ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​រឹបអូស​ស្រោមដៃ​ក្រុមហ៊ុន​ម៉ាឡេស៊ី​​ដោយ​សារ​​ទាក់ទិន​នឹង​បញ្ហា​​ពលកម្ម​ដោយ​បង្ខំ


រូបឯកសារ៖ បុគ្គលិករោងចក្រស្រោមដៃ Top Glove កំពុងពិនិត្យមើលផលិតផលស្រោមដៃ នៅក្នុងរោងចក្រដែលស្ថិតនៅតំបន់ទីប្រជុំជន Shah Alam ជាយក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិករោងចក្រស្រោមដៃ Top Glove កំពុងពិនិត្យមើលផលិតផលស្រោមដៃ នៅក្នុងរោងចក្រដែលស្ថិតនៅតំបន់ទីប្រជុំជន Shah Alam ជាយក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។

សហរដ្ឋ​អាមេរិក​បាន​រឹបអូស​យក​ស្រោមដៃ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Top Glove Corp Bhd របស់​ម៉ាឡេស៊ី​ បន្ទាប់​ពីអាជ្ញាធរ​រក​ឃើញ​ផលិតផល​នេះ​ នៅ​ក្នុង​ទីក្រុង Kansas City ថ្វី​បើ​មាន​ការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​នេះ​ ដោយ​សារ​ក្រុមហ៊ុន​រង​ការ​ចោទប្រកាន់ពី​ការ​ប្រើ​ពលកម្មដោយ​បង្ខំ។ នេះ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​គយ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្នុង​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា មន្ត្រី​របស់​ខ្លួន​នៅ​កំពង់ផែ​ក្រុង Kansas City ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ បាន​រឹបអូស​យក​ស្រោម​ដៃ​ចំនួន ៤,៦៨​ លាន​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Top Glove។

នៅ​ក្នុង​ការឆ្លើយ​តប ក្រុមហ៊ុន Top Glove បាន​បញ្ជាក់​ថា ខ្លួន​បាន​ជូន​ដំណឹង​ទៅទីភ្នាក់ងារអាមេរិក​នេះ​ថា ​ខ្លួន​បាន​ដោះស្រាយ​បញ្ហា​ពលកម្ម​ដោយ​ការ​បង្ខំ​ទាំងអស់​នៅ​ក្រុមហ៊ុន​នោះ​រួច​ហើយ។

ក្រុមហ៊ុន Top Glove ជា​ក្រុមហ៊ុន​ផលិត​ស្រោម​ដៃ​ដ៏​ធំបង្អស់​របស់​ពិភពលោក ហើយមានតម្រូវការ​កើនឡើង​ខ្លាំងបណ្តាល​មកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ទីភ្នាក់ងារ​គយ​សហរដ្ឋ​អាមេរិក បាន​ហាមឃាត់​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន Top Glove កាលពី​ឆ្នាំ​ទៅ​ដោយ​បាន​បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ភស្តុតាង​គួរ​ឲ្យ​ជឿ​បាន​អំពី​ពលកម្ម​ដោយ​ការ​បង្ខំ។

ការ​រឹបអូសចុង​ក្រោយនេះ បង្ហាញ​ថា មាន​តម្រូវការ​ផលិតផល​ក្រុមហ៊ុន Top Glove ថ្វី​បើសហរដ្ឋ​អាមេរិក​បាន​ប្រកាស​ហាមឃាត់កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​ក៏ដោយ។

នេះ​ជា​ការ​រឹបអូស​យក​លើក​ទី ២ ​របស់​ក្រុមហ៊ុន Top Glove នៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ។ កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ទីភ្នាក់ងារ​គយ​សហរដ្ឋ​អាមេរិក បាន​រឹបអូស​យកស្រោម​ដៃ​ចំនួន​ ៣,៩៧ លាន ដែល​មាន​តម្លៃ​ជា​ប្រាក់​ ៥១៨.០០០ ​ដុល្លារ​អាមេរិក៕

XS
SM
MD
LG