ​វិធានការ​ដោះស្រាយ​អំពី​រឿង​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG