ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ចំណាយដ៏ធំមួយដែលមានទឹកប្រាក់១,១លានលានដុល្លារបន្ទាប់ពីមានការឈ្លោះប្រកែកខាង នយោបាយអស់រយៈពេលជាច្រើនថ្ងៃនិងការគំរាមបិទរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើ ព្រឹទ្ធសភាខកខានមិនបានអនុម័តសេចក្តីព្រាងច្បាប់ចំណាយទេនោះ។
វិធានការនោះ បានត្រូវអនុម័តកាលពីយប់ថ្ងៃសៅរ៍ដោយសម្លេងឆ្នោត៥៦សម្លេងទល់នឹង៤០សម្លេង ដែលផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់បញ្ចប់ឆ្នាំសារពើពន្ធ។ សេចក្តីព្រាងច្បាប់ ឥឡូវនេះនឹងត្រូវបញ្ជូនទៅកាន់សេតវិមានដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា លោក នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះឲ្យក្លាយទៅជាច្បាប់។
សមាជិកព្រឹទ្ធសភា Ted Cruz ខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋតិចសាសដោយមានបំណងឈរឈ្មោះជាប្រធានាធិបតី បានបោះឆ្នោតស្នើឲ្យកាត់បន្ថយថវិកាពីសេចក្តីព្រាងច្បាប់នេះដែលអាចត្រូវប្រើប្រាស់សម្រាប់បញ្ជានីតិប្រតិបត្តិរបស់លោកប្រធានាធិបតីលើបញ្ហាអន្តោប្រវេសន៍។
នៅស្របពេលសេចក្តីព្រាងច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាលស្ទើរតែទាំងអស់រហូតដល់ខែកញ្ញាឆ្នាំក្រោយ សេចក្តីព្រាងច្បាប់នោះបានផ្តល់ថវិកាដល់ក្រសួងសន្តិសុខមាតុភូមិរហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ។បន្ទាប់មក អ្នកគណបក្សសាធារណរដ្ឋ មានបំណងព្យាយាមបង្ខំប្រធានាធិបតីឲ្យដកការគាំទ្រគោលនយោបាយអន្តោប្រវេសន៍របស់លោកដែលលុបចោលនូវការគំរាមកំហែងនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា សេចក្តីព្រាងច្បាប់នោះ រួមមានមាត្រាដែលលោក មិនចូលចិត្ត ក៏ប៉ុន្តែលោកក៏ បានថ្លែងថា មានផ្នែកផ្សេងៗទៀតដែលធ្វើការបញ្ជាក់ពីការបន្តបោះជំហាន ទៅមុខលើផ្នែកធានារ៉ាប់រងសុខភាព ការផ្លាស់ប្តូរអាកាសធាតុ ការអប់រំកុមារភាព និង ការរីកចម្រើនខាងការងារ៕