ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃកៅស៊ូចំនួនជិត៤លាន ដែលមានតម្លៃជាង៥សែនដុល្លារពីក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ម៉ាឡេស៊ី លើហេតុផលថា ស្រោមដៃទាំងនេះ បានត្រូវធ្វើឡើងដោយពលកម្មបង្ខិតបង្ខំ។ នេះ តាមការបញ្ជាក់របស់ក្រសួងគយនិងការព្រំដែនសហរដ្ឋអាមេរិក។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា បានផ្សព្វផ្សាយការរកឃើញការប្រើពលកម្មដោយការបង្ខំ ដែលផ្អែកលើភស្តុតាងជាច្រើននៅក្នុងរោងចក្រផលិតស្រោមដៃវេជ្ជសាស្ត្រដ៏ធំបំផុតរបស់ពិភពលោក។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានបញ្ជាក់ថា ភស្តុតាងទាំងនោះ រួមមានការបង្ខំឲ្យធ្វើការដើម្បីសងបំណុល ធ្វើការហួសម៉ោងកំណត់ និងស្ថានភាពរស់នៅពិបាក ហើយនឹងការដកយកប័ណ្ណសម្គាល់ខ្លួន៕