រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងចាប់ផ្តើមដំណើរទស្សនកិច្ចមួយដែលត្រូវឆ្លងកាត់ប្រទេសចំនួន៣ នៅថ្ងៃព្រហស្បតិ៍នេះ។ ដំណើរទស្សនកិច្ចនេះនឹងរួមបញ្ចូលការចរចាជុំទី២ស្តីពីអនាគតនយោបាយនៅប្រទេសស៊ីរី និងការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅទីនោះ។
កិច្ចប្រជុំនៅក្នុងប្រទេសអូទ្រីស (Austria) ធ្វើឡើងបន្ទាប់ពីការចរចាបឋមៗកាលពីចុងខែតុលា អំពីភាពវឹកវរនយោបាយនៅក្នុងប្រទេសស៊ីរី។
ឧបរដ្ឋមន្រ្តីការបរទេសស៊ីរី លោក Faisal Mekdad និយាយថា ប្រទេសដែលពាក់ព័ន្ធនៅក្នុងការចរចានៅប្រទេសអូទ្រីសនោះគួរតែមានគោលដៅជាក់លាក់។
ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ដោយរួមទាំងតួកគីផងនិយាយថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad មិនអាចស្ថិតនៅក្នុងតំណែងបានទេ ខណៈដែលប្រទេសរុស្សី នៅតែបន្តជំទាស់ការផ្លាស់ប្តូរណាមួយនៅក្នុងថ្នាក់ដឹកនាំប្រទេសស៊ីរី។
កាលពីពេលថ្មីៗនេះ ប្រទេសរុស្សីបានប្រកាសមិនយល់ព្រមចំពោះផែនការរបស់អាមេរិកក្នុងការបញ្ជូនទ័ពថ្មើរជើងទៅកាន់ប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាមនោះទេ ដោយរុស្សីបានចោទប្រកាន់អាមេរិកថា បានបង្កើតសង្គ្រាមពីចម្ងាយជាមួយរុស្សី។
មុនពេលលោក Kerry ធ្វើដំណើរទៅប្រទេសអូទ្រីសដើម្បីដោះស្រាយស្ថានការណ៍នៅស៊ីរីនោះ លោកនឹងចុះចតនៅប្រទេសទុយនីស៊ី (Tunisia) សិនដែលនៅទីនោះ លោកនឹងជួបជាមួយមន្ត្រីនានាសម្រាប់កិច្ចប្រជុំយុទ្ធសាស្ត្រអាមេរិកនិងទុយនីស៊ី។
លោក Kerry នឹងបញ្ចប់ទស្សនកិច្ច៣ប្រទេសរបស់លោកនៅទីក្រុង Antalya ប្រទេសតួកគី ដែលនៅទីនោះ លោកនឹងចូលរួមជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សម្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេលើលោក ឬហៅថា G-20 នោះ៕