ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការកំពូល​កងទ័ព​អាមេរិក​ប្រចាំកូរ៉េ​ខាងត្បូង​ថា​ នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅ​តែ​ជា​ការគំរាមកំហែង


រូបឯកសារ៖ លោក​ Robert Abrams មេបញ្ជាការ​ដឹកនាំ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​កូរ៉េ​ខាងត្បូង​
រូបឯកសារ៖ លោក​ Robert Abrams មេបញ្ជាការ​ដឹកនាំ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​កូរ៉េ​ខាងត្បូង​

លោក Abrams បាន​ថ្លែង​ថា «ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​គឺ​ថា​ការប្រកាស​អំពី​ជំនួប​កំពូល​លើក​ទីពីរ​នេះ​គឺ​ជា​សញ្ញាវិជ្ជមាន​នៃ​ការបន្ត​កិច្ចសន្ទនារ​ជាមួយ​គ្នា»។

អគ្គមេបញ្ជាការ​កំពូល​នៃ​កងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសកូរ៉េ​ខាងត្បូង​បាន​ថ្លែង​នៅ​អំឡុងពេល​ធ្វើ​សវនការ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃអង្គារ​ថា​ សមត្ថភាព​កងទ័ព​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នៅតែ​មិនផ្លាស់ប្តូរ​ និង​នៅ​តែ​ជា​ការ​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​ និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នានា។

បើទោះបីជា​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បាន​ចេញ​សេចក្តីថ្លែងការ​ជា​សាធារណៈ​អំពី​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​ក៏ដោយ​ ក៏​លោក​អគ្គមេបញ្ជាការ Robert Abrams ដែល​ជា​មេបញ្ជាការ​ដឹកនាំ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​ទៅ​គណកម្មាធិការ​កិច្ចការ​យោធា​នៃ​ព្រឹទ្ធសភា​ថា «គ្មានការផ្លាស់ប្តូរ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ចំពោះ​សមត្ថភាព​យោធា​កូរ៉េខាងជើង»។

អត្ថាធិប្បាយ​នេះ​បាន​បញ្ជាក់​អំពី​ការជាប់គាំង​ផ្នែក​ការទូត​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងជើង​ចាប់តាំង​ពី​លោកប្រធានាធិបតី Donald Trump និង​មេដឹកនាំ​ Kim Jong Un បាន​ព្រមព្រៀងគ្នា​នៅ​អំឡុងពេល​ជំនួប​កំពូល​កាល​ពី​ខែមិថុនា​នៅ​ប្រទេសសិង្ហបុរី​ ដើម្បី​ធ្វើ​ការ​ឈាន​ទៅ​រក​ការរំលាយ​អាវុធនុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទាំងមូល។ លោក Trump និងលោក Kim បាន​ព្រមព្រៀងគ្នា​រៀបចំ​ជំនួបកំពូល​ជា​លើក​ទីពីរ​នៅចុង​ខែ​នេះ​នៅ​ប្រទេសវៀតណាម។ មន្រ្តី​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា​ ពួកគេ​រំពឹង​ថា​ នឹង​មាន​ដំណើរការ​វិវត្តន៍គួរ​ឲ្យ​កត់សម្គាល់​និង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​នៅក្នុង​ជំនួប​កំពូល​លើក​នេះ។

លោក Abrams បាន​ថ្លែង​ថា «ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​គឺ​ថា​ការប្រកាស​អំពី​ជំនួប​កំពូល​លើក​ទីពីរ​នេះ​គឺ​ជា​សញ្ញាវិជ្ជមាន​នៃ​ការបន្ត​កិច្ចសន្ទនារ​ជាមួយ​គ្នា»។

លោក Abrams បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា​ កូរ៉េខាងជើង​មិន​បាន​បាញ់​សាកល្បងនុយក្លេអ៊ែរ ​និង​កាំជ្រួញម៉ីស៊ីល៤៤០ថ្ងៃ​មក​ហើយ​ ចាប់តាំង​ពី​ថ្ងៃចុងក្រោយ​នៃ​ការ​បាញ់​សាកល្បង​របស់​ពួកគេ។ ភាពតានតឹង​នៅក្នុង​ឧបទ្វីបកូរ៉េ​មាន​សភាព​ធូរស្រាល​ជាង​មុន»៕

XS
SM
MD
LG